(ព្រះវិហារ)៖ ក្រុមការងារបណ្តាញស្ត្រី នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមសហការពីប្រជាពលរដ្ឋ បានចុះសាងសង់ផ្ទះថ្មីជូនស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ ឆាំ ធាវ អាយុ៦៨ឆ្នាំ រស់នៅភូមិស្រែពោធិ៍ ឃុំគូលែនត្បូង ស្រុកគូលែន បន្ទាប់ពីផ្ទះចាស់របស់គាត់ បានរងគ្រោះដោយអគ្គិភ័យបណ្តាលឆេះទាំងស្រុង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយសារភ្លើងចង្ក្រាន។

លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ និងជាអនុប្រធានក្រុមការងារខេត្តចុះមូលដ្ឋានឃុំគូលែនត្បូង ស្រុកគូលែន បានថ្លែងថា ថ្ងៃនេះក្រុមការងារបណ្តាញស្ត្រី នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ដោយមានការ ចូលរួមពីប្រជាពលរដ្ឋ បានចុះជួយលើកផ្ទះថ្មីមួយខ្នង សាងសង់អំពីឈើ ប្រក់ស័ង្គសី ជូនលោកយាយវ័យចំណាស់ម្នាក់ ដែលផ្ទះចាស់របស់គាត់ត្រូវបានភ្លើងឆេះទាំងស្រុង កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។

លោកស្រីប្រធានមន្ទីរបានថ្លែងបញ្ជាក់បន្ថែមថា ការសាងសង់ផ្ទះថ្មី ជំនួសផ្ទះចាស់ ជូនលោកយាយវ័យចំណាស់នាពេលនេះ គឺតបតាមការសុំអង្វរដោយលើកម្រាមដៃ១០ពីលោកយាយ ដោយទឹកមុខក្រៀមក្រំ និងក្តីអស់សង្ឃឹម ដោយគាត់បានរៀបរាប់ប្រាប់លោកស្រីថា ផ្ទះដែលឆេះនេះគឺជាផ្ទះរបស់កូនគាត់ដែលកំពុងធ្វើការនៅឯប្រទេសថៃឯណោះ ដោយឡែកលោកយាយគ្រាន់តែរស់នៅចាំផ្ទះឱ្យកូន និងមើលចៅប៉ុណ្ណោះ ម្យ៉ាងទៀតគាត់ខ្លាច កូនត្រឡប់ មកស្រុកវិញស្តីបន្ទោសដល់រូបគាត់ ទើបធ្វើឱ្យគាត់មានការភិតភ័យ និងលើកដៃសំពះសុំលោកស្រីជួយគាត់ផង។

ដោយក្តីអាណិតអាសូរ លោកស្រី ហែម សុគុណពិសី បានសន្យាជាមួយលោកយាយថា នឹងសាងសង់ផ្ទះថ្មីជូនគាត់វិញ។ ថ្ងៃនេះបំណងប្រាថ្នារបស់លោកយាយបានសម្រេចហើយ ដោយក្រុមការងារបណ្តាញស្ត្រីនៃមន្ទីរព័ត៌មានខេត្ត ដោយមានការរួមចំណែកពីប្រជាពលរដ្ឋរស់នៅជិតខាង បានជួយសាងសង់ផ្ទះថ្មីជូនលោកយាយ ដែលធ្វើឱ្យលោកយាយសប្បាយចិត្តស្ទើរហើបជើងផុតពីដី រកពាក្យអ្វីមកថ្លែងពុំបាន ក្រៅពីលើកដៃសំពះអរគុណ។

លោកស្រី ហែម សុគុណពិសី បានថ្លែងអំណរគុណដល់កម្លាំងប្រជាពលរដ្ឋ និងសប្បុរសជនជិតឆ្ងាយ ដែលបានចូលរួមចំណែកជាកម្លាំងកាយចិត្ត ថវិកា ក្នុងការសាងសង់ផ្ទះថ្មីជូនលោក ដែលក្នុងនោះលោកស្រីបានចូលរួមថវិកា ចំនួន១លានរៀល លោកស្រី ស៊ាន សុគីន ថវិកាចំនួន២០០.០០០រៀល និងលោក ង៉ាង សេងឡុង អ្នកសារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ ថវិកាចំនួន២០០.០០០រៀល ដើម្បីចូលរួមបដិភាគ ក្នុងការសាងសង់ផ្ទះ ជាមួយក្រុមការងារឃុំគូលែនត្បូង៕