(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ពីភាពប្តូរផ្តាច់នៃការរក្សាសន្តិភាព និងបានប្រៀបធៀបសន្តិភាព ទៅនឹងខ្យល់ ដែលជួយរក្សាជីវិតមនុស្សលើភពផែនដី។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយលើបញ្ហានេះ៖

នៅក្នុងសុន្ទរកថាដ៏មានអានុភាព និងជានិមិត្តរូបដ៏ជ្រាលជ្រៅរបស់កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រៀបធៀបសន្តិភាពទៅនឹងខ្យល់ ដែលជាកម្លាំងដ៏សំខាន់បំផុត ជួយទ្រទ្រង់ជីវិតមនុស្សលើភពផែនដី បើទោះបីជាគេមិនអាចមើលឃើញដោយផ្ទាល់ភ្នែកក៏ដោយ។ បើសិនជាខ្យល់គ្មានវត្ដមាននៅលើភពផែនដីនេះទេ ជីវិតទាំងអស់នឹងត្រូវស្លាប់ជាមិនខានឡើយ, ហើយបើសិនជាគ្មានវត្តមាននៃសន្តិភាពនោះទេ ភាពរស់សុខសាន្តរបស់ប្រជាជននៅក្នុងប្រទេសនោះ ក៏មិនអាចកើតឡើងបានដែរ។

សម្តេចបវរធិបតី ក្នុងឱកាសសម្ពោធដាក់ប្រើប្រាស់អគារជាច្រើនក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានថ្លែងអំពាវនាវពលរដ្ឋខ្មែរ ត្រូវចូលរួមរក្សាទ្រទ្រង់សន្តិភាពមិនត្រូវឱ្យរបូតចេញពីកម្ពុជាវិញឡើយ៖ «សន្តិភាពដូចខ្យល់…«ខ្យល់» យើងមើលជុំវិញអត់ឃើញទេ…យើងគិតថាអត់តម្លៃទេ…យើងងាកមើលថា «អា៥៧០នោះ» ថ្លៃប៉ុណ្ណេះ…ប៉ុន្តែខ្យល់នោះណា អត់មាន…គឺថា Free តែមានតម្លៃមហិមា…ដកពឹប គឺចប់តែម្តង។ អញ្ចឹងខ្យល់មានតម្លៃ ពេល ដែលវាបាត់…សន្តិភាពមានតម្លៃ, កាន់តែមានតម្លៃគ្រប់ពេលទាំងអស់ តែអ្នកខ្លះ ទាល់តែវាបាត់បានយើងចាប់អារម្មណ៍»

ប្រសាសន៍ប្រៀបធៀបនេះ គឺបានបង្ហាញនូវសារៈសំខាន់យ៉ាងជ្រាលជ្រៅនៃសន្តិភាពនៅកម្ពុជា ដែលជាប្រទេសមួយ ធ្លាប់បានឆ្លងកាត់សោកនាដកម្មសង្គ្រាម និងរបបប្រល័យពូជសាសន៍អស់រយៈពេលជិត៣០ឆ្នាំ ទម្រាំទទួលបានសន្តិភាពពិតប្រាកដមកវិញក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ សន្តិភាពមិនមែនមានតម្លៃត្រឹមតែរារាំងការឈ្លោះប្រកែកគ្នាប៉ុណ្ណោះទេ, សន្តិភាពក៏ជាដង្ហើមដែលទ្រទ្រង់ជាតិផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ខណៈកម្ពុជាបច្ចុប្បន្ន មានសុខសន្តិភាពរយៈពេល២៦ឆ្នាំរួចមកនេះ ជាមួយនឹងប្រទេសជាតិ កំពុងទទួលបាននូវភាពរីកចំរើនមិនឈប់ឈរនេះ ស្រាប់តែមានពួកក្រុមជ្រុលនិយមដែលមានមូលដ្ឋាននៅបរទេស បានចាប់ផ្តើមយុទ្ធនាការញុះញង់ ប៉ុនប៉ងបង្កភាពបែកបាក់ក្នុងរង្វង់ជាតិខ្មែរ ក្នុងគោលបំណងចង់ទាញប្រទេសឱ្យធ្លាក់ចូលក្នុងជម្លោះសាឡើងវិញ។ ដោយបន្លំខ្លួននៅក្រោមវោហារសាស្ត្រស្នេហាជាតិ និងជាតិនិយម ក្រុមជ្រុលនិយមទាំងនេះ បានប្រឌិតនូវរឿងបរទេសឈ្លានពានទឹកដី ហើយចោទប្រកាន់យ៉ាងបំពានដាក់មកលើរដ្ឋាភិបាលកម្ពុជាថា មិនបានការពារអធិបតេយ្យភាពជាតិនៅតាមព្រំដែន ដូចជារឿងនៅតំបន់កោះគុត និងតំបន់ប្រាសាទបុរាណក្បែរព្រំដែនថៃជាដើម។

