(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំគណៈប្រតិភូ និងនិស្សិតថ្នាក់បណ្ឌិត និងអនុបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុសទី១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋាននៃសព ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥។
ក្នុងវេលាពោរពេញដោយ សមានទុក្ខនេះ គណៈប្រតិភូ បានសម្តែងនូវសមានទុក្ខដ៏មហាក្រៀមក្រំបំផុត និងតក់ស្លុត ក្នុងចិត្ត ជាអនេកប្បការ ចំពោះចំពោះការទទួលមរណភាព របស់ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុនសាន រដ្ឋលេខាធិការ ក្រសួងសាធា រណការនិងដឹកជញ្ជូនត្រូវជាបងប្រុសបង្កើតរបស់សម្តេចតេជោនិងបានចាត់ទកមរណភាព របស់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋិ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម១រូប បិតា បិតាក្មេក និងជីតា ប្រកបដោយ ព្រហ្មវិហារធម៌ និងជាបងប្រុសជាទីគោរពស្រឡាញ់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ សាច់ញាតិដ៏គួរឱ្យសោកសង្រេងនិងអាឡោះអាល័យ។ គំរូវីរភាពនិងស្នាដៃរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានដក់ជាប់ ក្នុងក្រឳបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួនចូលរួមចំណែកកសាងជាតិមាតុភូមិជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្តិភាព។
ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះគណៈប្រតិភូ និងនិស្សិតថ្នាក់បណ្ឌិត និងអនុបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលអនិច្ចកម្ម នាម៉ោង២៖២៧នាទី ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ៕