(កំពង់ឆ្នាំង)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង គ្រោងរៀបចំទទួលទេវតាឆ្នាំថ្មីនៅសាលាខេត្ត ដោយមានថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះ សាលាខេត្តអញ្ជើញចូលរួមថ្វាយគ្រឿងសក្ការៈទទួលទេវតាឆ្នាំថ្មី ដែលនឹងយាងមកដល់នៅវេលាម៉ោង ៤៖៤៨នាទីព្រឹកថ្ងៃទី១៤ ខែមេសា។
ជាមួយគ្នានេះ រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានណែនាំឱ្យអាជ្ញាធរនៅគ្រប់មូលដ្ឋាន ត្រូវដឹកនាំប្រជាពលរដ្ឋលេងល្បែងប្រជាប្រិយ៍ប្រពៃណីជាតិ នៅតាមបណ្ដាពីវត្តអារាម សហគមន៍ និងតាមទីកំសាន្តសាធារណៈផ្សេងៗ ឲ្យបានកុះករ។
ដោយឡែកក្រុងកំពង់ឆ្នាំង រដ្ឋបាលខេត្ត បានរៀបចំទីតាំងលេងកំសាន្តចំនួន៤ទីតាំងរួមមាន៖
*ទី១៖ នៅសួនវិមានឯករាជ្យ
*ទី២៖ សួនសម្ដេចចៅហ្វាវាំង គង់ សំអុល
*ទី៣៖ សួនបាញ់ទឹកលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន
*ទី៤៖ តំបន់ត្រជាក់ផ្លូវទៅមាត់ទន្លេផ្សារក្រោម។
ទាំង៤ទីតាំងខាងលើនេះ ត្រូវបានរៀបចំតុបតែងលម្អរំលេចទៅដោយភ្លើងពណ៌ចម្រុះគ្រប់ពណ៌ តុបតែងផ្កាភ្ញី ចងទង់ជាតិទាំងផ្លាកស្វាគមន៍ របស់ខេត្តកំពង់ឆ្នាំង និងគ្រឿងលម្អផ្សេងៗជាច្រើនទៀតប្រកបដោយសោភ័ណ ភាពជាទីមនោរម្យ។
ចំពោះសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន, រដ្ឋបាលខេត្តក៏បានរៀបចំ និងដាក់ចេញផែនការការពារសន្តិសុខដល់កងកម្លាំងប្រ ដាប់អាវុធទាំង៣ប្រភេទ ត្រៀមក្នុងការចេញការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋរយៈពេល៣ថ្ងៃនេះ និងទទួលបានប្រសិទ្ធភាពខ្ពស់ផងដែរ។
ទន្ទឹមនឹងនេះក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន សិស្សានុសិស្ស មន្ត្រីរាជការ សូមចូលរួមលេងកម្សាន្តនៅល្បែងប្រជាប្រិយ៍ខ្មែរអោយបានគ្រប់មូលដ្ឋាន ពិសេសត្រូវត្រៀមអបអរសាទរទទួល ទេវតាឆ្នាំថ្មី គឺទេពធិតា របស់កបិលមហាព្រហ្ម ព្រះនាម គោរាគៈទេវី និងយាងចុះមកឋានមនុស្សលោកដើម្បីនាំជោគជ័យសិរីសួស្ដីនៅវេលាម៉ោង ៤៖៤៨នាទីព្រឹកថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។
ព្រះធិតាគង់លើចតុមហារាជកាណ៍ ទ្រង់អម្ពរពណ៌លឿង លម្អនូវព្រះកាណ៍ ដោយសៀតផ្កាអង្គារបុស្ស អភាណៈកែវមុត្តា (គុជខ្យង) ភក្សាហាសោយតេលំ (ប្រេងល្ង ឬ ប្រេងសណ្ដែក) ព្រះហត្ថស្តាំទ្រង់ព្រះខ័ន ព្រះហត្ថឆ្វេងទ្រង់ឈើច្រត់ គង់ផ្ទុំបិទព្រះនេត្រ លើខ្នងស្ដេចវ្យាគ្រៈ ស្ដេចខ្លាជាយាន ពាហនៈ៕