(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ សមាជិកពេញសិទ្ធិរាជបណ្ឌិត្យសភាកម្ពុជា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានទទួលមរណភាពនៅថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៩៖១៥នាទីយប់ ដោយរោគាពាធ ក្នុងជន្មាយុ៩២ឆ្នាំ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការដ្ឋានរាជបណ្ឌិតសភាកម្ពុជា បានឲ្យដឹងថា បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ ជាបញ្ញាជនឆ្នើមជំនាញភាសាវិទ្យាខ្មែរ ព្រមទាំងបានបន្សល់ស្នាដៃជាច្រើន ជាប្រយោជន៍អក្សរសាស្ត្រជាតិ។
លោក ព្រុំ ម៉ល់ កើតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៣៧ នៅស្រុកស្វាយរៀង ខេត្តស្វាយរៀង។ លោកមានកូនចំនួន ៤នាក់។
លោកបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ មានប្រវត្តិដូចខាងក្រោមនេះ៖
ប្រវត្តិការសិក្សា
១៖ ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា
* ១៩៧៣-៧៦ ឧត្តមសិក្សាកម្រិតបណ្ឌិត នៅសាកលវិទ្យាល័យ Rennes I ក្រុងRenne, ប្រទេសបារាំង
* ១៩៥៨-១៩៦០ ឧត្តមសិក្សាកម្រិតបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Rennes ក្រុង Rennes, ប្រទេសបារាំង
* ១៩៦៣-១៩៦៥ ឧត្តមសិក្សាកម្រិតបរិញ្ញាបត្រនៅឧត្តមសិក្សាកម្រិតបរិញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
២៖ មធ្យមសិក្សា
* ១៩៥៧-៥៨ មធ្យមសិក្សាទុតិយភូមិ នៅសាលាគរុកោសល្យ ក្រុង Rennes, ប្រទេសបារាំង
* ១៩៥៥-៥៧ មធ្យមសិក្សាទុតិយភូមិ នៅសាលាគរុកោសល្យ ក្រុង Saint-Brieuc, ប្រទេសបារាំង
* ១៩៥១-៥៥ មធ្យមសិក្សាបឋមភូមិ នៅសាលាគរុកោសល្យ ភ្នំពេញ
* ១៩៤៨-១៩៥១ បឋមសិក្សាទុតិយភូមិនៅសាលាបឋមសិក្សាឈើទាល ឃុំឈើទាល ស្រុកស្វាយរៀង
* ១៩៤៥-១៩៤៨ បឋមសិក្សាបឋមភូមិ នៅសាលាបឋមសិក្សាស្វាយធំ ឃុំស្វាយធំ ស្រុកស្វាយរៀង។
៣៖ សញ្ញាបត្រនិងចំណេះវិទ្យា
* សញ្ញាបត្រថា្នក់បណ្ឌិត ខាងភាសាវិទ្យាទូទៅ ឆ្នាំ១៩៧៦
* សញ្ញាបត្របរិញ្ញាបត្រ អក្សរសាស្ត្របារាំង ឆ្នាំ១៩៦៥
* សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ផ្នែកទស្សនៈវិជ្ជា) ឆ្នាំ១៩៥៨
* សញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៃក្រសួងអប់រំកម្ពុជា ភ្នំពេញ នៅឆ្នាំ១៩៥៥
* សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ បារាំង (BEPC) ពី Lycée Descartes ភ្នំពេញ នៅឆ្នាំ១៩៥៥
* មានចំណេះខាងទស្សនវិជ្ជា ចិត្តវិទ្យា វិទ្យាសាស្ត្រសេដ្ឋកិច្ច និង វិទ្យាសាស្ត្រគ្រប់គ្រង។
ឋានៈ
* ទីប្រឹក្សារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/២០៥៦ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ មានឋានៈស្មើទេសរដ្ឋមន្ត្រី។
