(ពោធិ៍សាត់)៖ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណវត្តពោធិ៍សុវណ្ណរង្សី ស្ថិតក្នុងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានរៀបចំបុណ្យកតញ្ញូកតវេទី ជាលក្ខណៈប្រមូលផ្តុំ ជូនចំពោះចាស់ព្រឹទ្ធាចារ្យ និងលោកតា លោកយាយ អញ្ជេីញមកពីឃុំអន្លង់វិល និងឃុំវាល ស្រុកកណ្តៀង ប្រមាណជាង១ពាន់ ដែលពួកគាត់មានអាយុចាប់ពី៦៥ឆ្នាំឡើង ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ។
លោកបណ្ឌិត ប្រាំង ជលសា បានលើកឡើងថា កម្មវិធីបុណ្យកតញ្ញូកតវេទី ជូនចំពោះលោកតា លោកយាយ ចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ បានអនុវត្តជាង១៧ឆ្នាំមកហើយ ដោយចាប់ផ្តើមដំបូង នាអំឡុងពេលលោក កែវ រតនៈ ជាអតីតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ ក្នុងគោលបំណងគោរពដឹងគុណ និងចម្រើនជន្មាយុជូនចាស់ព្រឹទ្ធាចារ្យ លោកតា លោកយាយ នៅក្នុងឱកាសមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោកបណ្ឌិតបន្តថា ចាប់តាំងពីលោកចូលមកដឹកនាំបន្ត ពីលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ លោកបានបន្តរៀបចំកម្មវិធីនេះ នៅតាមបណ្តាឃុំ ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ជាស្តែងនាថ្ងៃនេះ គឺបិទបញ្ចប់ត្រឹមឃុំអន្លង់វិល និងឃុំវាល ស្រុកកណ្តៀង មានចាស់ព្រឹទ្ធាចារ្យ និងលោកតា លោកយាយចូលរួម ប្រមាណជាង១ពាន់នាក់។
លោកបានថ្លែងថា ចាស់ព្រឹទ្ធាចារ្យ គឺជាធនធានមនុស្សដ៏មានតម្លៃ បំផុតក្នុងសង្គមជាតិ ដែលបានចូលរួមការពារសុខសន្តិភាព និងមានបទពិសោធន៍ និងស្នាដៃរាប់មិនអស់ ក្នុងការផ្តល់នូវដំបូន្មានល្អៗ មកដល់មនុស្សជំនាន់ក្រោយ ជាពិសេសបានចូលរួមថែរក្សាការពារ នូវតម្លៃប្រពៃណី វប្បធម៌ខ្មែរ ដូច្នេះយើងជាកូន ចៅប្រុសចៅស្រីគ្រប់ៗរូប ទោះជាស្ថិតក្នុងស្ថានភាពជីវភាពយ៉ាងណាក៏ដោយ ត្រូវតែតបស្នង និងកតញ្ញូ ជូនចំពោះពួកគាត់ មិនត្រូវមើលរំលងនោះឡើយ។
លោកបណ្ឌិតបានបន្តថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ សមិទ្ធផលទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ នៅក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ក៏ដូចទូទាំងខេត្តពោធិ៍សាត់ មានការអភិវឌ្ឍ ដែលអាចឆ្លុះបញ្ចាំងបានថា សមិទ្ធផលទាំងអស់នេះ គឺមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលជួយយើង និងមានអ្វីៗគ្រប់បែបយ៉ាង។ ការរីកចម្រើនទាំងអស់នេះ គឺមិនទាន់បានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនោះទេ ដូច្នេះគណបក្សប្រជាជនកម្ពុជា នៅតែបន្តការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតឱ្យកាន់តែសម្បូរបែប និងជឿនលឿនជាងនេះទៅទៀត ទៅតាមដំណាក់កាលនីមួយៗ មិនចេះដើរសន្យានោះទេ ពោលថាគឺត្រូវតែធ្វើ»។
លោកបណ្ឌិត ប្រាំង ជលសា បានបញ្ជាក់ថា ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា បន្តការអភិវឌ្ឍសង្គមជាតិ និងរស់នៅយ៉ាងសុខដុមរមនាប្រកបដោយក្តីសង្ឃឹម ក្រោមម្លប់សន្តិភាព និងនយោបាយឈ្នះ-ឈ្នះ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ លោកសូមឱ្យលោកតា លោកយាយ បន្តចូលរួមគាំទ្រ និងមានទំនុកចិត្តយ៉ាងមុតមាំ មកលើគណបក្សប្រជាជនកម្ពុជា គឺមានតែគណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខ និងជួយអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ធ្វើឱ្យជីវភាពធូរធាកាត់បន្ថយភាពក្រីក្រ។
ជាការពិតណាស់ថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយឈរលើទស្សនៈ និងចក្ខុវិស័យវែងឆ្ងាយនិងការកែទម្រង់ស៊ីជម្រៅ ក្នុងការស្តារកសាងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ ជាពិសេសនាពេលថ្មីៗនេះ បានបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាចំណងដៃប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន ព្រមទាំងដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះចំនួន៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ប្រកបដោយសមត្ថភាពខ្ពស់ និងភាពជឿជាក់៕