(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំសហការីចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតំបន់ទួលតាមុំ ស្ថិតនៅក្នុងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

នាឱកាសនោះ ក្រៅពីការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ លោក ហាក់ ម៉ុងហួត បានឱ្យដឹងថា ពេលកន្លងមកទីបញ្ជាការស្រាលប្រចាំស្រុកតាំងគោក បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់ សកម្មភាពបទល្មើសនេសាទខុសច្បាប់ ដែលបង្កឡើងដោយជនខិលខូចមួយចំនួនតូច ដែលមិនស្ដាប់តាមការអប់រំណែនាំរបស់មន្ត្រីជំនាញ ចុះផ្សព្វផ្សាយអប់រំតាមបណ្ដាហគមន៍នេសាទនៅគ្រប់មូលដ្ឋាន និងជារៀងរាល់ឆ្នាំ អំពីច្បាប់ស្ដីពីជលផល ពិសេសគឺការនេសាទដោយប្រើប្រាស់នូវឧបករណ៍ស្បៃមុង។

លោកអភិបាលស្រុក បានអំពាវនាវប្រជានេសាទទាំងអស់ សូមអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញឱ្យបានត្រឹមត្រូវចំពោះការនេសាទ និងសូមកុំប្រើឧបករណ៍ណាដែលច្បាប់ហាមឃាត់ និងសូមអនុវត្តទៅតាមការអប់រំណែ របស់មន្ត្រីជំនាញស្ដីពីជលផល។

សម្រាប់មន្ត្រីជំនាញជលផលចូលរួមសហការជាមួយរាល់បណ្ដាប្រជាពលរដ្ឋ អ្នកសារព័ត៌មាន មន្ត្រីរាជការ បានសហការ និងផ្ដល់ព័ត៌មានអំពីសកម្មភាពបទល្មើសនេសាទ នៅគ្រប់ពេលវេលា។

បន្ថែមពីនេះដែរក្រៅពីការអំពាវនាវកុំឱ្យមានការនេសាទដោយប្រើប្រាប់ឧបករណ៍ខុសច្បាប់, លោក ហាក់ ម៉ុងហួត បានបន្តរំលឹកដល់ប្រជាពលរដ្ឋ រួមគ្នាអនុវត្តតាមច្បាប់ពាក់ព័ន្ធនឹងដីធ្លី ដោយកុំនាំគ្នារំលោភបំពានលើដីតំបន់៣ ដែលច្បាប់ហាមឃាត់ នាំមានទោសទណ្ឌដល់ខ្លួនផងដែរ។

ជាមួយគ្នានេះ លោក​ ហាក់​ ម៉ុងហួត ក៏បានថ្លែងអំណរគុណទីបញ្ជាការស្រាលប្រចាំស្រុកតាំងគោក ដែលតែងចូលរួមសហការជាមួយមន្ត្រីជំនាញរដ្ឋបាលជលផល ក្នុងការចុះបង្ក្រាបនូវរាល់សកម្មភាព បទល្មើសនេសាទ ទាំងពេលកន្លងមក និងពេលបច្ចុប្បន្ននេះផងដែរ៕