* ទីប្រឹក្សារាជរដ្ឋាភិបាល អាណត្តិទី៥ នៃរដ្ឋសភា តាមព្រះរាជក្រឹត្យលេខ នស/រកត/១០១៣/១០២៣ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ មានឋានៈស្មើរដ្ឋមន្ត្រី។
* ទីប្រឹក្សារាជរដ្ឋាភិបាលទទួលបន្ទុកផ្នែកភាសាវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា តាមព្រះរាជក្រឹត្យលេខ ពរល.១១០៨.៧៨០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១១ មានឋានៈស្មើរដ្ឋមន្ត្រី
* ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ត្រី តាមព្រះរាជក្រឹត្យលេខ នស/រកត/០១០៦/០០៧ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៦ មានឋានៈស្មើអនុរដ្ឋលេខាធិការ និង លេខ នស/រកត/០៧០៨/៨២៥ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០៨ មានឋានៈស្មើរដ្ឋលេខាធិការ
* មុខងារជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ៖
- បណ្ឌិតសភាចារ្យស្ថាបនិក តាមព្រះរាជក្រឹត្យលេខ នស/រកត/០៣១៥/២៥២ (ពរល.០៥០៣.២៥៥) ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥
- សមាជិកពេញសិទ្ធរាជបណ្ឌិត្យសភាកម្ពុជា តាមអនុក្រឹត្យលេខ ២៤៥ អនក្រ.តត ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០២
* សមាជិកគណបក្សប្រជាជនកម្ពុជា, បណ្ណលេខ ៥៥.០៩១៦ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៩៩។
បទពិសោធន៍ការងារ
១៖ កិច្ចការ និង មុខងារ នៅប្រទេសខ្មែរ
១.១. លើកទី១
* បង្រៀនអក្សរសាស្ត្របារាំង នៅវិទ្យាល័យព្រះយុគន្ធរ ភ្នំពេញ (ឆ្នាំសិក្សា១៩៦២-៦៣)
* នាយកសិក្សា នៅវិទ្យាស្ថានជាតិគរុកោសល្យ ភ្នំពេញ (ឆ្នាំសិក្សា១៩៦៣-៦៤)
* អគ្គលេខាធិការ នៅមហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រ ភ្នំពេញ (ឆ្នាំ១៩៦៤-៦៧)
* បេសកកម្មពិសេស នៅខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងអប់រំ ភ្នំពេញ (ពីថ្ងៃទី០១-០៧-៦៧ ដល់ថ្ងៃទី១០-១០-៦៧)
* ព្រឹទ្ធបុរសនៃមហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្សសាស្ត្រ ភ្នំពេញ (ពីថ្ងៃទី២៣-១០-៦៧ ដល់ថ្ងៃទី២២-១២-៧១)
* កិច្ចការនៅការិយាល័យភាសាបារាំង នៅនាយកដ្ឋាននៃកិច្ចការគរុកោសល្យ ភ្នំពេញ (ពីថ្ងៃទី២៣-១២-៧១ ដល់ថ្ងៃទី០៨-០៩-៧២)។
១.២ លើកទី២
* បង្រៀនភាសាវិទ្យា និង ដឹកនាំការស្រាវជ្រាវធ្វើសារណានិងនិក្ខេបបទ នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៣។
* បង្រៀនសង្គមភាសាវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅឆ្នាំសិក្សា ២០០២-២០០៣, ២០០៨-២០០៩, ២០១០-២០១១,២០១៣-២០១៤។
* បង្រៀនវចនវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅឆ្នាំសិក្សា២០០៦-២០០៧។
