(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ច្រានចោលការចុះផ្សាយរបស់គណនីហ្វេសបុកឈ្មោះ Therakun Thay បានធ្វើការវាយ ប្រហារមកលើលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល ដែលចោទប្រកាន់ បានកាប់ដីធ្លីដោយខុសច្បាប់ ស្ថិតនៅក្នុងតំបន់អភិរក្ស និងស្តារគម្របបៃតងឡើងវិញផ្លូវអន្ទង់អាំង (ភ្នំ១៥០០)។

ក្នុងសេចក្តីប្តកាសព័ត៌មាននោះ បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានការចុះផ្សាយរបស់គណនីហ្វេសបុកឈ្មោះ Therakun Thay បានធ្វើការវាយ ប្រហារមកលើលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល ពាក់ព័ន្ធនឹងករណីដែលបុគ្គល Therakun Thay កាន់កាប់ដីធ្លីដោយខុសច្បាប់ ស្ថិតនៅក្នុងតំបន់អភិរក្ស និងស្តារគម្របបៃតងឡើងវិញផ្លូវអន្ទង់អាំង (ភ្នំ១៥០០) ស្រុកវាលវែង ខេត្តពោធិ៍សាត់។

រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយ ព័ត៌មានទាំងអស់ឱ្យបានជ្រាបថា រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការច្រានចោលទាំងស្រុងនូវរាល់ការចុះផ្សាយ របស់បុគ្គល Therakun Thay ដែលជាបុគ្គលមួយ កើតមកជាខ្មែរ តែគ្មានមនសិការជាខ្មែរ មិនឱ្យតម្លៃខ្មែរ និងគ្មានគិតផលប្រយោជន៍រួមរបស់ខ្មែរ វង្វេង និងភ្លេចកំណើតជាខ្មែរ និងប្រើប្រាស់ការគិតតែតាមបែបសភាវគតិប៉ុណ្ណោះ។

រដ្ឋបាលខេត្តសូមធ្វើការគូសបញ្ជាក់ថា៖

ទី១៖ តំបន់ផ្លូវអន្ទង់អាំង (ភ្នំ១៥០០) ត្រូវបានទុកជាតំបន់អភិរក្ស និងស្តារគម្របបៃតងឡើងវិញ សម្រាប់បម្រើប្រយោជន៍សាធារណៈ ក្នុងគោលដៅបំពេញនូវបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់។

ទី២៖ បុគ្គល Therakun Thay កន្លងមកបានកាន់កាប់ និងប្រើប្រាស់ដីដោយខុសច្បាប់ នៅក្នុងតំបន់ការពារធនធានធម្មជាតិ ព្រមទាំងបានសាងសង់សំណង់ ដោយមិនមានលិខិតអនុញ្ញាត ដែលល្មើសនឹងច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ និងច្បាប់ស្តីពីសំណង់ទៀតផង។

ទី៣៖ ផ្តើមចេញពីការបាត់បង់ផលប្រយោជន៍ ដែលកើតចេញពីទង្វើខុសច្បាប់ និងគេចវេសមិនទទួលយក ការសម្របសម្រួលរបស់រដ្ឋបាលខេត្ត បុគ្គលនេះបានប្រើប្រាស់បណ្តាញសង្គម ដើម្បីបិទបាំងទង្វើដ៏ស្មោកគ្រោករបស់ខ្លួន និងបានប្រើប្រាស់ពាក្យពេចន៍ ដែលសង្គមខ្មែរស្អប់ខ្ពើម និងធ្វើឱ្យខ្លួនបាត់តម្លៃជាកំណើតជាតិខ្មែរ ដែលជាជាតិមានវប្បធម៌ដ៏ល្អផូផង់ ធ្វើការវាយប្រហារ និងបង្អួចកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ដែលជានិច្ចកាលលោកតែងតែបានយកចិត្តទុកដាក់ដឹកនាំ អភិវឌ្ឍន៍ខេត្ត គិតគូរ និងការពារផលប្រយោជន៍ ស្របច្បាប់របស់ប្រជាពលរដ្ឋ នៅទូទាំងខេត្តពោធិ៍សាត់។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