(កំពង់ធំ)៖ លោកស្រី ស៊ឹម សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការងារស្ត្រី និងកុមារខេត្តកំពង់ធំ និងជាសមាជិកក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ជំរុញឱ្យមន្ត្រីពាក់ព័ន្ធ ត្រូវពង្រឹងសមត្ថភាពខ្លួនដើម្បីការងារស្ត្រី កុមារ និងជនងាយរងគ្រោះនៅតាមមូលដ្ឋាន ដ្បិតជាធនធានមនុស្សសម្រាប់អនាគតប្រទេសជាតិ។

ការថ្លែងបែបនេះរបស់លោកស្រី បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញ គ.ក.ស.ក ខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី តាមបណ្ដាលអង្គភាពមន្ទីរជាច្រើនរូប។

លោកស្រី បានលើកថាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យមានសុខសន្តិភាពពេញលេញ ស្ថានភាពសង្គមមានលក្ខណៈល្អប្រសើរ ហើយជាពិសេសកុមារត្រូវបានលើកស្ទួយ និងគោរពសិទ្ធិជាមូលដ្ឋានទាំងបួន មានលក្ខណៈល្អប្រសើរជាលំដាប់។

បន្ថែមពីនេះ លោកស្រី បានមានប្រសាសន៍បន្តថា ក្រុមការងារត្រូវរៀបចំផែនការកិច្ចការពារស្រ្តីកុមារ សម្រេចបានលទ្ធផលជោគជ័យតាមសូចនាករកំណត់ អាស្រ័យដោយអ្នកមានភារកិច្ច និងការទទួលខុសត្រូវក្នុងការអនុវត្តទាំងអស់ បង្កើនការយល់ដឹង និងមានឆន្ទៈក្នុងការប្រតិបត្តិសំដៅធ្វើឱ្យស្ត្រីកុមារ និងជនងាយរងគ្រោះនៅក្នុងខេត្ត ទទួលបាននូវកិច្ចការពារប្រកបដោយសមធម៌ពីទម្រង់ផ្សេងៗ ដែលនាំឱ្យប៉ះពាល់ជាអវិជ្ជមានដល់ផ្នែកអារម្មណ៍ ផ្លូវចិត្ត ផ្លូវកាយ ផ្លូវភេទ និងការមិនអើពើ ការរើសអើង ដែលជាសិទ្ធិរបស់ស្ត្រី កុមារគ្រប់រូបត្រូវទទួលបានដូចៗគ្នា ក្នុងចំណោមសិទ្ធិជាមូលដ្ឋានចម្បងទាំង៤ របស់កុមារ គឺ «ការរស់រានមានជីវិត ការអភិវឌ្ឍ ការចូលរួម និងការការពារ» ដោយយើងគ្រប់គ្នាត្រូវកំណត់ក្នុងបេះដូងថា ស្ត្រីកុមារជាទំពាំងស្នងឫស្សីជាអ្នកបន្តវេន ហើយស្ត្រីកុមារ ជាធនធានមនុស្សសម្រាប់អនាគតប្រទេសជាតិ។

លោកស្រី បានបញ្ជាក់ថាចំពោះបញ្ហាសន្តិសុខសង្គម ស្នើសុំអោយខាងកងកម្លាំងទាំងបីដែលជាសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ បន្តការងារស៊ើបអង្កេតស្រាវជ្រាវករណីដែលនៅសេសសល់ បង្កើនកិច្ចសហការជាមួយអង្គការពាក់ព័ន្ធ ដើម្បីជួយជនរងគ្រោះនឹងមានចំណាត់ការតាមនីតិវិធីច្បាប់ និងបន្តធ្វើការផ្សព្វផ្សាយច្បាប់ស្ដីអំពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ចរាចរណ៍ផ្លូវគោក ច្បាប់គ្រឿងញៀន ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ព្រមទាំងផ្សាយអំពីយុទ្ធនាការទប់ស្កាត់ក្មេងទំនើង ដែលរដ្ឋាភិបាលកំពុងតែផ្ដោតការយកចិត្តទុកដាក់ ដើម្បីរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីទទួលបានភូមិឃុំមានសុវត្ថិភាព។

ជាមួយគ្នានេះ លោកស្រី បានស្នើសុំឲ្យមន្ទីរផែនការបន្តចុះតាមដាន និងសម្របសម្រួលការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមភូមិឃុំសង្កាត់បន្តទៀត និងស្នើឲ្យសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន រៀបចំវគ្គបណ្ដុះបណ្ដាលដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារគ្រប់ទាំង ៩ក្រុង/ស្រុក ដើម្បីឲ្យពួកគាត់ទទួលបាននូវចំណេះដឹងបន្ថែម ទាក់ទងទៅនឹងតួនាទីភារកិច្ច និងចេះគ្រោងផែនការសកម្មភាពនិងផែនការថវិកា ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តនូវសកម្មភាពនៅក្នុងឆ្នាំ២០២៥។

លើសពីនេះទៅទៀត លោកស្រី បានបន្ថែមថា ក្នុងកិច្ចប្រជុំបានពិនិត្យនិងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់គកសក ខែកុម្ភៈ ឆ្នាំ២០២៥ ដោយពិនិត្យរបាយការណ៍របស់របស់ស្ថានភាពស្ត្រីយុវវ័យ កុមារ ជនងាយរងគ្រោះ តាមមន្ទីរវិស័យដែលពាក់ព័ន្ធនឹងវិស័យអប់រំ វិស័យសុខាភិបាល អនាម័យទឹកស្អាត សន្តិសុខស្បៀង សង្គមកិច្ច ពលកម្មកុមារ សមភាពយេនឌ័រ និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងខែមិនា ឆ្នាំ២០២៥។

លោកស្រី បានបន្តថា ការពង្រឹងកិច្ចសហការរវាងសមាជិកគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ជាច្រកចេញចូលតែមួយ ថែមទាំងសហការជាមួយនឹងអង្គការដៃគូមាន អង្គការ wold vision (អង្គការទស្សនៈពិភពលោក), អង្គការ Home (អង្គការជួយជនទុរគត និងចាស់ជរា)និង CWCC (អង្គការជួយស្ត្រីមានវិបត្តិ) ធ្វើកិច្ចការជួយលើជនរងគ្រោះ ជនងាយយរងគ្រោះ និងការផ្ដល់សេវាសង្គមរួមគ្នាឲ្យបានកាន់តែមានប្រសិទ្ធភាព និងសមភាពយេនឌ័រ៕