(ឧត្តរមានជ័យ)៖ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា វត្តមាននៃដំណើរទស្សនកិច្ចរបស់សម្តេចកិត្តិតព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះមកសួរសុខទុក្ខកងទ័ពឈរជើងតាមបន្ទាត់ព្រំដែន ខេត្តឧត្តរមានជ័យនាពេលថ្មីៗ និងវត្តមានរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកបោះជំរុំបោះតង នៅខេត្តឧត្តរបន្ទាយមានជ័យ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកទឹកចិត្តជាយុទ្ធសាស្ត្រដល់កងទ័ពដែលកំពុងឈរជើង និងប្រជាជនដែលជាខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ។

ការបញ្ជាក់បែបនេះ របស់ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្ត អនុសញ្ញា អន្តរជាតិស្តីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD) ដែលរៀបចំធ្វើឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោមកិច្ចសហការពីរដ្ឋបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥។

សិក្ខាសាលានេះមានការចូលរួមពីសំណាក់លោក ហោ ជិនវីរៈយុទ្ធ អភិបាលរងខេត្ត ថ្នាក់ដឹកនាំខេត្ត ស្រុក មន្ទីរជុំវិញខេត្ត រដ្ឋបាលសាលាខេត្ត ចៅក្រម តំណាងអយ្យការ កងរាជអាវុធហត្ថ នគរបាល តំណាងពន្ធនាគារ ជាពិសេសអ្នកនាំពាក្យតាមអង្គភាពនីមួយៗ នៃរដ្ឋបាលខេត្តឧត្តរមានជ័យ និងអង្គការសង្គមស៊ីវិល ប្រមាណ ៣០០នាក់។

នៅក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា គ្រប់ៗអាណត្តិ តែងតែយកចិត្តទុកដាក់ក្នុងការគោរព និងការការពារសិទ្ធិមនុស្សដោយគ្មានការរើសអើង តាំងពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយអាណត្តិទី៧នេះ សម្តេចបវរធិបតី បានគិតគូរដាក់ចេញគោលនយោបាយផ្តល់ដីធ្លីជូនប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដ សម្រាប់សាងសង់លំនៅឋាន និងដាំដុះដំណាំចិញ្ចឹមជីវិត នេះគឺជាការគាំទ្រនូវសិទ្ធិមនុស្សទាំងស្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទឹងនឹងសិទ្ធិមានដីធ្លី មានលំនៅឋាន និងមានជីវភាពសមរម្យជាដើម។

បន្ថែមពីនេះ មេសិទ្ធិមនុស្សកម្ពុជា បានរម្លឹកឡើងថា តួយ៉ាង ការអនុញ្ញាតឱ្យនាវាវេសស្ទឺដាម ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ដែលប្រទេសជាច្រើនមានការរើសអើងមិនអនុញ្ញាតឱ្យចូលចត ចំណុចនេះគឺជាការឆ្លុះបញ្ចាំង និងគូសបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ក្នុងការគោរពសិទ្ធិ ឱ្យតម្លៃ និងលើកកម្ពស់សិទ្ធិជាមូលដ្ឋាននៅកម្ពុជា ជាពិសេសសិទ្ធិរស់រានមានជីវិត។

ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានលើកឡើងថា សិក្ខាសាលានៅពេលនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការអនុវត្តអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ រួមជាមួយការបង្ហាញពីយន្តការ វិធានការ ព្រមទាំងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសក្នុងក្របខណ្ឌនៃការលុបបំបាត់នូវរាល់ទម្រង់នៃការរើសអើងពូជសាសន៍នៅកម្ពុជា។ ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះ បង្ហាញឱ្យឃើញផងដែរពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាលក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។

ការផ្សព្វផ្សាយនេះនឹងធ្វើឱ្យអង្គភាព ថ្នាក់ក្រោមជាតិបានយល់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើផ្នែកសិទ្ធិមនុស្ស ដើម្បីជាមូលដ្ឋានក្នុងការឆ្លើយតបទៅកាន់មជ្ឈដ្ឋានមួយចំនួន ដែលបានលើកឡើងប្រាសចាកពីការពិត ពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ធ្វើឱ្យសាធារណៈមតិមានការយល់ច្រឡំចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ជំរុញការចូលរួមរបស់អង្គភាពថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសេចក្តីសង្កេតសន្និដ្ឋាន នៃរបាយការណ៍ជាតិស្តីពីអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍៕