(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា រហូតមកដល់ពេលនេះ គឺមានផ្លូវជាតិជាង២០ហើយ ដែលប្រជាជន មន្ត្រីអង្គការសង្គមស៉ីវិល អាជ្ញាធរដែនដី និងសិស្សានុសិស្ស បានរួមគ្នាចេញមករើសសំរាមថង់ប្លាស្ទិក ខណៈនៅក្នុង១ថ្ងៃ មានប្រជាពលរដ្ឋ សិស្សានុសិស្ស មិនតិចជាង២ម៉ឺននាក់នោះទេ បានរួមគ្នាចេញមករើសំរាមនៅតាមទីសាធារណៈ។
ការលើកឡើងបែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងក្នុងឱកាសលោកផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្នុងពិធីផ្សព្វផ្សាយស្តីពីផែនការសកម្មភាពនៃយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» បានរៀបចំឡើង នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃថាជោគជ័យនៃការប្រមូលទុកដាក់សំរាម ការចូលរួមរើសថង់ប្លាស្ទិក ចេញពីទីសាធារណៈ ដើម្បីរៀបចំទុកដាក់នៅតាមទីតាំងប្រមូលសំរាម ពីសំណាក់ប្រជាពលរដ្ឋ គឺបានប្រមាណ៥០ភាគរយហើយ។ ដូច្នេះ នេះសបញ្ជាក់ពីផ្នត់គំនិត និងការយល់ដឹងកាន់តែច្រើនឡើងពីសំណាក់ប្រជាពលរដ្ឋចំពោះការទុកដាក់សំរាម និងការស្រឡាញ់បរិស្ថាន។
ត្រង់ចំណុចនេះ ត្រូវបានលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានលើកឡើងពីសោភ័ណភាពនៅតាមដងផ្លូវជាតិលេខ៥ ពោលប្រសិនបើធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅតាមបណ្តាខេត្តនៅតាមដងផ្លូវជាតិនេះ គឺមិនមានសំរាម និងថង់ប្លាស្ទិក រសាត់រាយប៉ាយដូចពីមុននោះទេ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ជារៀងរាល់ថ្ងៃ គឺមានប្រជាពលរដ្ឋ សាធារណៈនានា បានចេញមករើសសំរាម នៅពេលព្រឹកព្រលឹម ក្នុង១ថ្ងៃ មិនតិចជាង២ម៉ឺននាក់នោះទេ បនចេញមករួមគ្នាសម្អាតផ្លូវជាតិ សំអាតបរិស្ថាន សំអាតប្រទេសរបស់យើង សំអាតផ្ទះរបស់យើងនេះជាមោទនភាព ហើយជោគជ័យនេះ ខ្ញុំសង្ឃឹមថា នឹងបន្តទៀត ហើយនៅក្នុងរយៈពេលដ៏ខ្លីខាងមុខ ជាពិសេសចុងឆ្នាំ២០២៥នេះ ខ្ញុំអាសន្និដ្ឋានបានថា កម្ពុជាយើង ផ្លូវជាតិរបស់យើងនឹងស្អាតទាំងអស់»។
បន្ថែមពីនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា បន្ទាប់ពីយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» ក្រសួងបរិស្ថាន នឹងបើកយុទ្ធនាការសម្អាតប្លាស្ទិកនៅតាមតំបន់ការពារធនធានធម្មជាតិ ដើម្បីធ្វើយ៉ាងណាឱ្យតំបន់ទេសចរណ៍ធម្មជាតិ គ្មានសំរាមប្លាស្ទិក។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថានបើកយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» នេះឡើង ដើម្បីបំពេញឱ្យយុទ្ធនាការ«កម្ពុជាស្អាតខ្មែរធ្វើបាន» ដែលជំរុញឱ្យទៅជាសកម្មភាព រួមគ្នាក្នុងពេលតែមួយ សម្អាតបរិស្ថាន បរិវេណជុំវិញភូមិដ្ឋាន សាលារៀន វត្តអារាម និងនៅតាមទីសាធារណៈ។ ក្រសួងបរិស្ថានក៏បានកំណត់យុទ្ធនាការសម្អាតផ្លូវជាតិនេះ ដោយជំរុញឱ្យមានសកម្មភាពសម្អាត