(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យការច្រូតស្រូវរបស់ប្រជាកសិករ នៅឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
តំណាងកសិករដាំស្រូវឃុំរហាល លោក តាំង ប៊ុននេត បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានខិតខំជួយ សម្របសម្រួលជាមួយកសិករទាន់ពេលវេលា និងជួយអន្តរាគមន៍តម្លៃស្រូវជាមួយរោងម៉ាស៊ីនកិនស្រូវឱ្យទទួលបានតម្លៃសមរម្យ និងទទួលបានផលចំនេញ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំឱ្យកសិករចូលរួមចងក្រងសហគមន៍កសិកម្មទំនើប ដែលមានការធ្វើរួមគ្នា មានផែនការច្បាស់លាស់ និងទទួលបានផលចំនេញរួមគ្នា។
លើសពីនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្រ្តីកសិកម្មឃុំ ខិតខំបន្តការងារជួយដល់កសិករ ក្នុងឃុំរហាលបន្ថែមទៀត សំដៅជួយជាជំនួយបច្ចេកទេស ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