(ភ្នំពេញ)៖ ឆ្លើយតបចំពោះស្ថានភាពក្រោយហេតុការណ៍រញ្ជួយដីនៅទីក្រុងបាងកក ប្រទេសថៃ រហូតបាក់រលំអគារនៅតំបន់ចាក់តុចាក់ ក្រុងបាងកក មន្ដ្រីស្ថានទូតរបស់កម្ពុជាប្រចាំនៅទីនោះ កំពុងប្រមូលព័ត៌មានជាមួយ សមត្ថកិច្ចថៃ ពាក់ព័ន្ធស្ថានភាពរបស់ពលករខ្មែរដែលកំពុងបម្រើការងារនៅតំបន់ដែលទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដី។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News មន្ដ្រីស្ថានទូតកម្ពុជា បានអះអាងថា រហូតមកទល់ល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចថៃមិនអាចបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះបាក់រលំអគារនោះ មានពលករខ្មែរដែរឬអត់នោះទេ ពោលកំពុងធ្វើការស្រាវជ្រាវ និងរុករកជនរងគ្រោះទាំងអស់ក្រោយអគារនេះបាក់។
យ៉ាងណាមិញ មន្ដ្រីស្ថានទូតបានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃ ត្រូវស្ដាប់ការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានឡើងពីហេតុការណ៍រញ្ជួយដី កម្រិតធ្ងន់នេះ។
សូមជម្រាបថា នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមីនានេះ គ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតដល់៧.៧រ៉ិចទ័រ បានវាយប្រហារចំតំបន់ភាគកណ្តាល នៃប្រទេសមីយ៉ាន់ម៉ា ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លា ក៏បានជះឥទ្ធិពលដល់ប្រទេសថៃ និង វៀតណាមផងដែរ។
ប្រជាជនថៃនៅក្នុងទីក្រុង Chiang Mai បានឲ្យដឹងថា ពួកគេបាននាំគ្នារត់ចេញទៅខាងក្រៅ ស្របពេលដែលអគារនានា បានរងការញ័ររញ្ជួយ។ បើតាម AFP តំបន់ភាគខាងជើងនិងភាគកណ្តាលប្រទេសថៃ បានទទួលរងឥទ្ធិពលរំញ័រ នៃគ្រោះរញ្ជួយដីនេះ។ យ៉ាងណាមិញ ភ្លាមៗមិនទាន់មានសេក្តីរាយការណ៍អំពីទំហំនៃការខូចខាត និងមនុស្សរងគ្រោះថ្នាក់ ដែលបង្កឡើងពីរញ្ជួយដីខាងលើនៅឡើយទេ៕