(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងកត់សម្គាល់ថា ថ្មីៗនេះបើនិយាយអំពីទង្វើក្រុមប្រឹក្សាដេកតស៊ូពីស្រុកបារាំងរបស់សម រង្ស៊ី និងគូកនរបស់ខ្លួនដែលបានបញ្ចេញវេហារសាស្រ្ដយ៉ាងខែងរ៉ែង ដោយលើកយកពាក្យ "សន្ដិភាព" មកធ្វើជាល្បែងនិយាយលេងសើចក្នុងចេតនាបំផុសបំផុលដល់សកម្មជនខ្លួនឲ្យងើបទ្បើងបះបោរប្រឆាំងនឹងសន្ដិភាពបច្ចុប្បន្ន ហើយដាក់ជំនួសសន្ដិភាពរបស់ខ្លួនវិញ ហៅថា "សន្ដិភាពមានទុក្ខម្នាក់ដោះស្រាយម្នាក់" ឬ "សន្ដិភាពតវ៉ាម្នាក់ ដោះស្រាយយុត្ដិធម៌ម្នាក់" ដើម្បីឲ្យទទួលបានសន្ដិភាព និងយុត្ដិធម៌គ្រប់ៗគ្នា និងស្មើៗគ្នាទាំងក្មេងចាស់ ប្រុសស្រីនូវគ្រប់រឿងរ៉ាវតូច-ធំទាំងអស់ទូទាំងប្រទេសយ៉ាងពុះកព្រោលដូចយើងឃើញ។

នេះគឺជារឿងដ៏គួរឲ្យអស់សំណើចនិងហួសចិត្ដ។ ព្រោះសន្ដិភាព គឺផ្ទុយពីចលនាបំបះបំបោរបំបែកបំបាក់ជាតិ និងយុត្ដិធម៌សង្គម។ ហេតុនេះយើងអាចសួរថាតើសន្ដិភាព ផ្ទុយពីចលនាបំបះបំបោរបំបែកបំបាក់ជាតិ និងយុត្ដិធម៌សង្គមយ៉ាងណា? ដើម្បីជាការជូនជ្រាប លោក រ័ត្ន សណ្តាប់ នឹងបកស្រាយដូចខាងក្រោម៖

* សន្ដិភាព គឺជាការបញ្ចប់សង្រ្គាមទាំងស្រុង។
* ចលនាបំបះបំបោរបំបែកបំបាក់ជាតិ គឺជាអង្កការភេរវកម្ម មានគោលដៅដណ្ដើមអំណាចតាមផ្លូវរដ្ឋប្រហារ ឬបដិវត្ដពណ៌ដោយប្រើកម្លាំងដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នាំប្រទេសទៅរកសង្រ្គាម, ទាមទារឲ្យរាជរដ្ឋាភិបាលត្រូវមានវិធានការការពារសន្ដិភាពគ្រប់វិនាទី, គ្រប់ថ្ងៃ, គ្រប់ខែ, គ្រប់ឆ្នាំជាប្រចាំនិងរៀងរហូត។ បើពោលឲ្យខ្លី ដើម្បីការពារសន្ដិភាព បើឆេះមួយ ត្រូវពន្លត់មូយ គឺពន្លត់ឈើគូសមួយដើម ដើម្បីការពារភ្លើងឆេះព្រៃទាំងមូល។
* យុត្តិធម៌​សង្គម បើតាមលោកប្រធានាធិបតី Franklin D. Roosevelt បានគូសបញ្ជាក់ក្នុងសុន្ទរកថារបស់លោក កាលពីខែតុលា ឆ្នាំ១៩៣២ យ៉ាងច្បាស់ថា យុត្តិធម៍សង្គម គឺផ្តោតលើការដោះស្រាយភាពក្រីក្រដើម្បីឆ្ពោះទៅកាន់ការរស់រានមានជីវិត។ ស្ថិតក្នុងន័យនេះ ក្នុងបេះដូងសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដឹកនាំប្រទេសចេញពីគំនរផេះផង់ ក្រោមទស្សនវិជ្ជានយោបាយថា "មិនទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយការអត់អាហារទ្បើយ" ។ បច្ចុប្បន្នសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ ឆ្នាំ២០២៣ ហើយត្រូវបានលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស- Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិស្នើសុំដាក់ជាពាក្យស្លោករបស់អង្គការសហប្រជាជាតិ មានខ្លឹមសាថា " ក្នុងកិច្ចការអភិវឌ្ឍន៍សហគមន៍ទាំងអស់ គឺមិនត្រូវបោះបង់ចោលនរណាម្នាក់ ឬក៏ទីកន្លែងណាមួយ- Leave No One and No Place Behind " ។

ជាសរុបលោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា ហេតុនេះទង្វើរបស់សម រង្ស៊ី និងគូកនរបស់ខ្លួន ដែលបានញុះញង់ឲ្យសកម្មជនខ្លួនងើបទ្បើងបះបោរប្រឆាំងនឹងសន្ដិភាពបច្ចុប្បន្ននេះ គឺសម រង្ស៊ី ពុំយល់ថា តើអ្វីជាសន្ដិភាព? អ្វីចលនាបំបះបំបោរបំបែកបំបាក់ជាតិ? និងអ្វីយុត្ដិធម៌សង្គម? ទ្បើយ។ ដូច្នេះការបង្កើតក្រុមប្រឹក្សាដេកតស៊ូរបស់សម រង្ស៊ី កាលពីពេលថ្មីៗនេះ គឺជាការបង្កើតទ្បើងដើម្បីដាក់ជំនួសបន្ដពីចលនាតស៊ូពីឪពុករបស់ខ្លួន សម សារី ដោយញុះញង់សកម្មជនខ្លួនឲ្យដើរលើផ្លូវឈាមនិងទឹកភ្នែក ជាថ្មីម្ដងទៀត ទើបជារឿងត្រឹមត្រូវ ព្រោះក្រុមប្រឹក្សាដេកតស៊ូរបស់សម រង្ស៊ី ជាជំរុំឧទ្ទាមនយោបាយបំបះបំបោរដល់សកម្មជនខ្លួនឲ្យងើបទ្បើង ប្រឆាំងនឹងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដើម្បីបម្រើឲ្យមហិច្ឆតាខ្លួននិងបក្ខពួកខ្លួនតែប៉ុណ្ណោះ៕