(ស្ទឹងត្រែង)៖ ក្រុមការងារនិងបេក្ខនារី Miss Cosmo Cambodia ២០២៥ ដឹកនាំដោយលោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការតំណាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បាននាំយកអំណោយមនុស្សធម៍ និងសម្ភារសិក្សាចែកជូនប្រជាពលរដ្ឋមកពី៧ឃុំ ក្នុងស្រុកសេសានចំនួន ៣០០គ្រួសារ និងសិស្សានុសិស្សមកពីវិទ្យាល័យ និងអនុវិទ្យាល័យចំនួន ៣០០នាក់ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ។

ក្នុងកម្មវិធីនោះដែរ ក៏មានការចូលរួមពីលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត និងក្រុមការងារ និងបេក្ខនារី Miss Cosmo Cambodia ២០២៥ ព្រមទាំងអ្នកពាក់ព័ន្ធ ជាច្រើនរូប ។

បន្ទាប់ពីអានរបាយការណ៍សង្ខេបរបស់លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន រួចមក, លោក សរ សុពុត្រា បានថ្លែងអំណរអរគុណលោកស្រី ឡុង ភិរម្យ និងក្រុមការងារកម្មវិធី Miss Cosmo Cambodia ២០២៥ ដែលបាននាំយកកម្មវិធីដល់ធំ មកកាន់ខេត្តស្ទឹងត្រែង ដើម្បីផ្តិតយករូបភាពដ៏ស្រស់ត្រកាល នៅតំបន់ដែលមានសក្តានុពលទេសចរណ៍គ្មានពីរ ក្នុងខេត្តស្ទឹងត្រែង ក្នុងស្រុកបុរី អូរស្វាយសែនជ័យ និងបានទស្សនាអគារមរតក សង្គមរាស្រ្តនិយម សម្ដេចឱ-សម្ដេចម៉ែ ជាដើមផងដែរ ។

លោក សរ សុពុត្រា ក៏សង្ឃឹមយ៉ាងមុតមាំថា ក្រោយពីកម្មវិធីប្រកួតប្រជែងទាំងសម្រស់ និងចំណេះដឹង Miss Cosmo Cambodia ២០២៥ បានផ្តិតយករូបភាពនូវតំបន់ទេសចរណ៍ ដែលមានសក្តានុពល ក្នុងខេត្តស្ទឹងត្រែង និងនិយាយរួមក្នុងប្រទេសកម្ពុជា រួមមកកំណើនភ្ញៀវទេសជាតិ និងអន្តរជាតិ និងមានការកើនឡើងជាលំដាប់ដែលធ្វើឲ្យអ្នកទេសចរណ៍ កាន់តែស្គាល់ច្បាស់ពីខេត្តស្ទឹងត្រែង នឹងបានធ្វើឲ្យជីវភាពប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង នឹងមានភាពល្អប្រសើរជាងមុន តាមរយៈភ្ញៀវទេសចរណ៍ មកលេងក្នុងខេត្តស្ទឹងត្រែង ។

បន្ថែមពីនេះដែរលោកអភិបាលខេត្តស្ទឹងត្រែង បានចាត់ទុកសកម្មភាពមនុស្សធម៌របស់កម្មវិធីនាពេលនេះ គឺសកម្មភាពផ្សារភ្ជាប់ដ៏ល្អផូរផង់មួយ រវាងជីវភាពរបស់បងប្អូន នៅតាមតំបន់ដាច់ស្រយាល ក្នុងជាខេត្តស្ទឹងត្រែង ដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា និងនិយាយដោយឡែកក្នុងស្រុកសេសាន នាពេលនេះ។

ឆ្លៀតក្នុងឱកាសនោះលោក សរ សុពុត្រា បានចូលរួមមតិជូនក្រុមការងា និងបេក្ខនារី Miss Cosmo Cambodia ២០២៥ ត្រូវខិតខំឲ្យអស់ពីសមត្ថភាព ទាំងសម្រស់ និងចំណេៈដឹង ទាំងប្រកួតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដើម្បីផ្សព្វផ្សាយវប្បធម៍ អរិយធម៍របស់ខ្មែរ ដែលបន្សល់ទុកពីបុរាណកាល និងផ្សព្វផ្សាយពីសក្តានុពល ដែលមានបច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋភិបាល ទៅកាន់ឆាកអន្តរជាតិ ឲ្យគេកាន់តែស្គាល់ប្រទេសកម្ពុជាយើង កាន់តែច្បាស់បន្ថែមទៀត៕