(សៀមរាប)៖ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញដល់មន្រ្តីសុខាភិបាលទាំងអស់ ត្រូវអប់រំប្រជាពលរដ្ឋពីបញ្ហាសុខភាព ដើម្បីលើកកម្ពស់ការយល់ដឹង និងប្រយុទ្ធប្រឆាំងជម្ងឺឆ្លង ជាពិសេសទប់ស្កាត់ការរីករាលដាលជំងឺឆ្លងជាសកល ដែលជាបញ្ហាសុខភាពសាធារណៈ។ ក្នុងនោះការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង មានដូចជា៖ ទឹកនោមផ្អែម មហារីក ជម្ងឺលើសសម្ពាធឈាម ជម្ងឺបេះដូង និងសរសៃឈាមជាដើម។
ការជំរុញយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ឡឹម តារា ក្នុងពិធីបើក សន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលខេត្ត ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលខេត្ត នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោកស្រី ខេង តារាស៊ី សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោក នាក់ ណេរុន អភិបាលរងខេត្តសៀមរាប និងលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូពេទ្យ និងតំណាងអង្គការដៃគូរជាច្រើនចូលរួមផងដែរ។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានលើកឡើងថា មន្ទីរសុខាភិបាលខេត្តសៀមរាប មានការិយាល័យចំណុះចំនួន០៥ រួមមាន៖ ១- ការិយាល័យរដ្ឋបាលបុគ្គលិក, ២- ការិយាល័យគណនេយ្យ ហិរញ្ញវត្ថុ, ៣- ការិយាល័យនិយ័តកម្មសុខាភិបាល, ៤- ការិយាល័យបង្ការនិងគ្រប់គ្រងជំងឺដែលមានតួនាទីទំនាក់ទំនងប្រតិបត្តិការរវាងថ្នាក់កណ្តាល និងថ្នាក់ស្រុកប្រតិបត្តិក្នុងប្រព័ន្ធសុខាភិបាល និង៥- មន្ទីរពេទ្យបង្អែកខេត្តផ្តល់សេវាពិនិត្យ ព្យាបាលជំងឺបង្គ្រប់កម្រិត៣។
លោកវេជ្ជបណ្ឌិត បន្តថា ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៤កន្លែង មានតួនាទីអភិវឌ្ឍន៍គោលដៅស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព។ ក្នុងឆ្នាំ២០២៤នេះ មូលដ្ឋានសុខាភិបាលផ្តល់សេវាក្នុងខេត្ត រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តផ្តល់សេវាបង្គ្រប់កម្រិត៣, មន្ទីរពេទ្យបង្អែកស្រុកផ្តល់សេវាបង្គ្រប់កំរិត២ចំនួន៤, មណ្ឌលសុខភាពចំនួន៩៣, ប៉ុស្តិ៍សុខភាពចំនួន០២ និងមានចំនួនគ្រែសម្រាកព្យាបាល ជម្ងឺសរុបចំនួន៨១៥គ្រែ ក្នុងនោះគ្រែសំរាប់អ្នកជំងឺរបេងចំនួន១០៥គ្រែ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បញ្ជាក់ថា ខេត្តសៀមរាប មានមន្ទីរពេទ្យចំនួន៣ផ្សេងទៀត គឺមន្ទីរពេទ្យជ័យវរ្ម័នទី៧ មានគ្រែសម្រាកព្យាបាលចំនួន ១១៦៩គ្រែ, មន្ទីរពេទ្យកុមារអង្គរ មានគ្រែសម្រាកព្យាបាលចំនួន១០០គ្រែ និងមន្ទីរពេទ្យយោធភូមិភាគ៤ចំនួន៥០គ្រែ បាននិងកំពុងផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ យ៉ាងសកម្មជូនប្រជាជនមកពីគ្រប់មជ្ឈដ្ឋានដូចគ្នាផងដែរ។
លោកសាស្ត្រាចារ្យ ឡឹម តារា បានបន្តថា ការទប់ស្កាត់ និងបង្ការជំងឺដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងធ្វើឲ្យប្រសើរឡើងនូវការពិនិត្យ និងព្យាបាលជម្ងឺនៅតាមសហគមន៍ ជាពិសេសលើកកម្ពស់ការថែទាំសុខភាពលើសេវាសាធារណៈ និងសេវាឯកជន ព្រមទាំងបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្សជាពិសេសជំនាញសុខាភិបាល និងអភិវឌ្ឍន៍សុខភាពឌីជីថលដែលស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអណត្តិទី៧ នេះ។
លោកសាស្ត្រាចារ្យ បន្តថា ត្រូវកែលម្អអាគារនៅតាមមណ្ឌលសុខភាព ដោយបំពាក់សម្ភារៈឱសថ សមត្ថភាពបុគ្គលិកក្នុងការបម្រើការសេវា ២៤ម៉ោង។ មន្ទីរពេទ្យបង្អែកស្រុក ខេត្ត ជាតិ ព្រមទាំងនិយ័តកម្មសេវាឯកជនឲ្យបានប្រសើរឡើង តាមរយៈការបណ្តុះបណ្តាលលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់គ្រប់ថ្នាក់ ដែលត្រូវយកចិត្តទុកដាក់អនុវត្តជាបន្ទាន់ ដើម្បីចូលរួមចំណែកសម្រេចបានការគ្របដណ្ដប់សុខភាពជាសកល និងធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អ។
លោក នាក់ ណេរ៉ុន បានលើកឡើងថា នៅក្នុងបរិការណ៍នេះ ការជួបជុំគ្នា គឺជាឱកាសដ៏មានតម្លៃ ដើម្បីពិភាក្សានឹងផ្តល់អត្ថប្រយោជន៍ដល់ការបន្តដំណើរទៅមុខ ដោយភាពស្វាហាប់ ក្នុងចក្ខុវិស័យរួម ស្របតាមទស្សនទានមួយចំនួនក្នុងវិស័យសុខាភិបាល។
ជាមយនេះ លោកបញ្ជាក់ថា វិស័យសុខាភិបាល បាននឹងកំពុងអនុវត្ត និងបន្តអនុវត្ត ដើម្បីលើកកម្ពស់សុខុមាលភាព ដែលជាគោលនយោបាយ អាទិភាពចម្បងមួយ ក្នុងចំណោមគោលនយោបាយអភិវឌ្ឍតាមវិស័យ ដើម្បីលើកកម្ពស់ខឿនសេដ្ឋកិច្ចជាតិ៕