(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។
តាមរយៈសន្និសីទសារព័ត៌ដែលមានរយៈពេល ជាង២៧នាទី លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងថា ដោយមានការរអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងតាមការអញ្ជើញរបស់ គណៈកម្មាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង។
«ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំបានដឹកនាំគណៈប្រតិភូ ក្រសួងសុខាភិបាល ទៅធ្វើទស្សនកិច្ចនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣-២៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សំដៅសម្រេចឱ្យបាននូវចំណុចអាទិភាពសុខាភិបាល និងផែនការយុទ្ធសាស្ត្រសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាម យុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា»។
ក្នុងដំណើរទស្សនកិច្ចនេះ គឺមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីស្វែងយល់ប្រព័ន្ធសុខាភិបាល នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ជាពិសេស ដើម្បីពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងបន្ដថា «លទ្ធផលនៃទស្សនកិច្ចនេះ គឺពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ដើម្បីរក្សាចំណងសាមគ្គីភាព និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។ ក្នុងនោះទទួលបានបទពិសោធន៍ ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល នៃប្រទេសកម្ពុជា រួមមាន៖
* ទំនើបកម្មសេវាព្យាបាលមន្ទីរពេទ្យកម្រឹតចុងក្រោយ (tertiary hospitals)
* ការពង្រឹងច្បាប់ បទដ្ឋានគតិយុត្តិជាទូទៅ ក្នុងដំណើរអភិវឌ្ឍន៍ការផ្តល់សេវាប្រកបដោយតម្លាភាព និងគ្មានការរើសអើង
* ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវីជ្ជាជីវ:សុខាភិបាល ទាំងផ្នែកជំនាញឯកទេស និងស្រាវជ្រាវ
* ការរៀបចំគោលនយោបាយ អភិបាលកិច្ច និងនិយ័តកម្មសេវាសុខាភិបាល ទាំងផ្នែកសាធារណៈ និងឯកជន
* ពង្រឹងការគ្រប់គ្រងវិជ្ជាជីវៈសុខាភិបាល តាមរយៈក្រុមប្រឹក្សាគណៈវិជ្ជាជីវៈ
* ការស្រាវជ្រាវ និងការទប់ស្កាត់ការរាត្បាតជំងឺឆ្លងថ្មីៗ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត ដើម្បីវិភាគ និងស្រាវជ្រាវឱ្យបានទាន់ពេលវេលា
* ប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្តង់ដា ធានាបាននូវសុវត្ថិភាព ប្រសិទ្ធភាព របស់អ្នកជំងឺ
* ប្រើប្រើប្រព័ន្ធកត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិកនៅមន្ទីរពេទ្យ និងឧបករណ៍តាមដានជំងឺតាមបែបឌីជីថល ជាមួយនឹងការជំរុញការអភិវឌ្ឍន៍សុខាភិបាលឌីជីថល
* ពង្រឹងគុណភាព សុវត្ថិភាព និងប្រសិទ្ធិភាពផលិតផលឱសថ តាមរយៈការពង្រឹង និងទំនើបកម្មបច្ចេកទេសមន្ទីរពិសោធន៍
* ការជំរុញការងារវិនិយោគវិស័យសុខាភិបាល ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនានូវសន្និសីទសារព័ត៌មានរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ជាមួយអ្នកសារព័ត៌មាន៖