(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនសមាគមឧកញ៉ាកម្ពុជាទាំងអស់ ដែលបានចូលរួមបរិច្ចាគជាថវិកា និងសម្ភារៈ តាមរយៈឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដោយលោកបានបញ្ជាក់ថា ថវិកាទាំងអស់នេះ ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់លើកស្ទួយវិស័យអប់រំនៅខេត្តកំពង់ធំក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព គុណតម្លៃ អភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនបានឆាប់រហ័ស។

ការថ្លែងអំណរគុណបែបនេះ របស់លោកអភិបាលខេត្តបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាល និងចែកអំណោយសប្បុរិសធម៌ ប្រចាំឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីការអប់រំ» នៅសាលាបឋមសិក្សាក្រចាប់ ដែលស្ថិតនៅក្នុងក្រុងស្ទឹងសែននាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញ។

ក្នុងឱកាសនេះដែរ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានសង្កត់ធ្ងន់ថា សមាគមឧកញ៉ាកម្ពុជា បានយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មមនុស្សធម៌ជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាស្ថាប័នសប្បុរិសធម៌ផ្សេងៗ ជាពិសេសលើវិស័យអប់រំ ដែលជាការវិនិយោគមិនចេះរីងស្ងួតសំដៅបង្កើនធនធានមនុស្សសម្រាប់សង្គមជាតិ បន្ថែមពីលើសកម្មភាពធុរកិច្ចក្នុងគោលបំណងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។

សូមបញ្ជាក់ថា សាលាបឋមសិក្សាក្រចាប់ គឺជាសាលាមួយក្នុងសាលាទាំង ១០នៅក្នុងខេត្តកំពង់ធំដែលទទួលបានអំណោយពីសមាគមឧកញ៉ាកម្ពុជា ដោយសាលានេះទទួលបាននូវការឧបត្ថម្ភដូចខាងក្រោម៖

១- គ្រូបង្រៀន ១០នាក់ ដែលម្នាក់ៗទទួលបាន កញ្ចប់សម្លៀកបំពាក់ចម្រុះ ១កញ្ចប់ និងថវិកា ៦ម៉ឺនរៀល
២- សិស្សានុសិស្ស ១៧៧នាក់ ម្នាក់ៗទទួលបាន សម្ភារៈសិក្សា ១ឈុត (កាតាប១, សៀវភៅ១០ក្បាល, ប៊ិចខៀវ៥ដើម, ប៊ិចក្រហម៥ដើម, ខ្មៅដៃ១០ដើម, ទឹកលុប២ដើម, ជ័រលុប២ដុំ, ប្រដាប់ខួង២ដុំ, បន្ទាត់១ដើម, និងកាបូបប៊ិច១), ឯកសណ្ឋានសិស្ស ១ឈុត, សម្លៀកបំពាក់នៅផ្ទះ ១ឈុត និងចំនួនថវិកា ៤ម៉ឺនរៀល។ ជាមួយគ្នានេះ សិស្សានុសិស្ស ២០នាក់ ដែលខ្វះមធ្យោបាយធ្វើដំណើរទទួលបានកង់ម្នាក់១គ្រឿង សរុប២០គ្រឿងផងដែរ៕