(កំពង់ធំ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខា​ធិការ និងជាអ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាសក្ខីភាព​ក្នុងពិធី​ចុះហត្ថលេខា​លើកិច្ច​សន្យា​ស្តីពី «ការផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី» រវាងសហគមន៍កសិកម្ម​ទំនើបចំនួន៣រួមគ្នា ជាមួយ​នឹង​ក្រុមហ៊ុន MIRARTH នៅក្នុង​ខេត្តកំពង់ធំ។

សម្រាប់សហគមន៍កសិកម្មទំនើបទាំង៣នោះ រួមមាន៖ (សហគមន៍​កសិកម្ម​ទំនើបប្រាសាទ​សំបូរ​រុងរឿង សហគមន៍កសិកម្មទំនើបសាលា​វិស័យកំពង់ធំ និង​សហគមន៍​​កសិកម្ម​​ទំនើបទំរីងកំពង់ធំ)។ ពិធីនេះ ក៏មានការចូលរួមពីសំណាក់នាយកដ្ឋាន​កសិ​ឧស្សាហកម្ម, នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តកំពង់ធំផងដែរ។

នៅចំពោះមុខអង្គពិធីចុះហត្ថលេខានោះ លោក ឃឹម ហ្វីណង់ បាន​គូសបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាសម្រាប់សហគមន៍ ដើម្បីការពារសមាជិកទាំងអស់ពីហានិភ័យ​ទីផ្សារ នៃ​ការ​ប្រែប្រួលថ្លៃលើសពីការរំពឹងទុក។

លោកក៏បាន​ណែនាំ​​ឱ្យនាយកដ្ឋានកសិឧស្សាហកម្ម និងសហគមន៍ផ្ទាល់ បន្តចុះកិច្ច​សន្យា​លក់គ្រាប់ស្វាយចន្ទីបន្ថែមទៀត រហូតដល់ចប់រដូវប្រមូលផល ព្រម​ទាំង​​​ពិចារណាស្តុកទុកក្នុងកម្រិតណាមួយ សម្រាប់ការលក់ជា​គ្រាប់ស្ងួត​ផង​ដែរ។ លោក បានបន្តថា បន្ថែមពីនោះសម្រាប់រដូវកាលបន្ទាប់ សហគមន៍គួរត្រៀមធ្វើ​កិច្ច​សន្យា​ជាមួយក្រុមហ៊ុនទទួលទិញពីដើមរដូវទុកឱ្យហើយ​ទើប​ជាការ​ប្រសើរ។

សូមបញ្ជាក់ថា កិច្ចសន្យានេះមានទំហំគិតជាទឹកប្រាក់ចំនួនប្រមាណ ៦៥ម៉ឺនដុល្លារ សម្រាប់ការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី៤០០តោន ហើយនេះ​គឺជា​លើក​ទីមួយហើយ ដែលសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំ​ស្វាយ​ចន្ទីទាំង៣ បានសហការគ្នាលក់គ្រាប់ស្វាយចន្ទី តាមរយៈការចុះ​កិច្ចសន្យាទុកជាមុនច្បាស់លាស់ក្នុងតម្លៃថេរមួយ សម្រាប់រដូវកាល​ប្រមូល​ផលដំបូងរបស់ខ្លួន។

តាមការព្យាករណ៍ បរិមាណគ្រាប់ស្វាយចន្ទី​ដែល​បានចុះកិច្ចសន្យានេះ មានចំនួនប្រហាក់ប្រហែល​នឹង២០%នៃ​បរិមាណ​ផលសរុបដែលសហគមន៍ទាំង៣គ្រោង​នឹងផលិត​បាន​ក្នុង​ឆ្នាំ២០២៥នេះ៕