រើសសំរាម នៅតាមដងផ្លូវនានា ជាពិសេសនៅតាមផ្លូវជាតិ ដែលអ្នកពាក់ព័ន្ធទាំងអស់សហការគ្នា ដើម្បីធ្វើឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយនៅចុងឆ្នាំ២០២៥។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានលើកទឹកចិត្តដល់ការផ្តល់ការគាំទ្រជាធនធាន សម្ភារៈ ក្នុងនោះគ្រោងផ្តល់ធុងចំនួន៣ ធុង សម្រាប់សាលារៀន មណ្ឌលសុខភាព វត្តអារាមនីមួយៗ ទូទាំងប្រទេស ដើម្បីពង្រឹងការគ្រប់គ្រងសំណល់ជាអាទិភាព ដោយការដាក់ពង្រាយធុងសំរាម សម្រាប់ញែកសំណល់តាមបែបស្តង់ដានៅទូទាំងប្រទេស ដោយផ្តោតលើ ការញែក និងកែច្នៃសំណល់ ដែលអាចកាត់បន្ថយការបំពុលបាន យ៉ាងច្រើនគួរឱ្យកត់សម្គាល់ និងការបង្កើនចំណូលបន្ថែមនៅក្នុងសាលារៀន ក៏ដូចជាអាជីវកម្មកែច្នៃសំណល់។ ជាមួយគ្នានេះដែរ ក្រសួងនឹងយកចិត្តទុកដាក់កម្រិតខ្ពស់លើការ ញែកសំរាម និងការសាងសង់ទីលានទុកដាក់សំរាម ដែលស្របតាមស្តង់ដាបច្ចេកទេស និងប្រកបដោយអនាម័យ។ ធ្វើយ៉ាងណាការញែកសំរាមប្លាស្ទិក សំណល់គ្រោះថ្នាក់ និងសំរាមធម្មតា និងទុកដាក់ឱ្យបានត្រឹមត្រូវ។
គួរឱ្យដឹងថា ផែនការសកម្មភាពនៃយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» នឹងអនុវត្តនៅតាមបណ្តារាជធានី ខេត្តនៅទូទាំងប្រទេស ដោយផ្តោតលើកំណាត់ខ្សែផ្លូវជាតិសំខាន់ៗចំនួន ១២៦ខ្សែ ប្រវែងសរុប ៦.៣០៩,៥៧គីឡូម៉ែត្រ។ សកម្មភាពទាំងនេះរួមមានទី១៖ ការបន្តការផ្សព្វផ្សាយ៖ ផ្សព្វផ្សាយ និងបំផុសចលនាសម្អាតនៅផ្លូវជាតិជាប្រចាំ និងចូលរួមសម្អាតមុខគេហដ្ឋាន ឬទីតាំងរបស់ខ្លួន ជាមួយនឹងកម្លាំងភូមិ ឃុំ សង្កាត់ ឱ្យបានយ៉ាងតិច ២ដង ក្នុងមួយសប្តាហ៍, ២៖ ការបន្តជំរុញការបេ្តជ្ញាចិត្ត៖ ការចូលរួមបេ្តជ្ញាចិត្តពីសំណាក់សិស្សានុសិស្ស កម្មករ កម្មការិនី បុគ្គលិកក្រុមហ៊ុន រោងចក្រ សហគ្រាស និងរដ្ឋបាលថ្នាក់ក្រោម ជាកត្តាសំខាន់ ដើម្បីភាពស្អាតនៅប្រទេសកម្ពុជា, ៣៖ ការជំរុញការអនុវត្តសកម្មភាពដើម្បីភាពស្អាត៖ រៀបចំផែនសកម្មភាពសម្អាតជាប្រចាំ និងជំរុញការទុកដាក់សំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ និងញែកសំរាម សំណល់រឹងនៅនឹងប្រភព, ៤៖ ការជំរុញការអនុវត្តវិធានការច្បាប់ និងការលើកសរសើរ៖ក្រសួង បរិស្ថាននឹងផ្តល់ការលើកសរសើរចំពោះរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអ្នកពាក់ព័ន្ធ ដែលអនុវត្តផែនការសកម្មភាពនេះបានល្អ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបាននឹងកំពុងជំរុញ ភាពស្អាត ក្នុងសង្គមកម្ពុជា និងភាពស្អាតរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ តាមរយៈ ការអនុវត្តនូវ «ភាពស្អាតក្នុងផ្នត់គំនិត» «ភាពស្អាតបរិស្ថានជុំវិញខ្លួន» ក្នុងនោះ មាន «ភាពស្អាតលើមេឃ» «ភាពស្អាតលើដី» និង «ភាពស្អាតក្នុងទឹក» និង «ភាពស្អាតរបស់កម្ពុជាលើឆាកអន្តរជាតិ»៕