សម្តេចបវរធិបតី ក្នុងឱកាសសម្ពោធ ដាក់ប្រើប្រាស់អគារជាច្រើនក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែន វាលរេញ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានថ្លែងបង្ហាញថា បើមានសង្គ្រាម គឺប្រទេសមិនបានសុខសាន្តឡើយ។ សម្តេចបវរធិបតី បានផ្តល់និយមន័យរបស់សង្គ្រាម៖ «ថ្ងៃមុនខ្ញុំមើលពាក្យស្លោកមួយ «សង្គ្រាមគឺជាទីលាន, ទីកន្លែងដែលក្មេងៗយុវជន អត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នា ប៉ុន្តែសម្លាប់គ្នា»។ តើសម្លាប់គ្នាដោយសារអ្វី? ដោយសារការសម្រេចចិត្តរបស់អ្នកនយោបាយចាស់ទុំ ដែលស្គាល់គ្នា ហើយស្អប់គ្នា។ អញ្ចឹងសម្រេចចិត្ត បង្កើតសង្គ្រាមទៅ…ប៉ុន្តែអ្នកនយោបាយចាស់ៗនោះ គាត់អត់សម្លាប់គ្នាទេ…គាត់បញ្ជួនក្មេងៗ មិនដែលស្គាល់គ្នា…មិនដែលស្អប់គ្នា ឱ្យសម្លាប់គ្នា។ នេះគឺជាធាតុពិតនៃសង្គ្រាម»

កម្ពុជាធ្លាប់ឆ្លងកាត់អតីតសង្គ្រាមជិត៣ទសវត្សរ៍ ដែលដើមចមនៃការបង្កើតសង្គ្រាមនោះ គឺដោយសារតែសម្តីចាក់ដោតដ៏ពិសពុលរបស់អ្នកនយោបាយដែលនិយាយគ្មានការពិត អ្វីទាល់តែសោះឡើយ។ ក្រុមជ្រុលនិយមនាពេលនេះ បានប្រើប្រាស់វិធីនិយាយកុហកគ្មានការពិត ក្នុងបំណងចង់បង្កើតឈ្នួនផ្ទុះសង្គ្រាមសាជាថ្មី។

សម្តីដែលចោទដាក់មកលើរដ្ឋាភិបាលកម្ពុជាថា មិនបានការពារអធិបតេយ្យភាពជាតិនៅ តាមបណ្តោយព្រំដែន គឺតាមពិតជាសម្តីបង្កភាពញុះញង់។ បក្សពួកក្រុមជ្រុលនិយមនៅក្រៅប្រទេសទាំងនោះ មិនដែលទទួលស្គាល់នូវកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យប្រទេសអស់សង្គ្រាម និងមានការអភិវឌ្ឍដូចបច្ចុប្បន្នឡើយ។ អ្វីដែលពួកក្រុមជ្រុលនិយម បានធ្វើ គឺមានតែការបង្កើតព័ត៌មានមិនពិត, ការស្វែងរកការកេងចំណេញពីភាពរសើបនៃប្រវត្តិសាស្ត្ររបស់ជាតិ ក្នុងបំណងបញ្ឆេះកំហឹងសាធារណៈ និងញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា ពីព្រោះពួកគេគិតថា បើកម្ពុជាមានសង្គ្រាមជាមួយនឹងប្រទេសជិតខាង «សន្តិភាព» ដែលកម្ពុជារកបានយ៉ាងលំបាកក្រោមនយោបាយឈ្នះឈ្នះ ចាប់តាំងពីចុងឆ្នាំ១៩៩៨មកនោះ នឹងអាចត្រូវឃ្លាតចេញពីកម្ពុជាវិញ។

