(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជានឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងនូវទឹកប្រាក់ចំនួន ១០០.០០០ដុល្លារ ដល់ប្រទេសមីយ៉ាន់ម៉ា ហើយនឹងកំពុងពិនិត្យលទ្ធភាពរួមចំណែកបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងតំបន់ តាមរយៈការផ្តល់ថ្នាំពេទ្យ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត តាមការសមស្រប។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបញ្ជាក់យ៉ាងដូចនេះនាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នាឱកាសដែលលោកអញ្ជើញចូលរួមថ្លែងបទអន្តរាគមន៍ ក្នុងឱកាសកិច្ចប្រជុំបន្ទាន់ពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ចំពោះមុខគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ។

បទអន្តរាគមន៍ទាំងស្រុងរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានខ្លឹមសារដូចនេះថា៖

*ទី១៖ ជាបឋម ខ្ញុំសូមថ្លែងអំណរគុណឯកឧត្តម Hasan រដ្ឋមន្ត្រីការបរទេសរបស់ម៉ាឡេស៊ី សម្រាប់គំនិតផ្តួចផ្តើមក្នុងការកោះប្រជុំរដ្ឋមន្ត្រីការរបរទេសអាស៊ានទាំងអស់នៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីជំនួយដែលយើង ក្នុងនាមជាសមាជិកគ្រួសារអាស៊ាន អាចជួយផ្តល់មីយ៉ាន់ម៉ា និងថៃ បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីថ្ងៃសុក្រ។

* ទី២៖ ខ្ញុំក៏សូមថ្លែងអំណរគុណដល់អគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌលអាស៊ានដើម្បី សម្របសម្រួលជំនួយមនុស្សធម៌ (ASEAN Coordinating Centre for Humanitarian Assistance-AHA Center) ដែលបានផ្តល់ព័ត៌មានសង្ខេបដល់យើងអំពីស្ថានភាពនៅទីកន្លែងរងគ្រោះផ្ទាល់ ដែលបង្ហាញពីវិសាលភាពនៃការបំផ្លិចបំផ្លាញ និងសកម្មភាពនានាដែលបានអនុវត្ត ឡើងដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ ដោយឡែកនៅកម្ពុជាមានការញ័ររញ្ជួយតិចតួចផងដែរ។

* ទី៣៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរូបខ្ញុំផ្ទាល់ បានផ្ញើលិខិតរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ចំពោះការបាត់បង់អាយុជីវិតរបួស និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

* ទី៤៖ យើងសូមបួងសួងដល់ព្រលឹងនៃអ្នកដែលបានទទួលមរណភាព និងសូមឱ្យអ្នករងរបួសនិងរងផលប៉ះពាល់បានជាសះស្បើយយ៉ាងឆាប់រហ័ស។ យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះអ្នកដែលបានបាត់បង់បុគ្គលជាទីស្រលាញ់ និងអ្នកដែលកំពុងតស៊ូដ៏លំបាកក្នុងគ្រោះមហន្តរាយនេះ។

* ទី៥៖ កម្ពុជាសូមបង្ហាញនូវសាមគ្គីភាព និងគាំទ្រយ៉ាងពេញលេញជាមួយបងប្អូនអាស៊ានរបស់យើង។ សេចក្តីថ្លែងការណ៍រួមរបស់អាស៊ាននៃការជួបប្រជុំរបស់យើងនៅថ្ងៃនេះ អ្វីដែលយើងបានធ្វើជាលក្ខណៈបុគ្គល និងជាសមូហភាព [ហើយនៅទីនេះខ្ញុំកំពុងសំដៅទៅលើការឆ្លើយតបយ៉ាងសកម្ម ដោយប្រទេសសមាជិកអាស៊ានមួយចំនួន ជាពិសេសម៉ាឡេស៊ី សិង្ហបុរី និងថៃ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ និងការប្រើប្រាស់យន្តការមនុស្សធម៌ និងការឆ្លើយតបគ្រោះមហន្ត រាយអាស៊ាន] និងអ្វីដែលយើងនឹងធ្វើដើម្បីជួយដល់ពួកគេ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីឯកភាព និងសាមគ្គីភាពរបស់យើងហើយជាសារដ៏មានឥទ្ធិពលដែលប្រាប់ថា ប្រទេសមីយ៉ាន់ម៉ា និងថៃ មិន មែនប្រឈមមុខនឹងវិបត្តិនេះតែម្នាក់ឯងទេ។

* ទី៦៖ កម្ពុជានឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងនូវទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារ (១០ម៉ឺនដុល្លារ អាម៉េរិក) ដល់ប្រទេសមីយ៉ាន់ម៉ា ហើយយើងកំពុងពិនិត្យលទ្ធភាពរួមចំណែកបន្ថែមទៀតដល់កិច្ច ខិតខំប្រឹងប្រែងសង្គ្រោះក្នុងតំបន់ តាមរយៈការផ្តល់ថ្នាំពេទ្យ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត តាមការសមស្រប។ យើងរីករាយដែលបានឮប្រទេសជាច្រើននៅក្រៅតំបន់ក៏ផ្តល់ជំនួយ សង្គ្រោះបន្ទាន់ដល់មីយ៉ាន់ម៉ាដែរ។

* ទី៧៖ ខ្ញុំក៏សូមឆ្លៀតឱកាសនេះសម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលនៃប្រទេស មីយ៉ាន់ម៉ា និងប្រទេសថៃ ចំពោះជំនួយដែលបានផ្តល់ជូនដល់ប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។ ស្ថានទូតរបស់យើងនៅក្នុងប្រទេសនីមួយៗ កំពុងធ្វើការយ៉ាង ជិតស្និទ្ធជាមួយក្រុមជួយសង្គ្រោះនៅលើទីកន្លែងផ្ទាល់។

* ទី៨៖ ដោយសារមនុស្សជាច្រើននៅជាប់ក្រោមអគារបាក់បែក និងត្រូវការជំនួយផ្នែកវេជ្ជសាស្ត្រ យើងត្រូវធ្វើការឱ្យបានរហ័ស ដើម្បីសង្គ្រោះអាយុជីវិតឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ រាល់ នាទីនីមួយៗមានសារសំខាន់ខ្លាំងណាស់។

*ទី៩៖ ព្រះរាជាណាចក្រកម្ពុជានៅតែប្រកាន់ខ្ជាប់ការប្តេជ្ញាចិត្តក្នុងការស្មារតីសាមគ្គីភាពជាមួយប្រទេស មីយ៉ាន់ម៉ា ថៃ និងក្រុមគ្រួសារអាស៊ានទាំងមូល ក្រោមភាពជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី ក្នុង អំឡុងពេលដ៏លំបាកនេះ។

ជាចុងក្រោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលរួមជាមួយម៉ាឡេស៊ី និងសហការីផ្សេងទៀត ធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា ឱ្យមានបទឈប់បាញ់ដោយផ្តោត លើសន្តិភាព ដូចដែលបានស្នើឡើងដោយ ឯកឧត្តម Erywan រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេ ដារុស្សាឡាំ ដើម្បីឱ្យជំនួយមនុស្សធម៌បានទៅដល់អ្នកដែលត្រូវការជំនួយជាចាំបាច់៕