* បង្រៀនសង្គមភាសាវិទ្យា នៅសាកលវិទ្យាល័យខេមរៈ ភ្នំពេញ ឆ្នាំសិក្សា២០០៨-២០០៩។
* បង្រៀនន័យកម្មវិទ្យា នៅវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមនិងបច្ចេកវិទ្យា ស្វាយរៀង ឆ្នាំសិក្សា២០០៩-២០១០, ២០១០-២០១១។
* ទទួលបន្ទុកដឹកនាំគណៈកម្មាធិការជាតិភាសាខ្មែរ (គ.ជ.ភ.ខ.) ក្នុងឋានៈជាអនុប្រធានអចិន្ត្រៃយ៍ ពីខែមីនា ឆ្នាំ២០០៧ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១១។
* ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១១ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦។
២. មុខងារ នៅក្រៅប្រទេសខ្មែរ
២.១ មុខងារ មុនចូលបម្រើក្នុងក្របខណ្ឌទំនាក់ទំនងរវាងក្រសួងការបរទេសបារាំង និងប្រទេសនានា
* បង្រៀនសូរវិទ្យានិងសទ្ទតាវិទ្យាខ្មែរ នៅសាកលវិទ្យាល័យរ៉ែនទី២ ក្រុងរ៉ែន (ប្រទេសបារាំង) ឆ្នាំសិក្សា១៩៧៥-៧៦ និង ១៩៧៦-៧៧។
* នាយកសិក្សា នៅវិទ្យាល័យអេស្សេឡេ និង បង្រៀនភាសាវិទ្យា នៅមហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្ស-សាស្ត្រនៅរដ្ឋធានីលីប្រឺវិល (ប្រទេសហ្គាបុង) ឆ្នាំសិក្សា១៩៧៧-៧៨ និង ១៩៧៨-៧៩។
២.២ មុខងារ ក្នុងក្របខណ្ឌទំនាក់ទំនងរវាងក្រសួងការបរទេសបារាំង និងប្រទេសនានា
* បង្រៀនភាសាវិទ្យា នៅសាលាគរុកោសល្យជាន់ខ្ពស់ នៅរដ្ឋធានីអាប៊ីហ្សង់ (ប្រទេសកូឌីវ័រ) ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៦។
* បង្រៀនភាសាវិទ្យា និង ដឹកនាំការស្រាវជ្រាវធ្វើនិក្ខេបបទនៅមហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រនៃសាកលវិទ្យាល័យទូឡេអា (ប្រទេសម៉ាដាហ្គាស្ការ) ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩២។
* បង្រៀនភាសាវិទ្យា និង ដឹកនាំការស្រាវជ្រាវធ្វើនិក្ខេបបទ នៅមហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រនៃសាកលវិទ្យាល័យអាប៊ីហ្សង់ នៅរដ្ឋធានីអាប៊ីហ្សង់ (ប្រទេសកូឌីវ័រ) ពីឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៨។
២.៣ កម្មសិក្សាសុក្រិតកម្ម
* កម្មសិក្សា BLACT (Bureau de Liaison des Agents de Coopération Technique) នៅសាកលវិទ្យាល័យម៉ារសី (Marseille) ខែកក្កដា ឆ្នា១៩៨៣ ដើម្បីពង្រីកនិងពង្រឹងចំណេះក្នុងការបណ្ដុះបណ្ដាលអ្នកបណ្ដុះបណ្ដាល (គរុនិស្សិត) រៀបចំដោយក្រសួងការបរទេសបារាំង។
* កម្មសិក្សា CRÉDIF (Centre de Recherche et d’Étude pour la Diffusion du Français) នៅសាកលវិទ្យាល័យរូអង់ (Rouen) ខែកក្កដា ឆ្នាំ១៩៨៥ ដើម្បីបង្កើនឧបទេស (didadiqe) ក្នុងការបង្រៀនភាសាបរទេស និង ភាសាទី២ (ភាសាដែលមិនមែនមាតុភាសា ហើយក៏មិនមែនជាភាសាបរទេសដែរ គឺភាសាដែលគេប្រើតាំងពីកុមារភាពមក ដូចភាសាបារាំងក្នុងប្រទេសមួយចំនួន នៅទ្វីបអាហ្វ្រិក) រៀបចំដោយសាលាគរុកោសល្យជាន់ខ្ពស់សាំងគ្លូ (Saint-Cloud)។