សម្តេចបវរធិបតី បានថ្លែងថា បើសិនជាមានករណីវិវាទណាមួយជាមួយប្រទេសជិតខាងគេ នឹងមិនប្រើប្រាស់សង្គ្រាមក្នុងការដោះស្រាយបញ្ហាឡើយ និងសង្គ្រាមមិនមែនជាល្បែងកំសាន្តឡើយ ពីព្រោះសង្គ្រាម គឺជាសោកនាដកម្មដែលសម្លាប់ទាហាន និងជនស៊ីវិល៖ «ការសម្រេចចិត្តកត្តានយោបាយ ធំណាស់ ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យើងប្រកាន់ជំហរខិតខំដោះស្រាយដោយសន្តិវិធី, ការពារម៉ឺងម៉ាត់អធិបតេយ្យភាពរបស់យើង, ប្រើប្រាស់ឱ្យអស់លទ្ធភាពនូវវិធានការច្បាប់ និងវិធានការបច្ចេកទេសទាំងអស់ ដើម្បីចៀសផុតនូវការកាប់សម្លាប់គ្នាដោយមិនចាំបាច់ តែយើងនៅត្រៀមលក្ខណៈដើម្បីការពារទឹកដីរបស់យើង រួមទាំងមធ្យោបាយយោធាបើសិនជាមានការរំលោភបំពានបែបនោះ។ ដោយសារអញ្ចឹង សម្រេចចិត្តវាយគ្នាតែមួយភ្លែតទេដោយអ្នកនយោបាយ ប៉ុន្តែស្លាប់ទាហានយើង, ស្លាប់យុវជនក្មេងៗដែលមិនដឹងរឿង, អត់ដែលស្អប់គ្នា (ប៉ុន្តែ) លើកកាំភ្លើងទៅបាញ់គ្នា។ នេះគឺជាធាតុពិតនៃសង្គ្រាម»

ភាពដាច់ខាតប្រឆាំងសង្គ្រាម និងភាពប្តូរផ្តាច់ក្នុងការថែរក្សាសន្តិភាពក្រោមម្លប់នយោបាយឈ្នះឈ្នះ បានធ្វើឱ្យរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានឱកាសកសាងប្រទេសរីកចម្រើនយ៉ាងលឿនគួរឱ្យកត់សម្គាល់។

ពលរដ្ឋខ្មែរ បច្ចុប្បន្នបានយល់ដឹងច្បាស់លាស់អំពីគ្រោះថ្នាក់នៃសង្គ្រាម និងកាន់តែយល់ដឹងនូវតម្លៃសន្តិភាព ពីព្រោះប្រវត្តិសាស្ត្ររបស់ខ្មែរ បានប្រាប់យុវជនខ្មែរជំនាន់ក្រោយថា សង្គ្រាមដែលកម្ពុជាបានឆ្លងកាត់ជិត៣០ឆ្នាំនាអតីតកាលរួចមកនោះ បានកប់សាកសពបុព្វបុរសជាដូនតាខ្មែររបស់គេជាច្រើនលាននាក់រួចមកហើយ, កម្ពុជាក្នុងអតីតកាលសម័យសង្គ្រាម បានឆ្អែតឆ្អន់ពេកទៅហើយជាមួយនឹងស្នូរគ្រាប់កាំភ្លើង, ភាពទុរ្ភិក្ស និងការបែកបាក់ព្រាត់ប្រាស់គ្រួសារ។ យុវជនខ្មែរបច្ចុប្បន្ន នឹងមិនត្រូវបានគេបោកបញ្ឆោត ដោយសម្តីភូតកុហក «ប្តូរ» នោះឡើយ។

* ហេតុអ្វីបានជាពលរដ្ឋខ្មែរ ខ្លាចនឹងពាក្យ «ប្តូរ» របស់ពួកជ្រុលនិយម?

ប្រទេសកម្ពុជា ត្រូវបានលងបន្លាចជាយូរមកហើយដោយពាក្យ «ប្តូរ» របស់ក្រុមធ្វើនយោបាយ ដែលគិតតែមហិច្ឆតាផ្ទាល់ខ្លួន។ សម្រាប់ប្រទេសភាគច្រើនពាក្យ «ប្តូរ» គឺតំណាងឱ្យការរីកចម្រើន ការច្នៃប្រឌិត និងវឌ្ឍនភាព…ប៉ុន្តែពាក្យ «ប្តូរ» របស់ក្រុមធ្វើនយោបាយជ្រុលនិយម មិនមែនតំណាងឱ្យប្រទេសរីកចម្រើនអ្វីនោះទេ, ពាក្យប្តូររបស់ក្រុមជ្រុលនិយម គឺគ្រាន់តែជាការនិយាយបិទបាំងនូវមហិច្ឆតានយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។

