(តាកែវ)៖ អភិបាលរងខេត្តតាកែវលោក ម៉ឹង វុធី បានជំរុញ និងលើកទឹកចិត្តសិស្សានុសិស្សសាលាបឋមសិក្សា ត្រូវបន្តការខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីក្លាយជាធនធានមនុស្ស ពោរពេញដោយចំណេះដឹង សម្រាប់ជួយគ្រួសារ ជួយប្រទេសជាតិឲ្យមានការអភិវឌ្ឍន៍រីកចម្រើនក្រោមដំបូលសន្ដិភាព។
ថ្លែងក្នុងឱកាសពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់ជ័យលាភី សិស្សពូកែ (បឋមសិក្សា) ទូទាំងឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ចំនួន៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោក ម៉ឹង វុធី បានថ្លែងថា ការខិតខំប្រឹងប្រែងរៀនសូត្រ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខ្លួនឯង ក៏ដូចជាគ្រួសារ និងសង្គមជាតិ ព្រោះបច្ចុប្បន្ននេះប្រទេសជាតិកំពុងត្រូវការអ្នកមានចំណេះដឹងខ្លាំងពូកែ ដូច្នេះចាប់ពីពេលនេះទៅក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ និងមិត្តល្អ និងណែនាំមិត្តភ័ក្រ្តប្រឹងប្រែងរៀនសូត្រ ទើបអាចធ្វើឲ្យអនាគតយើងល្អប្រសើរ និងធ្វើឲ្យប្រទេសជាតិរបស់យើងសម្បូរដោយធនធានមនុស្សមានចំណេះដឹង ជួយកសាងសង្គមជាតិឲ្យមានការរីកចម្រើន និងមានការអភិវឌ្ឍន៍បានគ្រប់វិស័យ។
អភិបាលរងខេត្តតាកែវ បានថ្លែងបន្តថា ដោយទទួលបានការអនុញ្ញាតពីលោកបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ និងលោក វ៉ី សំណាង អភិបាលខេត្ត, លោកបានចុះមកសំណេះសំណាល និងនាំយករង្វាន់លើកទឹកចិត្តដល់សិស្សពូកែប្រចាំកម្រងសំណាបទាំង៣២នាក់ ដើម្បីជាការលើកទឹកចិត្តក្មួយៗសិស្សានុសិស្សឲ្យខិតខំរៀនសូត្រ និងអាណាព្យាបាលដែលបានបញ្ជូនកូនចៅទៅសាលាឲ្យបានគ្រប់ៗគ្នា ព្រមទាំងលោកគ្រូអ្នកគ្រូបន្តជួយខិតខំបណ្តុះបណ្តាលបង្ហាត់បង្រៀនសិស្សានុសិស្សឲ្យមានចំណេះដឹង និងសមត្ថភាព។
ក្នុងឱកាសនោះលោក ម៉ឹង វុធី រួមនឹងសហការី ក៏បានប្រគល់រង្វាន់ដល់សិស្សពូកែទាំង៣២នាក់ ក្នុងម្នាក់ៗទទួលបានកាតាប១ សៀវភៅ៥ក្បាល ប៊ិច៥ដើម ខ្មៅដៃ៥ដើម និងបន្ទាត់១។
ជាមួយគ្នានោះ លោកបានឧបត្ថម្ភសាលារៀនទាំង៤ ក្នុងឃុំញ៉ែងញ៉ង ក្នុងមួយសាលាថវិកា ១០ម៉ឺនរៀល ឧបត្ថម្ភដល់សាលាឃុំ ២០ម៉ឺនរៀល និងភូមិទាំង១១ ក្នុងមួយភូមិ ១០ម៉ឺនរៀល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ និងបាននាំយកគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ៥០គីឡូក្រាម ខ្ទឹមស ខ្ទឹមបារាំង ប្រេងឆា និងបច្ច័យ ១០ ម៉ឺនរៀល ប្រគេនព្រះសង្ឃគង់នៅវត្តសំណាបផងដែរ ដែលសរុបថវិកាទាំងអស់ចំនួន ៤លាន ៨៧ម៉ឺន ៧ពាន់រៀល៕