(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានបង្ហាញលេខទូរសព្ទស្ថានទូតខ្មែរ នៅប្រទេសថៃ និងមីយ៉ាន់ម៉ារ ដើម្បីពលរដ្ឋទាក់ទងសុំជំនួយ ករណីគ្រោះរញ្ជូយដីកម្រិតធ្ងន់រហូតដល់ ៧.៧រ៉ិចទ័រ។
ករណីត្រូវការជំនួយនានា ឬជំនួយកុងស៊ុល សូមមេត្តាទាក់ទង៖
* ស្ថានទូតកម្ពុជានៅទីក្រុងបាងកក៖
- អាស័យដ្ឋាន៖ 518 / 4 Pracha Uthit Rd., Soi Ramkamhaeng 39, Wangthonglang, Bangkok 10310, Kingdom of Thailand.
- លេខទំនាក់ទំនង៖ Tel: (02) 957-5851-2
* ស្ថានទូតកម្ពុជាប្រចាំនៅមីយ៉ាន់ម៉ារ៖
- អាស័យដ្ឋាន៖ No. 25(3B-4B), New University Avenue Road, Bahan Township, Yangon, Myanmar
- លេខទំនាក់ទំនង៖ Tel: (951) 54 96 09, 54 09 64 ។
អ្នកនាំពាក្យបានឲ្យដឹងថា ពាក់ព័ន្ធនឹងហេតុការណ៍នៃការរញ្ជួយដីនៅក្នុងប្រទេសថៃ និងមីយ៉ាន់មារ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងបានណែនាំទៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងមីយ៉ាន់ម៉ារ ដើម្បីប្រមូលព័ត៌មានអំពីសុវត្ថិភាពរបស់ពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្ថិតក្នុងប្រទេសទាំងពីរ ដោយទទួលបានព័ត៌មាន បឋមពីស្ថានទូត ដូចខាងក្រោម៖
* ១៖ មានករណីរញ្ជួយដីកម្រិតខ្លាំងនៅទីក្រុងបាងកក ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ារ ដែលបណ្តាលឱ្យមានការបាក់អគារ និងបង្កការខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។
* ២៖ ស្ថានទូតមិនទាន់ទទួលបានព័ត៌មានណាមួយថាមានពលករ ឬពលរដ្ឋខ្មែរ រងគ្រោះ ដោយសារហេតុការណ៍រញ្ជួយដីនៅប្រទេសទាំងពីរនេះនៅឡើយទេ។
* ៣៖ ស្ថានទូត បានចាត់វិធានការភ្លាមៗ និងបានណែនាំដល់មន្ត្រីស្ថានទូតធ្វើការទាក់ទងប្រមូល ព័ត៌មានពីអាជ្ញាធរនៃប្រទេសតាំងនៅ និងក្រុមការងារគ្រប់តំបន់ដែលមានពលរដ្ឋខ្មែររស់នៅ និងធ្វើការអំពីសុវត្ថិភាពរបស់ពួកគាត់ និងត្រៀមលក្ខណៈសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធនៃប្រទេសម្ចាស់ផ្ទះ ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋខ្មែររងគ្រោះ ឬត្រូវការជំនួយឱ្យអស់ពីលទ្ធភាព។
* ៤៖ ជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវដល់ពលរដ្ឋ ខ្មែរទាំងអស់ ដែលកំពុងស្ថិតនៅប្រទេសទាំងពីរខាងលើ ពិសេសតំបន់ដែលរងគ្រោះដោយករណីរញ្ជួយដីទាំងនេះ សូមទាក់ទងជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកដើម្បីឱ្យពួកគេ ដឹងថាអ្នកមានសុវត្ថិភាព រក្សាការប្រុងប្រយ័ត្នខ្ពស់ ដោយចាត់វិធានការចាំបាច់ទាំងឡាយ សម្រាប់សុវត្ថិភាពផ្ទាល់ខ្លួន និងគោរពតាមការណែនាំ ឬវិធានការសុវត្ថិភាពរបស់អាជ្ញាធរមូលដ្ឋាន៕