(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាងធិបតីសម្ពោធឆ្លងសាលាបាលី និងសមិទ្ធផលនានាក្នុងវត្តអង្គពាន់ ស្ថិតនៅភូមិត្រស់ ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ថ្លែងនាឱកាសនោះសម្តេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងារក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ ធ្វើឱ្យពិធីសម្ពោធឆ្លងសាលាបាលី សាលាបុណ្យ កុដិ និងសមិទ្ធផលនានា នៅវត្តព្រះអង្គពាន់ប្រព្រឹត្តិទៅប្រកបដោយបរិយាកាសអធិកអធម សាមគ្គីភាព និងសប្បាយរីករាយ។
សម្តេចបានថ្លែងអំណរគុណជូនចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រះស្តេច ខេត្តព្រៃវែង ព្រមទាំងបងប្អូនសប្បុរសជន ដែលបានបរិច្ចាគនូវធនធានជាថវិកាសម្ភារយ៉ាងច្រើន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមលើកស្ទួយវិស័យពុទ្ធសាសនា និងវិស័យផ្សេងៗជាច្រើនទៀត ដើម្បីអភិវឌ្ឍមូលដ្ឋានស្រុកព្រះស្តេច ខេត្តព្រៃវែង។
សម្តេចបន្តថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានប្រជាជនភាគច្រើនបានដើរតាមមាគ៌របស់ព្រះពុទ្ធ ហើយសាសនាព្រះពុទ្ធបានផ្ដល់ជំនឿយ៉ាងមុតមាំដល់ពុទ្ធសាសនិកផងដែរ។ តាមរយៈវត្តអារាម ដែលជាកន្លែងជួយទ្រទ្រង់នូវធម៌របស់ព្រះពុទ្ធដែលបានជួយអប់រំ និងកសាងសហគមន៍ តាំងពីអតីតកាលរហូតមកដល់នាពេលបច្ចុប្បន្ន ម្ល៉ោះហើយទើបរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដោយបានឃើញពីតម្លៃយ៉ាងសំខាន់របស់ពុទ្ធសាសនាបែបនេះ ទើបមានមតិមួយបានពោលថា «វត្តអារាមពុទ្ធសាសនាមានតួនាទីសំខាន់ចំពោះសង្គមខ្មែរ»។
ក្នុងឱកាសនោះសម្តេច បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវជំរុញការផ្សព្វផ្សាយអប់រំលើកកម្ពស់ការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ជាប់ជាប្រចាំ និងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអប្បបរិមា។
ជាមួយគ្នានេះសម្តេចក្រឡាហោម បានជំរុញឲ្យអាជ្ញាធរក៏ដូចជាកងកម្លាំងពាក់ព័ន្ធត្រូវបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ពិសេសសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុង គ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋានទូទាំងខេត្ត។
ទន្ទឹមនេះអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ត្រូវរៀបចំផែនការសកម្មភាពអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលពាក់ព័ន្ធសមត្ថកិច្ចរបស់ខ្លួន ដូចជាការផ្តល់សេវាសាធារណៈ ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ការលើកកម្ពស់សោភ័ណ្ឌភាព អនាម័យ បរិស្ថាន។ អាជ្ញាធរមានសមត្ថកិច្ចត្រូវបង្កើនការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹង និងបង្កើនការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់អគ្គិភ័យតាមគ្រប់រូបភាព។ ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់មនុស្ស ក្តីបារម្ភ ក៏លេចឡើងមកជាមួយគ្នាដែរនៅពេលបច្ចុប្បន្ននេះ។ ជាក់ស្តែងយើងឃើញមានរូបភាពនៃអំពើឆបោកតាមអនប្រព័ន្ធ អនឡាញ ដែលមានលក្ខណៈស្មុគស្មាញ ប្រទាក់ក្រឡានៅជុំវិញពិភពលោក រួមទាំង ការកើនឡើងនៃផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាដើម។
សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើឱ្យអាជ្ញាធរ ក៏ដូចជាគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ក្នុងនោះមានទាំងក្មួយៗជាសិស្សានុសិស្សដែរ សូមយកចិត្តទុកដាក់ ចូលរួមបង្ការ ទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ចៀសវាងការខាតបង់ ទ្រព្យសម្បត្តិ ក៏ដូចជាលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជន តាមអនឡាញ៕