(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២៥ បានអញ្ជើញសំណេះសំណាល និងចែក័ណ្ណសរសើរដល់អ្នកបង្កើតមាតិកាចំនួន ៣៥នាក់បង្កើតឡើងដោយមន្ទីរទេសចរណ៍ខេត្ត ក្នុងគោលដៅជួយបង្កើតមាតិកាផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកកំសាន្តក្នុងខេត្តកំពង់ចាម កាន់តែច្រើនថែមទៀត ។
ស្ថិតក្នុងឱកាសសំណេះសំណាលនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្ដល់អនុសាសន៍មួយចំនួន ដល់អ្នកបង្កើតមាតិកា ឲ្យចេះជ្រើសរើសយកចំណុចសំខាន់ៗពាក់ព័ន្ធវិស័យទេសចរណ៍ ធ្វើការផ្សព្វផ្សាយដើម្បីជាចំណាប់អារម្មណ៍ដល់ភ្ញៀវទេសចរណ៍ ឱ្យមានចិត្តចង់មកកំសាន្ត តាមរមណីយដ្ឋាន ឬតំបន់ទេសចរណ៍នានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានមានប្រសាសន៍ក្រើនរំលឹកដល់មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ សូមឱ្យមានការសិក្សាបន្ថែមទៀត នូវសក្តានុពលដែលមាន អ្វីដែលខេត្តកំពង់ចាមធ្វើបាន ត្រូវជំរុញវិស័យទេសចរណ៍នេះដើរ ។ ទន្ទឹមនិងនេះ ជាចក្ខុវិស័យរបស់ខេត្តកំពង់ចាម ក៏បានដាក់ចេញនូវការអភិវឌ្ឍន៍ នៃការរៀបចំតំបន់ដែលមានសក្តានុពលវិស័យទេសចរណ៍នេះ ទោះបីជាខេត្តយើងមិនមែនគោលដៅទេសចរណ៍បេតិកភណ្ឌវប្បធម៌ ដូចខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តកំពង់ធំយ៉ាងណាក៏ដោយ ប៉ុន្តែយើងត្រូវស្វែងយល់អំពី ផ្នត់គំនិត និងចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរណ៍បរទេស ដែលពួកគាត់ចង់មកលេងកម្សាន្តសប្បាយ ដែលខេត្តយើងមានអ្វីមួយទាក់ទាញចិត្តរបស់ពួកគាត់នោះ។
លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ប្រការដែលមានអ្នកបង្កើតមាតិកា គឺធ្វើឡើងស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលត្រូវនាំកម្ពុជាទៅកាន់ពិភពលោក តាមរយៈការផ្សព្វផ្សាយ បន្ទាប់មកនាំពិភពលោកមកកាន់កម្ពុជាវិញ គឺនាំភ្ញៀវទេសចរណ៍ ដែលជាការផ្ដល់ឱកាសការងារ នាំមកនូវប្រាក់ចំណូល និងកិត្តិយសរបស់ប្រទេសជាតិយើង។ ដូច្នេះសូមអ្នកបង្កើតមាតិកា ធ្វើយ៉ាងណាជួយធ្វើការផ្សព្វផ្សាយ ដើម្បីធ្វើឲ្យវិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាមរបស់យើងកាន់តែមានការអភិវឌ្ឍន៍ និងមានការរីកចម្រើនបន្ថែមទៀត ៕