(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានប្រារព្វពិធី អបអរសាទរទិវាជាតិ ទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៥ ក្រោមវត្តមានលោក អ៊ុន សុភ័ក្រ អភិបាលរងខេត្តឧត្តរមានជ័យ តំណាងលោក មាន ចាន់យ៉ាដា អភិបាលខេត្ត ដោយមានការចូលរយមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ទីរអង្គភាព ជុំវិញខេត្ត អាជ្ញាធរក្រុងសំរោង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោក អ៊ុន សុភ័ក្រ បានថ្លែងលើកឡើងថា ការប្រារព្ធទិវាជាតិទីក្រុងស្អាតនាពេលនេះ គឺជាចំណែកមួយក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីទីក្រុងស្អាត ដល់ សាធារណៈជនទូទៅ ជាពិសេសបំផុស និងលើកទឹកចិត្តដល់យុវជន ប្អូនៗសិស្សានុសិស្ស ឱ្យបន្តការយកចិត្តទុកដាក់ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន «ការចូលរួមសម្អាតទីក្រុង ការស្រលាញ់ទីក្រុង គឺជាការចាប់ផ្តើមពីយើងទាំងអស់គ្នា»

លោកអភិបាលរងខេត្ត បានថ្លែងលើកឡើងទៀតថា ទិវាជាតិទីក្រុងស្អាត ក៏បានឆ្លុះបញ្ចាំងពីសារៈសំខាន់ និងតួនាទីដ៏មានតម្លៃរបស់កម្លាំងយុវជន នឹងផ្តល់ឱកាសឲ្យយុវជនយើង ចូលរួមកាន់តែសកម្មខ្លាំងថែមទៀត ក្នុងការងារជួយសង្គមជាតិ ជាពិសេសជួយដល់បុព្វហេតុ ទីក្រុងស្អាត ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ក្នុងសារលិខិតជារៀងរាល់ឆ្នាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសទិវាជាតិ ទីក្រុងស្អាតនេះ។

ក្នុងនាមលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ, លោកក៏បានថ្លែងអំពាវនាវដល់គ្រប់អាជ្ញាធរពាក់ព័ន្ធ មន្ត្រីរាជការ កងកម្លាំង យុវជន សិស្សានុសិស្សទាំងអស់ សូមចូលរួមផ្តល់ការ គាំទ្រ និងចូលរួមអនុវត្តឱ្យ បានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដើម្បីឱ្យក្លាយជា គោលដៅទេសចរណ៍ ប្រកបដោយគុណភាព និរន្តរភាព និងសុវត្ថិភាព សម្រាប់ការបើកទទួលភ្ញៀវទេសចរផងដែរ៕