(សៀមរាប)៖ ក្រុមការងារភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរា ប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ រៀបចំបំពេញដីនៅទីតាំងខាងមុខខ្លោងទ្វារទន្លេអុំរបស់ក្រុងអង្គរធំ ដែលមានដីមិនរាបស្មើដើម្បីរៀបចំជាចំណត និងមានទីធ្លាធំទូលាយឱ្យភ្ញៀវទេសចរអាចទស្សនា និងថតរូបបានប្រសើរជាងមុន។
លោក ឈឹម សុវណ្ណដេត ប្រធានភ្នាក់ងារទេសចរប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិអប្សរា ស្របពេលកំណើនភ្ញៀវទេសចរ ពិសេសទីតាំងខ្លោងទ្វារទន្លេអុំ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ តែងតែមានភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនា និងឆ្លងកាត់។ ដូច្នេះហើយទើប អាជ្ញាធរជាតិអប្សរា បានរៀបចំបំពេញដីធ្វើជាចំណតបន្ថែមទៀតនៅទីតាំងខាងមុខខ្លោងទ្វារទន្លេអុំនេះ ដែលអាចឱ្យយានយន្តចូលចតដោយមានសណ្តាប់ធ្នាប់ ពិសេសទីធ្លាធំទូលាយធ្វើឱ្យភ្ញៀវទេសចរទស្សនា និងថតរូបកាន់តែប្រសើរជាងមុន។
លោក សុវណ្ណដេត បានបន្ថែមថា ក្រោយពីរៀបចំទីតាំងចំណតនៅខាងត្បូងខ្លោងទ្វារទន្លេអុំនេះរួចហើយងាយស្រួលក្នុងការចតយានយន្ត កាត់បន្ថយការកកស្ទះ និងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុចំពោះភ្ញៀវទេសចរនិងអ្នកបើកបរឆ្លងកាត់ទីតាំងខ្លោងទ្វារទន្លេអុំនេះ៕