(កំពង់ធំ)៖ លោកស្រី លឹម ស្រីនិត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃគុយ ស្រុកកំពង់ស្វាយ លោក យស ថានារី សមាជិករដ្ឋសភា និងលោក យ៉ុន ចុងហ៊ឺ តំណាងមជ្ឈមណ្ឌល ចលនាភូមិប៊ីយ៉ុងដុងហ្គូនកូរ៉េ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញប្រគល់-ទទួលអគារមត្តេយ្យសហគមន៍ភូមិកំពង់ក្របី ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកស្រី លឹម ស្រីនិត បានបញ្ជាក់ថា ពិធីប្រគល់ទទួលអគារនាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការសម្ដែងចេញ កាយវិការមនុស្សធម៌ដ៏ល្អប្រពៃ ដើម្បីជួយដល់ក្មួយៗសិស្សានុសិស្ស ដែលបានរស់នៅតំបន់ជនបទ ក្នុងការទទួលបាននូវសាលារៀនថ្មី រួមទាំងសម្ភារសិក្សាជាច្រើនទៀត ដែលបានធ្វើឱ្យក្មួយៗ មានការសប្បាយរីករាយ ប្រកបដោយក្តីសង្ឃឹមនៅក្នុងជីវិត។
លោកស្រីបានសម្ដែងនូវការអបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះម្ចាស់ជំនួយដែលបានជួយឧបត្ថម្ភ ក្នុងការសាងសង់អគារសិក្សា និងផ្ដល់ជូននូវសម្ភារសិក្សា ផ្សេងៗជាច្រើនទៀត ជូនដល់សហគមន៍ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះម្ចាស់ជំនួយដែលបានជួយដល់ឃុំ ព្រៃគុយស្រុកកំពង់ស្វាយក៏ដូចជាខេត្តកំពង់ធំ។
លោកស្រីបន្ថែមថា វិស័យអប់រំគឺជាវិស័យមួយដ៏មានសារសំខាន់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹង និងជំរុញយ៉ាងខ្លាំងដែលធ្វើឱ្យមានការរីកចម្រើន ឈានឡើងនូវវិស័យអប់រំ និងមានការរីកដុះដាលសាលារៀនជាច្រើននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
លោក ជឿន ឃុន មេឃុំព្រៃគុយ តំណាងប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះមជ្ឈមណ្ឌលចលនាភូមិថ្មី ក្រុងសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ ដែលបានជួយឧបត្ថម្ភអគារមេត្តយ្យសិក្សាមួយខ្នង មួយបន្ទប់ បន្ទប់ទឹកពី២ និងកន្លែងលាងសម្អាតដៃ ដើម្បីប្រយោជន៍ដល់ប្រយោជន៍ប្រជាពលរដ្ឋក្នុងសហគមន៍ ។
លោកបន្ថែមថា អគារសហគមន៍មានបណ្ដោយ ៨ ម៉ែត្រ គុណ៦ម៉ែត្រ កម្ពស់៤ម៉ែត្រចាក់សាប ប្រក់ស័ង្កសី ដោយសាងសង់ពីថ្ងៃទី២៤ ខែកុម្ភៈ បញ្ចប់ថ្ងៃទី២៧ ខែមីនា ចំណាយថវិកាអស់៦ពាន់ដុល្លារអាមេរិក៕