(ព្រៃវែង)៖ លោក ម៉ុក វណ្ណា ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៥ បានអញ្ជើញផ្សព្វផ្សយខ្លឹមសារលទ្ធផលនៃសន្និបាទគណៈកម្មាធិការកណ្តាល លើកទី៤៥ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។ ពិធីផ្សព្វផ្សាយខ្លឹមសារអង្គសន្និបាតនេះ ក៏មានការចូលរួមពីលោកបណ្ឌិត ឃួន សុវណ្ណ អនុប្រធានក្រុមការងារចុះជួយឃុំសំរោងព្រមទាំងលោក លោកស្រី ដែលជាក្រុមការងារ និងសមាជិក សមាជិកាគណបក្សយ៉ាងច្រើនកុះករផងដែរ។

លោក ម៉ុក វណ្ណា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាន និងសមាជិក សមាជិកាគណបក្ស ដែលបានរួមសាមគ្គីយ៉ាងរឹងមាំ ព្រមទាំងយកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ និងសេចក្តីសម្រេចនានា របស់គណបក្សឱ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក។

ក្នុងឱកាសនោះ លោកម៉ុក វណ្ណា បានផ្តាំផ្ញើរដល់ក្រុមការងារគណបក្ស និងសមាជិក សមាជិកាគណបក្សត្រូវយកចិត្តទុកដាក់ លើការងារជាអាទិភាពមួយចំនួនរួមមាន៖ ទី១. ការងារគ្រប់គ្រងសមាជិកបក្ស រក្សាចាស់ បង្កើនថ្មី ទី២. ការងារពង្រឹងរចនាសម្ព័ន្ធចាត់តាំងបក្ស ទី៣. ការងារចិញ្ចឹមចលនានៅមូលដ្ឋាន។ គណបក្សឃុំ ភូមិ ត្រូវពង្រឹងរចនាសម្ព័ន្ធ អង្គការចាត់តាំងបក្ស គណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិ មណ្ឌលសកម្មភាពបក្ស ក្រុមបក្ស ក្រុមសកម្មជន និងរបៀបរបបធ្វើការច្បាស់លាស់។

លោកបានបន្តថា ក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវតែប្រព្រឹត្តតែអំពើល្អ និងត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម ខិតខំចលនាប្រជាពលរដ្ឋ ជាពិសេស សមាជិក-សមាជិកា គណបក្សនៅមូលដ្ឋានឲ្យចូលរួមអនុវត្តទិសដៅភារកិច្ចរបស់គណបក្ស ព្រោះប្រជាពលរដ្ឋ និងសមាជិកគណបក្សនៅមូលដ្ឋានជាប្រភពកម្លាំងមិនចេះរីងស្ងួត និងជាកត្តាសម្រេច នៃជោគជ័យរបស់គណបក្សនៅគ្រប់កាលៈទេសៈ។

បន្ថែមលើសពីនេះ លោកម៉ុក វណ្ណាក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវតែយកចិត្តទុកដាក់ ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ទាំងសេវាតម្រូវការ និងសេវាសំណូមពរឲ្យមានតម្លាភាព និងគណនេយ្យភាព ដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។

ជាមួយគ្នានេះត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងសង្គម ជាពិសេសបទល្មើសលួច ឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀនខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើងនៅតាមមូលដ្ឋានជាដើម៕