(ព្រៃវែង)៖ កសិករចិញ្ចឹមត្រីចំនួន៩៧គ្រួសារ នៅខេត្តព្រៃវែង បានប្រមូលផលវារីវប្បកម្មសរុប១១០តោន គិតជាទឹកប្រាក់សរុប ៥៦៩ ៨០០ ០០០ រៀល បើប្រៀបធៀបនឹងតម្លៃត្រីកាលពីឆ្នាំទៅ គឺឆ្នាំនេះមានតម្លៃល្អប្រសើរជាង។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានឲ្យភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ថា កសិករចិញ្ចឹមត្រីនៅខេត្តព្រៃវែងនៅឆ្នាំនេះប្រមូលផលបាន១១០តោន ហើយតម្លៃវិញក៏ល្អជាងឆ្នាំកន្លងទៅដែរដោយ១គីឡូក្រាមត្រីប្រា បាន៤៥០០ ទៅ ៤៨០០រៀល។ ដោយឡែកកាលពីឆ្នាំទៅ ១គីឡូក្រាមត្រីប្រាបានតែ ៤០០០ទៅ ៤២០០រៀលប៉ុណ្ណោះ សម្រាប់ទីផ្សារវិញ គឺនាំទៅលក់នៅភ្នំពេញ និងខេត្តកំពង់ចាម។

លោកបានបន្ថែមថា កសិករចិញ្ចឹមត្រីមាននៅស្រុកពាមរក៍ ស្រុកពារាំង ស្រុកពាមជរ ស្រុកស្វាយអន្ទរ ហើយចំពោះការប្រមូលផលវិញមានរយៈពេលពី ៦ទៅ ៨ខែទើបបានលក់ចេញ ក្នុងនោះតម្លៃដើម៤០០០រៀល បើលក់ចេញ បាន៤៥០០ទៅ៤៨០០រៀល ហើយប្រភេទត្រីខ្លះអាចលក់បានជាង ៥០០០រៀលឯណោះ ដែលធ្វើឲ្យកសិករជាអ្នកប្រកបរបរចិញ្ចឹមត្រីបានចំណេញគួរសមដែរ។

ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានមន្ទីរតែងតែណែនាំដល់មន្ត្រីជលផលឲ្យចុះផ្សព្វផ្សាយអំពីបច្ចេកទេស នៃការចិញ្ចឹមត្រីទទួលបានទិន្នផលខ្ពស់ព្រមទាំងផ្ដល់ ឱកាសឱ្យកសិករបានចុះទៅ ទទួលបានការបណ្ដុះបណ្ដាល ជាមួយអង្គការផ្សេងៗពីវិស័យវារីវប្បកម្មធ្វើឱ្យប្រជាកសិករមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការទទួលជោគជ័យលើការចិញ្ចឹមត្រី ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។

ជាមួយគ្នានេះ បើតាមមន្ត្រីរដ្ឋបាលជលផលខេត្តព្រៃវែង បានឲ្យដឹងថា មានកសិករចិញ្ចឹមត្រីចំនួន៩៧គ្រួសារ បានប្រមូលផលវារីវប្បកម្មមាន ត្រីទីឡាព្យា ១,៤០តោន ត្រីកាបសាមញ្ញ ០,៩០តោន ត្រីកាបកាបស ០,៧០តោន ត្រីកាបឥណ្ឌា ១,១០តោន ត្រីអណ្ដែង ៦,២០តោន ត្រីឆ្ពិន ២,៨០តោន ត្រីប្រា ៩០,៤០តោន ត្រីពោ ២,៨តោន ត្រីរ៉ស់ ១,៥០តោន ត្រីកាហែ ០,៥០តោន បង្កងអូស្ត្រាលី ០,១០តោន ត្រីក្រាញ់ ១,៦០តោន។

បរិមាណផលវារីវប្បកម្មសរុប ១១០តោន (តម្លៃផលវារីវប្បកម្មមធ្យម ៥ ១៨០រៀលក្នុង១គីឡូក្រាម) ស្មើនឹងថ្លៃសរុប ៥៦៩ ៨០០ ០០០ រៀល ស្មើនឹង ១៤០ ៦៩១,៣៦ដុល្លារ៕