(សៀមរាប)៖ សហភាពសហគមន៍កសិកម្មកំពង់ធំតេជៈមានជ័យ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានរៀបចំសន្និបាតប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥របស់ខ្លួន ​ នៅសណ្ឋាគារសុខាល័យអង្គរខេត្តសៀមរាប។

ពិធីនេះក្រោមវត្តមានរបស់លោក ខោល ម៉ានី ប្រធានការយាល័យសាវនកម្មសហគមន៍កសិកម្ម នៃនាយកដ្ឋាន អភិវឌ្ឍន៍សហគមន៍កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុម ប្រឹក្សាភិបាល នៃសហភាពសហគមន៍កសិកម្មកំពង់ធំតេជៈមានជ័យ ដោយមានការចូលរួមពីលោក លោកស្រី ជាអាជ្ញាធរមូលដ្ឋានក្រុង ស្រុក ខេត្តសៀមរាប កំពង់ធំ និងដៃគូរជាតិ អន្តរជាតិ ព្រមទាំងសមាជិក សមាជិកាសហភាព សហគមន៍កសិកម្មកំពង់ធំតេជៈមានជ័យ និងអ្នកពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។

យោងតាមការធ្វើបទបង្ហាញអំពីរបាយការណ៍សកម្មភាពសង្ខេប ដែលសហគមន៍កសិកម្មសម្រេចបានក្នុងឆ្នាំ ២០២៤ ព្រមទាំងផែនការអាជីវកម្ម និងមុខរបររបស់សហគមន៍ មានទិញ-លក់បន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ទីផ្សារតាម កិច្ចសន្យា លក់ធាតុចូលកសិកម្ម (ជី ថ្នាំ ពូជ អង្ករ) និងការធ្វើឥណទានសាច់ប្រាក់ (ឥណទានកសិកម្ម)។ សម្រាប់ផែនការក្នុងឆ្នាំ២០២៥នេះ សហគមន៍គ្រោងថវិកាបន្តអាជីវកម្មរបស់ខ្លួន និងស្វែងរកដៃគូរទីផ្សារជូនដល់កសិករផងដែរ។

ក្នុងឱកាសនោះ លោក ខោល ម៉ានី បានលើកឡើងថា មហាសន្និបាតនាថ្ងៃនេះ ជាឱកាសដ៏មានតម្លៃសម្រាប់កសិករមកពី ២៥ សហគមន៍នៃខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីបង្ហាញលទ្ធផលការងារលើវិស័យកសិកម្ម ជាពិសេស ភាពខ្លាំងក្នុងការអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យាស្ដីពីការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ ដែលសម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅ ផែនការការងារសម្រាប់ឆ្នាំ២០២៥។

លោកបានបន្តថា សូមអង្គសន្និបាតទាំងមូល ត្រូវផ្តោតទៅលើការងារផ្គត់ផ្គង់ទៅកសិកម្ម និងការប្រើប្រាស់សេវាកម្មរួមគ្នា និងពាក់ព័ន្ធទៅនឹងធនធានចូលទៅកសិកម្ម។ សហភាពសហគមន៍ដែលរឹងមាំទៅបាន គឺអាស្រ័យដោយគណៈកម្មការគ្រប់គ្រងផងដែរ។ លោកបន្តថា នៅពេលនេះ សហភាពសហគមន៍នៅមិនទាន់មានចំណូល និងចំណាយក៏ពិតមែន ក៏គណៈកម្មការ បានធ្វើការគាំទ្រសហគមន៍ផងដែរ។ ម៉្យាងទៀគណៈកម្មការ ក៏ត្រូវពឹងផ្អែកទៅលើបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ដើមី្បធានាបាននូវគុណភាពនៃការដឹកនាំសហគមន៍។