កម្ពុជាធ្លាប់បានឆ្លងកាត់ហើយនូវសម្តីរបស់ក្រុមធ្វើនយោបាយជ្រុលនិយម ដែលចូលចិត្តប្រើពាក្យកុហក «ប្តូរ»។ ពួកគេបានប្តូរ «កោះសន្តិភាព» របស់រាជរដ្ឋាភិបាលសម្តេចព្រះ នរោត្តម សីហនុ តាមការធ្វើរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយនាំប្រទេសឱ្យធ្លាក់ចូលក្នុងសង្គ្រាម បង្កើតជារបបសាធារណរដ្ឋខ្មែរ។ ការប្តូរពីប្រទេសដែលមានសន្តិភាព ឱ្យធ្លាក់ចូលក្នុងសង្គ្រាមក្នុងដំណាក់កាលដំបូងនោះ មានរយៈពេលជា៥ឆ្នាំ ហើយក្រោយមកក៏បានប្តូរម្តងទៀត ពីរបបសាធារណរដ្ឋខ្មែរ ទៅជារបបកម្ពុជាប្រជាធិបតេយ្យដែលគេស្គាល់ថាជារបបដឹកនាំខ្មែរក្រហម។ របបដ៏យង់ឃ្នងនោះ បានកាប់សម្លាប់ប្រជាជនខ្លួនឯងអស់ច្រើនលាននាក់ និងធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ក្នុងកម្រិតសូន្យសុងតែម្តង។ បើគ្មានការរំដោះប្រទេសជាតិនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមទង់រណសិរ្សសាមគ្តីសង្គ្រោះជាតិនោះទេ គេមិនដឹងថាតើវាសនារបស់កម្ពុជា នឹងក្លាយជាយ៉ាងណាឡើយ។

ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩, សហគមន៍អន្តរជាតិ បានធ្វើខ្វាក់ គ និងថ្លង់ ចំពោះអំពើសម្លាប់រង្គាលក្នុងប្រទេសកម្ពុជាក្នុងរបបដឹកនាំខ្មែរក្រហម និងបានដាក់ទណ្ឌកម្មលើកម្ពុជា ថែមទៀតរយៈពេល១២ឆ្នាំ ទម្រាំតែបើកភ្នែកទទួលស្គាល់ថា នៅកម្ពុជាពិតជាមានអំពើ សម្លាប់រង្គាលក្នុងរបបកម្ពុជាប្រជាធិបតេយ្យពិតមែន។

ប្រវត្តិសាស្ត្ររបស់កម្ពុជា បានចារិកទុកនូវការលះបង់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីថ្ងៃរត់ចូលក្នុងព្រៃនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧០ តបតាមការអំពាវនាវរបស់ព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ។ បើគ្មានការរត់ចូលព្រៃតស៊ូ ជាបន្តបន្ទាប់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបង្កើតជាក្រុមចលនាតស៊ូរំដោះជាតិ និងបើគ្មាននយោបាយឈ្នះឈ្នះ បំបាត់ក្រុមខ្មែរក្រហមអស់ទាំងស្រុងនាចុងឆ្នាំ១៩៩៨នោះទេ កម្ពុជា ក៏គ្មានសន្តិភាពពិតប្រាកដ និងក៏មិនអាចក្លាយជាប្រទេសរីកចម្រើនដូចបច្ចុប្បន្ននេះឡើយ។ សន្តិភាពដ៏ពេញលេញ បានវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ក្រោមនយោបាយឈ្នះឈ្នះ ចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨នោះមក។

២៦ឆ្នាំរួចមកនេះ កម្ពុជាបានរស់នៅដោយសុខសាន្តក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ ប៉ុន្តែក្រុមជ្រុល និយមនៅក្រៅប្រទេស បានព្យាយាមចង់ «ប្តូរ» កម្ពុជាដែលមានសន្តិភាព ចង់ឱ្យកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមសាឡើងវិញ។ យើងជាពលរដ្ឋខ្មែររស់នៅក្រោមម្លប់សន្តិភាពបច្ចុប្បន្ន ប្តេជ្ញាមិនឱ្យសុបិន្តរបស់ក្រុមជ្រុលនិយម ដែលចង់បណ្តេញសន្តិភាពចេញពីកម្ពុជា អាចកើតឡើងបានឡើយ៕