(ភ្នំពេញ)៖ លោក ឈួន វិន រដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោងស្ថាបនាផ្លូវតភ្ជាប់ ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងស្ថាបនាផ្លូវ តភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីសំណាក់ អនុរដ្ឋលេខាធិការ ជានាយករងគម្រោង អស់លោក លោកស្រី ជាប្រធានគ្រប់គ្រងគម្រោង និងជាសមាជិក។
កិច្ចប្រជុំនាថ្ងៃនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ជាកិច្ចប្រជុំលើកដំបូងរបស់អង្គភាពគ្រប់គ្រងគម្រោង ដែលបានពិភាក្សាអំពីសាវតានៃគម្រោង តួនាទី និងភារកិច្ច របស់ប្រធានគ្រប់គ្រងគម្រោង និងសមាជិកគម្រោង និងនីតិវិធីបន្ដបន្ទាប់ ដើម្បីអាចអនុវត្តគម្រោងនេះបានក្នុងពេលឆាប់ៗខាងមុខ។
បន្ថែមពីនេះទៅទៀត លោក ឈួន វិន បានរំលេចអំពីអត្ថប្រយោជន៍ ក្នុងការស្ថាបនាគម្រោងខាងលើនេះ ក្នុងការពង្រីកការតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទៅកាន់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ទៅកាន់ផ្លូវជាតិលេខ៨ និងទៅកាន់ស្ពានព្រែកតាមាក់។ ការសិក្សានិងស្ថាបនាគម្រោងខាងលើនេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលរស់នៅត្រើយខាងកើតរាជធានីភ្នំពេញ ពង្រីកការតភ្ជាប់ បង្រួមរយៈពេលធ្វើដំណើរ និងបង្កើតឱកាសការងារ ជូនដល់ប្រជាពលរដ្ឋ៕