លោក ខោល ម៉ានី បញ្ជាក់ថា ចំពោះមុខរបរសំខាន់ៗរបស់សហគមន៍កសិកម្ម មានមុខរបរ ឥណទានកសិកម្មខ្នាតតូច ទីផ្សារទិញលក់ កសិផលមាន ស្រូវ ដំឡូងមី និងស្វាយចន្ទី ព្រមទាំងមុខរបរសេវាកម្ម ដូចជា៖ ត្រាក់ទ័រភ្ជួរដី ម៉ាស៊ីនច្រូតស្រូវ ម៉ាស៊ីនបោកស្រូវ និងមុខរបរកិនស្រូវ លក់អង្ករ កែច្នៃគ្រាប់ចន្ទី និងមុខរបរផ្គត់ផ្គង់ទឹកស្អាតដល់សមាជិក ជាដើម។

លោកឧកញ៉ា ហង់ សុគន្ធ បានលើកឡើងថា សហភាពសហគមន៍កសិកម្ម កំពង់ធំតេជៈមានជ័យ បានបង្កើតឡើងរយៈពេល៣ឆ្នាំមកហើយ ថ្ងៃនេះបងប្អូនកសិករដែលបានចូលរួម ការបង្ហាញនូវឆន្ទះដ៏ថ្លៃថ្លា ការបំពេញភាកិច្ច ជាមួយសហភាពសហគមន៍កំពង់ធំតេជៈមានជ័យ ដោយមានទឹកចិត្តចេញពីបេះដូង។

លោកឧកញ៉ា បានបន្តថា ការបង្កើតសហភាពសហគមន៍កំពង់ធំតេជៈមានជ័យនេះ ដោយមានការចូលរួមពីសហគមន៍ផលិតស្រូវ ២៥សហគមន៍ ហើយកិច្ចការនេះ បានដំណើរការទៅបានដោយរលូនដែលធ្វើឲ្យសហភាពសហគមន៍ បានបោះជំហាននឹងទៅបង្កើតជាសហភាពស្រូវអង្ករកម្ពុជា។ លោកឧកញ៉ាបន្តថា នៅពេលបង្កើតបានហេដ្ឋារចនាសម្ព័ន្ធ ភាពចាំបាច់ គឺត្រូវមានកិច្ចសន្យាផលិតកម្ម ដើមី្បភាពជោគជ័យលើវិស័យសហគមន៍ វិស័យកសិករ កត្តាសំខាន់នោះ គឺលើកិច្ចសន្យាផលិតកម្ម។

លោកឧកញ៉ាបន្ថែមថា បច្ចុប្បន្នរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម បានបង្កើតសហគមន៍ទំនើប ព្រមទាំងឲ្យមានកសិកម្ម ឃុំ សង្កាត់ ដើមី្បបង្កើនតម្លៃលក់ឲ្យបានខ្ពស់ក្នុងការកាត់បន្ថយថ្លៃដើម ទើបធ្វើឲ្យសហគមន៍មានការរីកចម្រើន។ ក្នុងករណីនេះដែរ ការកាត់បន្ថយថ្លៃដើមដែលពាក់ព័ន្ធធាតុចូលកសិកម្ម មាន(ជី ថ្នាំ ពូជ)ជាដើម។ លោកឧកញ៉ាបន្តថា ដើមី្បភាពជោគជ័យ យើងរួមគ្នាបង្កើតផលិតកម្មរួម ដែលមានការចូលរួមពីសហគ្រាសជាតិ និងអន្តរជាតិជាដៃគូរ ព្រមទាំងរួមគ្នាធ្វើ រួមគ្នាគិត ធ្វើឲ្យសហគមន៍នីមួយៗដំណើរការទៅបានល្អប្រសើរ។

លោកឧកញ៉ាក៏បានផ្ដាំផ្ញើដល់សហភាពសហគមន៍នៃខេត្តទាំងពីរ ត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់ខ្លួនឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាសម្រេចឲ្យបាននូវផែនការអាជីវកម្មរបស់ខ្លួនឲ្យរឹងមាំ ប្រកបដោយតម្លាភាព គណនេយ្យភាព និងមានការចូលរួមពីសមាជិកទាំងអស់ ដើម្បីរួមចំណែក ក្នុងការដោះស្រាយបញ្ហាប្រឈមលើផលិតភាព គុណភាព សុវត្ថិភាព និងបញ្ហាទីផ្សារ៕