(ពោធិ៍សាត់)៖ ករណីលោកស្រី សែម សុខគា កាន់កាប់ដីរដ្ឋនៅភ្នំ១៥០០, ក្រសួងយុត្តិធម៌ បានស្នើឱ្យតុលាការ និងតំណាងអយ្យការខេត្តពោធិ៍សាត់ មិនឃុំខ្លួនលោកស្រី និងលើកទឹកចិត្តឲ្យរកដំណោះស្រាយជាគោលនយោបាយជាមួយសមត្ថកិច្ច។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ដើម្បីបន្តធានាឱ្យមានបរិយាកាសល្អប្រសើរក្នុងការដោះស្រាយចំពោះករណីសំណុំរឿងរបស់លោកស្រី សែម សុខគា ក្រសួងយុត្តិធម៌ នឹងស្នើសុំឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បន្តបង្អង់នីតិវិធីរបស់ខ្លួន ឬបង្កលក្ខណៈឱ្យសាមីខ្លួនអាចចូលឆ្លើយបំភ្លឺនៅចំពោះមុខតុលាការតាមនីតិវិធីច្បាប់ដោយគ្មានការឃាត់ខ្លួន។ បន្ថែមពីនេះ, ក្រសួងយុត្តិធម៌នៅបន្តស្វាគមន៍ ចំពោះការចូលរួមបំភ្លឺរបស់លោកស្រី សែម សុខគា ចំពោះករណីបណ្ដឹងរបស់សាមីខ្លួនដាក់មកក្រសួងយុត្តិធម៌។
ក្រសួងយុត្តិធម៌ ក៏សូមលើកទឹកចិត្តឱ្យលោកស្រី សែម សុខគា ជួបជាមួយអាជ្ញាធរមាន សមត្ថកិច្ច ដើម្បីស្នើសុំដំណោះស្រាយជាគោលនយោបាយ ដូចដែលត្រូវបានអនុវត្តចំពោះប្រជាពលរដ្ឋដែល បានតាំងទីលំនៅដោយខុសច្បាប់នៅក្នុងតំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិ (តំបន់អន្ទង់អាំង) និង ដែលបានធ្វើការចាកចេញដោយស្ម័គ្រចិត្ត។
ក្រសួងយុត្តិធម៌ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥, ក្រសួងយុត្តិធម៌បានទទួលបណ្ដឹងពីលោកស្រី សែម សុខគា ស្នើសុំអន្តរាគមន៍ស្វែងរកយុត្តិធម៌ ជុំវិញករណីដីធ្លីនៅតំបន់ភ្នំ១៥០០ ខេត្តពោធិ៍សាត់។ បន្ទាប់ពីបានទទួលបណ្តឹងនេះ, ក្រសួងយុត្តិធម៌បានចាត់ក្រុមការងារមួយ ចុះទៅអង្កេតស្រាវជ្រាវស្វែងរកការពិត ជុំវិញរឿងនេះ ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការពិនិត្យ និងដោះស្រាយបណ្តឹងអន្តរាគមន៍របស់លោកស្រី សែម សុខគា។
ក្នុងការស្រាវជ្រាវស្វែងរកការពិតចំពោះករណីនេះ, ក្រុមការងារក្រសួងយុត្តិធម៌ក៏បានអញ្ជើញលោកស្រី សែម សុខគា ដែលជាម្ចាស់បណ្ដឹងរហូតដល់ទៅ ៣លើក ដើម្បីសាកសួរព័ត៌មានលម្អិតបន្ថែមទៀត។ លើសពីនេះ, ក្រសួងយុត្តិធម៌បានធ្វើលិខិតទៅប្រធានសាលាដំបូងខេត្តពោធិ៍សាត់ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ស្នើសុំឱ្យបង្អង់នីតិវិធី ដើម្បីផ្តល់នូវការធានា និងបង្កលក្ខណៈល្អប្រសើរឱ្យលោកស្រី សែម សុខគា អាចចូលមកបំភ្លឺលើបណ្ដឹងស្នើសុំអន្តរាគមន៍របស់លោកស្រី។ ប៉ុន្តែលោកស្រី សែម សុខគា នៅតែមិនបានចូលមកផ្តល់ព័ត៌មានបន្ថែម តាមការអញ្ជើញរបស់ក្រសួងយុត្តិធម៌ ចំពោះការស្រាវជ្រាវស្វែងរក ការពិតនៅក្នុងបណ្ដឹងដែលខ្លួនបានស្នើសុំអន្តរាគមន៍ស្វែងរកយុត្តិធម៌នោះឡើយ។
បន្ទាប់ពីបានចុះស្រាវជ្រាវដល់ទីតាំងដីដោយផ្ទាល់ និងបានជួបសួរព័ត៌មានលម្អិតពីអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធរួចមក ក្រុមការងារក្រសួងយុត្តិធម៌រកឃើញថា៖