ស្នាដៃបោះពុម្ពផ្សាយ
១. ជាភាសាបារាំង
* «វិភាគសង្ខេប អំពីទម្រង់ភាសាខ្មែរ» ទស្សនាវដ្ដីសហគមន៍ខ្មែរ លេខ២ ឆ្នាំ១៩៦២ ក្រុងប៉ារីស។
* «សញ្ញាណលិង្គ និង សញ្ញាណវចនៈ ក្នុងភាសាខ្មែរ» ទស្សនាវដ្ដីសហគមន៍ខ្មែរ លេខ៣ ឆ្នាំ១៩៦៤ ក្រុងប៉ារីស។
* អាទ្យាចរិយកម្ម (INITIATION) ខាងភាសាវិទ្យា ឆ្នាំ១៩៩០, មហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រ សាកលវិទ្យាល័យទូឡេអារ (ប្រទេសម៉ាដាហ្គាស្ការ។
* សង្គមភាសាវិទ្យា ១៩៩០, មហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រ សាកលវិទ្យាល័យទូឡេអារ (ប្រទេសម៉ាដាហ្គាស្ការ)។
* កម្រងអត្ថបទសិក្សា និង ការណែនាំក្នុងវិធីស្រាវជ្រាវ ១៩៩១, មហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រ សាកលវិទ្យាល័យទូឡេអារ (ប្រទេសម៉ាដាហ្គាស្ការ)។
* «ការវិភាគរកការឆ្លងគ្នារវាងភាសានិងភាសា និង រវាងវប្បធម៌និងវប្បធម៌» (substrats linguistique et extralinguistique en didactique des langues) ក្នុងសៀវភៅបង្រៀនភាសាបារាំង និពន្ធ នៅប្រទេសខ្មែរ និង នៅប្រទេសម៉ាដាហ្គាស្ការ, បទអន្តរាគមន៍ក្នុងសមាជអន្តរជាតិទី៨ ស្ដីពីការរៀន និង ការបង្រៀនភាសា បោះពុម្ពផ្សាយ នៅឆ្នាំ១៩៩២ ដោយសាកលវិទ្យាល័យគ្រឺណូបល៍ទី៣ (ប្រទេសបារាំង)។
* «អភិក្រមសង្គមភាសាវិទ្យា (Processus sociolinguistique) ក្នុងការវិវឌ្ឍន៍ប្រព័ន្ធវចនវិទ្យានៃភាសាខ្មែរ», ទស្សនាវដ្ដី «Tétralogiques» លេខ៧ ឆ្នាំ១៩៩២ សាកលវិទ្យាល័យរ៉ែនទី២, ក្រុងរ៉ែន (ប្រទេសបារាំង)។
* ភាសាវិទ្យាអនុវត្តន៍ក្នុងការបង្រៀនភាសា, ១៩៩៥ មហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រ សាកល-វិទ្យាល័យអាប៊ីហ្សង់ (ប្រទេសកូឌីវ័រ)។
* «ផលវិភាគភាសា និង ការសិក្សាអំពីកំហុសក្នុងការប្រើប្រាស់ភាសា», ទស្សនាវដ្ដី លេខ៣១ ឆ្នាំ១៩៩៦ វិទ្យាស្ថានភាសាវិទ្យាអនុវត្តន៍ សាកលវិទ្យាល័យអាប៊ីហ្សង់ (ប្រទេសកូឌីវ័រ)។
* «វិធីបង្រៀនភាសាដោយយកសមត្ថភាពទំនាក់ទំនងជាមូលដ្ឋាន» (Approche communicative en didactique des langes), ទស្សនាវដ្ដី លេខ៣២ ឆ្នាំ១៩៩៦ វិទ្យាស្ថានភាសាវិទ្យាអនុវត្តន៍, សាកល-វិទ្យាល័យអាប៊ីហ្សង់ (ប្រទេសកូឌីវ័រ)។
* «គ្រឹះទ្រឹស្ដី ដើម្បីសង្គមភាសាវិទ្យាជាប្រព័ន្ធ», ទស្សនាវដ្ដី លេខ៣២ ឆ្នាំ១៩៩៦ វិទ្យាស្ថានភាសាវិទ្យាអនុវត្តន៍, សាកលវិទ្យាល័យអាប៊ីហ្សង់ (ប្រទេសកូឌីវ័រ)។
* «ការរួមចំណែក ដើម្បីឱ្យយល់កាន់តែច្បាស់អំពីភាសាល្បាយ ហៅថា «ពីតឈីន» (pidgin)» នៅប្រទេសកូឌីវ័រ (ដឹកនាំកិច្ចការស្រាវជ្រាវរួម) បទអន្តរាគមន៍ក្នុងសមាជទី២១ នៃ «សហគមន៍ភាសាវិទូនៅទ្វីបអាហ្វ្រិកខាងលិច» ដែលបានប្រព្រឹត្តទៅនៅក្រុងអាប៊ីហ្សង់ (ប្រទេសកូឌីវ័រ) ពីថ្ងៃចន្ទ ២៧ ដល់ថ្ងៃសុក្រ ៣១-០៧-៩៨។
