(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក MICHAEL W. FAHEY ផលិតករភាពយន្តពីក្រុមហ៊ុន Bright Bay Creative និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងគោរពស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ព្រមទាំងកិច្ចសហការគាំទ្រលើ គំរោងថតវីដេអូបែបផ្សងព្រេងនៅប្រាសាទអង្គរវត្ត និងតំបន់ផ្សេងៗទៀតក្នុងខេត្តសៀមរាបនាពេលខាងមុខ។
ជំនួបនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន Bright Bay Creative បានសម្រេចយកប្រទេសកម្ពុជា ពិសេសប្រាសាទអង្គរវត្តជាទីតាំងថត ផ្អែកលើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយសង្គម សុវត្ថិភាពដ៏ល្អ រួមទាំងភាពល្បីល្បាញជាបេតិកភណ្ឌពិភពលោក បដិសណ្ឋារកិច្ចដ៏រួសរាយនិងរាក់ទាក់របស់ប្រជាជនកម្ពុជា។
ជាលទ្ធផលនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំរោងវីដេអូ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនដែលបានជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងថត និងសូមស្វាគមន៍និងផ្តល់កិច្ចសហការគាំទ្រដល់ក្រុមហ៊ុន។
សូមបញ្ជាក់ថា ក្រុមហ៊ុនបានផលិតនូវវីដេអូស្តីពី ដំណើរផ្សងព្រេងក្នុងប្រទេសនានា ជាពិសេសតាមបណ្តាតំបន់បេតិកភណ្ឌពិភពលោកជាច្រើន ដោយរាល់វីដេអូនីមួយៗ ទទួលបានការទស្សនា និងតាមដានជិត២០០លាននាក់៕