(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជាជនកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈចលនាសាសនិកឥស្លាមកម្ពុជាជាច្រើនរូប ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវជាបងប្រុសបង្កើត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២:២៧នាទីព្រឹក ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។
សពឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវបានតម្កាល់ធ្វើបុណ្យ នៅគេហដ្ឋាននៃសព ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សូមជម្រាបជូនថា មរណភាពរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាការបាត់បង់ ស្វាមី ឪពុក និងជីតា ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប និងជាកុលបុត្រស្នេហាជាតិ មាតុភូមិដ៏ឧត្តុង្គឧត្តមនៃព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងបុព្វហេតុបម្រើជាតិ សាសនា និងព្រះមហាក្សត្រ៕