(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាលិខិតថ្លែងអំណរគុណជូនចំពោះឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាល បក្សកុម្មុយនីស្តវៀតណាម ដែលបានផ្ញើសាលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាបងប្រុសរបស់សម្តេច។
នៅក្នុងសាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចនេះថា៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលិខិតរំលែកទុក្ខដ៏ក្រៀមក្រំរបស់ ឯកឧត្តម ចំពោះការទទួលមរណភាពរបស់បងប្រុសជាទីគោរពស្រឡាញ់របស់ខ្ញុំ គឺឯកឧត្តម ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំ និងក្រុមគ្រួសារ ផ្តល់តម្លៃខ្ពស់ចំពោះការបង្ហាញនូវក្តីអាណិតអាសូររបស់ ឯកឧត្តម ក្នុងគ្រានៃទុក្ខ សោកដ៏ធំធេងនេះ។ ពាក្យពេចន៍ប្រកបដោយសមានចិត្ត និងមនោសញ្ចេតនារបស់ ឯកឧត្តម បានផ្តល់ ភាពធូរស្បើយក្នុងចិត្តដល់យើងខ្ញុំ ក្នុងអំឡុងពេលនៃការកាន់ទុក្ខនេះ។
ខ្ញុំ និងក្រុមគ្រួសារ សូមជូនពរ ឯកឧត្តម និងក្រុមគ្រួសារ សមប្រកបតែសុខភាពល្អ សុភមង្គល វិបុល ភាព និងជោគជ័យគ្រប់ប្រការ៕