* «វិភាគសង្ខេប អំពីទម្រង់ភាសាខ្មែរ» កែតម្រូវបន្ថែមបង្រ្គប់ និង ចុះផ្សាយឡើងវិញ ក្នុងទស្សនាវដ្ដី លេខ១ នៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០០ ក្រោយពីបានកែតម្រូវនិងរៀបរៀងឡើងវិញ។
២. ជាភាសាខ្មែរ
* «លទ្ធភាពបង្កើតពាក្យនិងការបង្កើតពាក្យ ក្នុងភាសាខ្មែរ», បទអន្តរាគមន៍ក្នុងសមាជជាតិ ស្ដីពីការស្រាវ-ជ្រាវក្នុងភាសាខ្មែរ រៀបចំដោយវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានប្រព្រឹត្តទៅ នៅភ្នំពេញ ពីថ្ងៃទី០៧ ដល់ ០៩ ខែកញ្ញា ឆ្នាំ២០០០, ចុះផ្សាយក្នុងទស្សនាវដ្ដីលេខ២ ខែមិថុនា ឆ្នាំ២០០១ របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។
* «អំពីលក្ខណៈវិនិច្ឆ័យរូបនិយម» ចុះផ្សាយក្នុងទស្សនាវដ្ដីលេខ៣ ខែឧសភា ឆ្នាំ២០០២ របស់វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។
* មូលដ្ឋាននៃសង្គមភាសាវិទ្យា (សង្ខេបសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា) ផ្សព្វផ្សាយ ដោយអ្នកនិពន្ធ នៅខែកុម្ភៈ ឆ្នាំ២០០៣ ភ្នំពេញ។
* មូលដ្ឋាននៃន័យកម្មវិទ្យាទូទៅ (សង្ខេបសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា) ផ្សព្វផ្សាយ ដោយអ្នកនិពន្ធ នៅខែកុម្ភៈ ឆ្នាំ២០០៣ ភ្នំពេញ។
* មូលដ្ឋាន សូរវិទ្យា សទ្ទតាវិទ្យា និង វិជ្ជាសន្ដាន (សង្ខេបសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃរាជ-បណ្ឌិត្យសភាកម្ពុជា) ផ្សព្វផ្សាយដោយអ្នកនិពន្ធ នៅខែកក្កដា ឆ្នាំ២០០៣ ភ្នំពេញ។
* «ចំណុចគួរកត់សម្គាល់ក្នុងភាសាខ្មែរបច្ចុប្បន្ន» ចុះផ្សាយក្នុងទស្សនាវដ្ដីលេខ៤ ខែកញ្ញា ឆ្នាំ២០០៣ របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។
* «ពណ៌នាសង្ខេបអំពីភាសាស្អូច» (ដឹកនាំកិច្ចការស្រាវជ្រាវរួម) បទអន្តរាគមន៍ក្នុងសន្និសីទជាតិរៀបចំដោយវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០០៥។
* វេយ្យាកណ៍ទម្រង់និយមនៃភាសាខ្មែរទំនើប៖
- ភាគទី១ សូរ សទ្ទតា អក្ខរាវិរុទ្ធ, (ដោយមានជំនួយពីលោក ជុំ ស៊ុនណាង, លោក ប៊ី សុខគង់, លោក វ៉ាន់ ម៉ូន) ផ្សព្វផ្សាយនៅឆមាសទី១ ឆ្នាំ២០០៦,
- ភាគទី២ វចនវិទ្យា និង ប្រភេទពាក្យ (ដោយមានជំនួយពីលោក កែវ លីណែត និង លោក វ៉ាន់ ម៉ូន) ផ្សព្វផ្សាយនៅឆមាសទី២ ឆ្នាំ២០០៦ ។
* «ការប្រើប្រាស់សញ្ញាប្រយោគមួយចំនួនក្នុងភាសាខ្មែរបច្ចុប្បន្ន» បទអន្តរាគមន៍ក្នុងសន្និសីទជាតិ ស្ដីពីការ «សិក្សាស្រាវជា្រវ ឯកភាព និង អភិវឌ្ឍន៍ភាសាខ្មែរ» រៀបចំដោយវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០០៥, បោះពុម្ពផ្សាយក្នុងទស្សនាវដ្ដី លេខ៧ ខែកក្កដា ឆ្នាំ២០១១ នៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។
