(ហុងកុង)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញទស្សនកិច្ចវប្បធម៌ នៅតំបន់គូលូនខាងលិច (West Kowloon Cultural District) ដែលជាគោលដៅវប្បធម៌ដ៏សំខាន់និងជាបេះដូងហុងកុង។
ក្នុងដំណើរទស្សនៈកិច្ចវប្បធម៌នេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល បានឆ្លៀតតាមការអញ្ជើញ ទៅទស្សនាសារមន្ទីរវិមានក្រុងហុងកុង (Hong Kong Palace Museum) ដែលជាថ្នាលប្រមូលផ្តុំប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ អាសុី និងអឺរ៉ុបសម្រាប់ការរៀនសូត្រ បណ្តុះបណ្តាល សម្រាប់ជំនាន់បន្តបន្ទាប់។
ទស្សនកិច្ចខាងលើនេះ គឺជាថ្ងៃទី៣ ឬជាថ្ងៃចុងក្រោយនៃទស្សនកិច្ចនៅទីក្រុងហុងកុងរបស់ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ហើយនៅថ្ងៃដដែលនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី និងគណៈប្រតិភូក្រសួងសុខាភិបាល ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ស្ថាប័នយុត្តិធម៌ក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន (Department of Justice of Hong Kong) ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ ដកបទពិសោធន៍ជាមួយគ្នា អំពីបទដ្ឋានគតិយុត្តិពាក់ពន្ធ័នឹងវិស័យសុខាភិបាល អំពីយន្តការអនុវត្តច្បាប់ អន្តរាគមន៍គណៈវិជ្ជាជីវៈសុខាភិបាល (Health Professional Councils) និងតួនាទីអជ្ញាធរសុខាភិបាលវិស័យមន្ទីរពេទ្យសាធារណៈក្រុងហុងកុង (Hong Kong Hospital Authority)។
នាឱកាសនោះលោកសាស្ត្រាចារ្យ ឈាង រ៉ា បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញទស្សនៈកិច្ច និងកិច្ចស្វាគមន៍ពិភាក្សាការងារដ៏មានសារៈសំខាន់នេះ នឹងបន្តកិច្ចសហការដោយក្រុមការងារជំនាញជាបន្តបន្ទាប់ពីសុខាភិបាលកម្ពុជា។
បន្ទាប់មកអំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃបញ្ចប់នៃទស្សនកិច្ច លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល ក៏បានឆ្លៀតឱកាសអញ្ជើញទៅទស្សនកិច្ចមន្ទីរពិសោធន៍ នៃរោងចក្រផលិតឱសថសំខាន់មួយនៃក្រុងហុងកុង Synco Hong Kong Ltd. ដើម្បីត្រួតពិនិត្យអំពីដំណើរការផលិត រៀបចំវេចខ្ចប់សារធាតុផ្សំឱសថ យន្តការសុវត្ថិភាព និងគុណភាពសម្រេចចុងក្រោយ ក៏ដូចជាក្នុងគោលបំណងទាក់ទាញ និងស្វាគមន៍រាល់វិនិយោគទាំងឡាយក្នុងតំបន់ និងអន្តរជាតិ សម្រាប់សុខាភិបាលកម្ពុជា។
សូមជម្រាបថា នាយប់ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់អាជ្ញាធរសុខាភិបាល របស់តំបន់រដ្ឋបាល ពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន និងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចខាងលើនេះ ក្នុងគោលបំណងសិក្សាអំពីលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសដើម្បីស្វែងយល់បន្ថែមក្នុងការជំរុញការអនុវត្តអាទិភាពសុខាភិបាល និងផែនការយុទ្ធសាស្ត្រសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
រយៈពេល៣ថ្ងៃពេញនេះ គណៈប្រតិភូក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅទស្សនកិច្ច និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសុខាភិបាល ទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់បំផុតដល់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន ជាពិសេសគឺពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាមិត្តដែកថែប ព្រមទាំងបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាបាននិងកំពុងចូលរួមចំណែកក្នុងការពង្រឹងសន្តិភាព សន្តិសុខសុខភាពប្រទេស តំបន់ និងពិភពលោក៕