(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានថ្លែងបញ្ជាក់ថា វគ្គហ្វឹកហ្វឺន បំប៉នដល់កងកម្លាំង គឺដើម្បីកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលខឿនការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ព ក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ។
លោកឧត្តមសេនីយ៍ទោ មៀច សាមុត បានថ្លែងដូចនេះនារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទបញ្ចប់វគ្គហ្វឹកហ្វឺន បំប៉ន ពង្រឹងវរសេនាតូច ដែលធ្វើឡើងនៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ២៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១។
លោកឧត្តមសេនីយ៍ទោ មៀច សាមុត បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនដែលបានធ្វើឡើងអស់រយៈពេល ៦១ថ្ងៃកន្លងមក និងត្រូវបានបិទបញ្ចប់នៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលខឿនការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ព ក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ និងបម្រើឲ្យការងារប្រយុទ្ធស្របទៅតាមលក្ខណៈបច្ចេកទេស សំដៅលើកកម្ពស់ចំណេះដឹង និងចំណេះធ្វើឲ្យដើរទន្ទឹមគ្នា ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ច ចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី ជាតិមាតុភូមិនៃយើង ចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។
លោកឧត្តមសេនីយ៍ទោ មៀច សាមុត ក៏បានផ្ដាំផ្ញើដល់យោធិនទាំងអស់ថា កត្តាចាំបាច់ដែលធ្វើឲ្យជោគជ័យលើការបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ បានល្អនិងជោគជ័យ គឺ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច ,អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ,ត្រូវមានគោលការណ៍ និងចក្ខុវិស័យច្បាស់លាស់ ។
នាឱកាសនោះដែរតំណាងសិក្ខាកាម បានឡើងប្ដេជ្ញាចិត្តថា នឹងខិតខំយកចំណេះដឹង ចំណេះធ្វើ ដែលបានសិក្សារៀរៀនសូត្រ ហ្វឹកហាត់កន្លងមក ឱ្យទៅជាសកម្មភាពជាក់ស្ដែង ក្នុងកាតព្វកិច្ចជាកងទ័ពអាជីព នៃកងយោធពលខេមរភូមិន្ទ ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងប្ដេជ្ញា មិនពាក់ព័ន្ធការដាំដុះ ការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ដែលច្បាប់បានកំណត់ជាដាច់ខាត។
សូមបញ្ជាក់ដែរថា វគ្គហ្វឹកហ្វឺន បំប៉ន ពង្រឹងវរសេនាតូច មានសិក្ខាកាម ៥០នាក់ ចូលរួមសិក្សាលើជំនាញកាំភ្លើងថ្មើរជើង ,យុទ្ធវិធីថ្មើរជើង ,អប់រំចិត្តសាស្ត្រ ,វិន័យ និងយោធារួម អស់រយៈពេល ៦១ថ្ងៃ កន្លងមកនេះ នៅរសៀលថ្ងៃទី២៨មីនា២០២៥ ត្រូវបានបិទបញ្ចប់នោះហើយ និងអង្គភាពបានរកឃើញសិក្ខាកាមដែលរៀនជាប់និទ្ទេស ៤៣នាក់ ក្នុងនោះ និទ្ទេសល្អ ២៨នាក់ ស្មើ ៥៦ភាគរយ និទ្ទេសល្អបង្គួរ ១៥នាក់ ស្មើ ៣០ភាគរយ និទ្ទេសមធ្យម ០៤នាក់ ស្មើ ០៨ភាគរយ និងនិទ្ទេសខ្សោយ ០៧នាក់ ស្មើ ១៤ភាគរយ៕