(១)-ទីតាំងដីដែលលោកស្រី សែម សុខគា កំពុងកាន់កាប់ហើយដែលអះអាងថា មានប្លង់រឹងនោះ គឺជារឿងមិនពិត ព្រោះថាដីនេះស្ថិតនៅក្នុងតំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិ (តំបន់អន្ទង់អាំង) ហើយនៅក្នុងតំបន់នេះ ពុំមានដីណាមួយមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) នោះទេ។
ចំពោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៥០៦០៣០៥-០៨៤១ មានក្បាលដីលេខ ៨៤១ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ ដែលត្រូវបានធ្វើឡើងតាមរយៈការចុះបញ្ជីដីធ្លីជាប្រព័ន្ធដែលលោកស្រី សែម សុខគា បានលើកបង្ហាញនៅ ក្នុងបណ្តាញសង្គម គឺជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៃដីផ្សេង ដែលស្ថិតនៅចម្ងាយ ២ ៧៦៩ ម៉ែត្រ ពីទីតាំងដីដែលលោកស្រី សែម សុខគា កំពុងកាន់កាប់ក្នុងតំបន់ការពារ។ លោកស្រី សែម សុខគា បានដឹងរឿងនេះតាំងពីអំឡុងឆ្នាំ២០១៧ មកម៉្លេះ ប៉ុន្តែ លោកស្រី នៅតែលើកឡើងអំពីរឿងប័ណ្ណនេះខុសពីការពិត តាមបណ្តាញសង្គម ដែលធ្វើឱ្យមានការភ័ន្តច្រឡំជាសាធារណៈ។
(២)-លោកស្រី សែម សុខគា មិនមែនមានដីតែមួយកន្លែងនេះទេ ប៉ុន្តែលោកស្រីមានដី យ៉ាងតិចចំនួន ៦កន្លែងផ្សេងទៀត នៅក្រៅពីតំបន់ការពារនេះ ហើយប្លង់ដីទាំងនោះ ត្រូវបានលោកស្រី សែម សុខគា យកទៅដាក់ធានាបំណុលធនាគារជាង ១០ម៉ឺនដុល្លារអាម៉េរិក។ ទន្ទឹមនេះ, ទីតាំងផ្ទះដែលលោកស្រី សែម សុខគា កំពុងរស់នៅ ក៏មិនស្ថិតនៅក្នុងតំបន់អន្ទង់អាំងនេះដែរ។
ក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនថា ដីស្ថិតនៅក្នុងតំបន់សហគមន៍ នៃតំបន់ការពារ ធម្មជាតិ (តំបន់អន្ទង់អាំង) គឺជាដីរបស់រដ្ឋ ហើយរដ្ឋបានសម្រេចដកហូតដីដែលត្រូវបានកាន់កាប់ដោយ ខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិនេះយកមកវិញ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជនទូទាំងប្រទេស គឺមិនមែនសម្រាប់ជាប្រយោជន៍របស់បុគ្គលឯកជនណាមួយនោះទេ។
ជាទិដ្ឋភាពច្បាប់, ការកាន់កាប់ ឬការតាំងទីលំនៅនៅលើដីរដ្ឋ មិនត្រឹមតែមិនអាចទទួលបានកម្មសិទ្ធិនោះទេ ប៉ុន្តែ ថែមទាំងជាអំពើខុសច្បាប់។ ទន្ទឹមនេះ, អ្នកកាន់កាប់ដីរដ្ឋដោយខុសច្បាប់នេះមិនត្រឹមតែត្រូវរុះរើ ចេញដោយមិនទទួលបានសំណងនោះទេ ប៉ុន្តែត្រូវប្រឈមនឹងទោសព្រហ្មទណ្ឌតាមការកំណត់របស់ច្បាប់ជាធរមាន។ ទោះជាយ៉ាងនេះក៏ដោយ, ជាការគិតគូរដល់ប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចនៅតែសម្របសម្រួលផ្តល់ដំណោះស្រាយជាគោលនយោបាយសមស្របដល់ប្រជាពលរដ្ឋដែលចាកចេញដោយស្ម័គ្រចិត្ត។ ដោយឡែកចំពោះអ្នកនៅបន្តរឹងទទឹងកាន់កាប់ដីរដ្ឋដោយខុសច្បាប់ មិនព្រមចាកចេញ ត្រូវប្រឈមនឹងចំណាត់ការតាម នីតិវិធីច្បាប់ជាធរមាន។