* «អំពីគុណនាមក្នុងភាសាខ្មែរបច្ចុប្បន្ន» កិច្ចការស្រាវជ្រាវរួមជាមួយលោក ប៊ី សុខគង់ បោះពុម្ពផ្សាយក្នុងទស្សនាវដ្ដី លេខ៧ ខែកក្កដា ឆ្នាំ២០១១ នៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។
* អំពីភាសាជនជាតិដើមភាគតិចចំនួនពីរនៅផ្នែកខាងលិចនៃប្រទេសកម្ពុជា : ភាសាស្អូចនិងភាសាសួយ (ក្រោមការដឹកនាំដោយបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ និង បណ្ឌិត Jacques RONGIER) ផ្សព្វផ្សាយនៅខែមីនា ឆ្នាំ២០១៣។
* «លក្ខណៈពិសេសរបស់គុណនាមខ្មែរ» បាឋកថាសម្រាប់ឆ្នាំ២០១៣ ក្នុងក្របខណ្ឌនៃភារកិច្ចនៃសមាជិកពេញសិទ្ធ(បណ្ឌិតសភាចារ្យ)នៃរាជបណ្ឌិត្យសភាកម្ពុជា។
* «ពាក្យ កន្សោមពាក្យ និង ល្បះ ដែលបញ្ជាក់លក្ខណៈឱ្យនាមសព្ទ» បាឋកថាសម្រាប់ឆ្នាំ២០១៤ ក្នុងក្របខណ្ឌនៃភារកិច្ចនៃសមាជិកពេញសិទ្ធ(បណ្ឌិតសភាចារ្យ)នៃរាជបណ្ឌិត្យសភាកម្ពុជា។
* «ការសម្របសូរនិងទំនាញសូរ» បាឋកថាសម្រាប់ឆ្នាំ២០១៥ ក្នុងក្របខណ្ឌនៃភារកិច្ចនៃសមាជិកពេញ-សិទ្ធ (បណ្ឌិតសភាចារ្យ) នៃរាជបណ្ឌិត្យសភាកម្ពុជា។
* «គម្លាតរវាងចំនួនសូរស្រៈនិងសញ្ញាស្រៈ និង គម្លាតរវាងសូរព្យញ្ជនៈនិងសញ្ញាព្យញ្ជនៈ» ថ្លែងក្នុងវេទិកាស្រាវជ្រាវវិទ្យាសាស្ត្រប្រចាំឆ្នាំ២០១៥ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៃរាជបណ្ឌិត្យសភាកម្ពុជា។
* «វិធីកម្លាយក្នុងភាសាខ្មែរ : បញ្ហាកង្វះផ្នត់សម្រាប់ធ្វើវិធីកម្លាយឱ្យមានសម្បូរណ៍បែប, បញ្ហាវិសាលភាពតូចចង្អៀតនៃផ្នត់មួយចំនួន និង បញ្ហាសទិសសូរវេយ្យាករណ៍វិស័យ» បាឋកថាសម្រាប់ឆ្នាំ២០១៧ ក្នុងក្របខណ្ឌនៃភារកិច្ចនៃសមាជិកពេញសិទ្ធ(បណ្ឌិតសភាចារ្យ)នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងនៅសាលរំដួលនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃអង្គារ ទី៣១-១០-២០១៧ និង បានចុះផ្សាយនៅក្នុងទស្សនាវដ្ដីនៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំទី១៧ លេខ១០ ទំព័រ៣-១៣។
គ្រឿងឥស្សរិយយស
* មេដាយមាសស្ថាបនាជាតិ តាមអនុក្រឹត្យលេខ ១៩២ អនក្រ.តត ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០៥។
* មេដាយមុនីសារាភ័ណ្ឌ ថ្នាក់សេនា តាមអនុក្រឹត្យលេខ ២៣០ អនក្រ.តត ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០៦។
* មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៣១១/៣១៦ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១១។
* គ្រឿងឥស្សរិយយស ជាតូបការ តាមព្រះរាជក្រឹត្យលេខ ពរល/១៣០៤/៤២៤ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣៕