(ភ្នំពេញ)៖ លោក អ៉ិត ដារ៉ា អនុរដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងលោកវេជ្ជបណ្ឌិត ស៊ឹម គឹមសែន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដឹកនាំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពអេដស៍ឆ្នាំ២០២៣-២០២៨ ក្រោមប្រធានបទ «រួមគ្នាកសាងកម្ពុជាមួយដែលគ្មានអេដស៍»។
សិក្ខាសាលានៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក៏មានការចូលរួមពីលោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងថ្នាក់ដឹកនាំ ខុទ្ទកាល័យរដ្ឋមន្រ្តី ជំនួយការថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនប្រមាណ១០២នាក់។
សិក្ខាសាលាផ្សព្វផ្សាយនេះ គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសិក្សាស្វែងយល់ និងការចូលរួមជាមួយនឹងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការបង្ការ ការប្រយុទ្ធទប់ស្កាត់ និងការបញ្ចប់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ឲ្យស្របទៅតាមគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យធានាថា ប្រទេសកម្ពុជាជាប្រទេសមួយ ដែលគ្មានការគំរាមកំហែងពីមេរោគអេដស៍ និងជំងឺអេដស៍ ព្រមទាំងធានាថា ប្រជាពលរដ្ឋកម្ពុជាមានសុខភាពល្អ និងរស់នៅប្រកបដោយសុខុមាភាព គ្មានការភ័យខ្លាចដោយសារជំងឺអេដស៍។
លើសពីនេះ សិក្ខាសាលាក៏បានផ្តល់ជាចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ល្អៗបន្ថែមទៀត ពីមេរោគអេដស៍ និងជំងឺអេដស៍ ការចម្លងមេរោគអេដស៍ វិធីសាស្ត្របង្ការមេរោគអេដស៍ និងការព្យាបាលជំងឺអេដស៍ ដែលទាំងនេះជាការយល់ដឹងដ៏សំខាន់ ក៏ដូចជាការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លើការលើកកម្ពស់ការកាត់បន្ថយការចម្លងមេរោគអេដស៍ ដើម្បីឈានទៅលុបបំបាត់ទាំងស្រុង រាល់ទម្រង់រើសអើង និងមាក់ងាយលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍៕