(កំពង់ឆ្នាំង)៖ «តំបន់ឆ្នូកទ្រូ» ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានរៀបចំ និងទទួលស្គាល់ជា «សហគមន៍អេកូទេសចរណ៍» ក្របខណ្ឌបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប។ កិច្ចប្រជុំស្ដីពីការរៀបចំ និងប្រព្រឹត្តទៅក្នុងការទទួលស្គាល់សហគមន៍អេកូទេសចរណ៍ឆ្នុកទ្រូ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធានលេខាធិការដ្ឋាន (គ.ជ.អ.អ.) និងជាប្រធានបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប (TEN) លោក យុក សេងឡុង នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល (FACT) និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមប្រឹក្សាភិបាលបណ្ដាញ (TEN) មេឃុំឆ្នុកទ្រូ មេភូមិ មន្ត្រីរដ្ឋបាលជលផល អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមជាច្រើនរូបផងដែរ។
លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានលើកឡើងឲ្យដឹងថា ក្នុងនាមលោកជាមេឃុំ ជំនួសមុខឱ្យប្រជាពលរដ្ឋក្នុងឃុំឆ្នុកទ្រូទាំងមូល លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសុំថ្លែងអំ ណរគុណលោកបណ្ឌិត ជុក ជំនោរ, លោក យុក សេងឡុង ដែលលោកបណ្ឌិត និងលោកនាយក រួមទាំងក្រុមការងារ បានអញ្ជើញមកជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការរៀបចំ និងប្រព្រឹត្តទៅក្នុងការទទួលស្គាល់សហគមន៍ អេកូទេសចរណ៍ឆ្លុកទ្រូ ក្រោមក្របខ័ណ្ឌបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាបនាឱកាសនេះ។
លោកបញ្ជាក់ទៀតថា ទាំងរូបលោកផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងរស់នៅក្នុងសហគមន៍ សូមគាំទ្រយ៉ាងពេញទំហឹងនូវការបង្កើតសហគមន៍អេកូទេសចរណ៍ឆ្នុកទ្រូនេះ គឺស្របទៅតាមសក្តានុពលវិស័យទេស ចរណ៍នៅក្នុងឃុំឆ្នុកកទ្រូរបស់លោកមានជាច្រើនមានទាំងទីទួលប្រាសាទប្រវត្តិសាស្ត្រឈ្មោះ «ទូលប្រាសាទកំពង់ព្រះ» ដែលនៅលើទីទួលនេះបច្ចុប្បន្នមានវត្តមួយដែលមានអាយុកាលជាង១០០០ឆ្នាំមកហើយ។
បច្ចុប្បន្នប្រាសាទ និងទីអារាមមួយនេះក៏កំពុងតែទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកទស្សនាស្វែងយល់ពីប្រវត្តិ នៃការកសាងប្រាសាទ និងវត្តនៅលើទីទួលនេះជារៀងរាល់ថ្ងៃ ផងដែរ។ ក្រៅពីទីទួលប្រាសាទដែលមានឈ្មោះល្បីល្បាញខាងលើនេះ ក្នុងឃុំឆ្នុកទ្រូក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនទៀតដូចជា៖ តំបន់ព្រៃលិចទឹក កោះក្រញ៉ាន ដែលជាទីប្រវត្តិសាស្ត្រ និងចម្ការបន្លែគ្រប់មុខនៅតាមខ្នងទួលលាស់ខៀវស្រងាត់គួរជាទីគយគន់ជាច្រើនទៀតផងដែរ។
លោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានថ្លែងថា មន្ទីរបានចូលរួមប្រជុំផ្សព្វផ្សាយកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ដែលបានប្រជុំផ្សព្វផ្សាយជាមួយអាជ្ញាធរឃុំ និងលោកមេភូមិទាំងអស់នៅក្នុងឃុំឆ្នុកទ្រូ ស្ដីពីការបង្កើតសហគមន៍អេកូទេសចរណ៍នៅក្នុងតំបន់ឆ្នុកទ្រូនេះ ក្នុងនោះមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នឹងត្រៀមផ្សព្វផ្សាយបន្ថែមទៀតចំនួនអនុកម្មការចំនួន៦ ក្នុងនោះ៖
*ទី១៖ អនុគណៈកម្មការដឹកជញ្ជូន
*ទី២៖ អនុគណៈកម្មការមគ្គុទេសសហគមន៍១០នាក់
*ទី៣៖ អនុគណៈកម្មការផលិតកែច្នៃវត្ថុអនុស្សាវរីយ៍៣០នាក់
*ទី៤៖ អនុគណៈកម្មាការចុងភៅ១០នាក់
*ទី៥៖ អនុគណៈកម្មការល្បាត២០នាក់
*ទី៦៖ អនុគណៈកម្មការផ្ទះស្នាក់ចំនួន១០នាក់។ ជាមួយគ្នានេះ មន្ទីរទេសចរណ៍ និងសហការជាមួយលោកមេឃុំ និងអង្គការ ដើម្បីរៀបចំសហគមន៍បន្តទៀតធ្វើយ៉ាងណាឲ្យសហគមន៍នេះមានដំណើរការបានល្អ។
លោកបណ្ឌិត ជុក ជំនោរ បានមានប្រសាសន៍ថា ផ្អែកទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលយុទ្ធសាស្ត្របច្ចកោណ ក៏ដូចជាយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ គឺបានជំរុញឲ្យដំណើរការសកម្មភាពទេសចរណ៍ធម្មជាតិ នៅទូទាំងប្រទេស ជាពិសេសគឺនៅតាមបណ្តាភូមិសាស្ត្រទាំងឡាយណា ដែលមានសក្តានុពលផ្នែកទេសចរណ៍។
យុទ្ធសាស្ត្រនេះគឺត្រូវបានជំរុញ និងយកចិត្តទុកតាំងពីសម្ដេចតេជោ ហ៊ុន សែន ពេលសម្តេចនៅជានាយករដ្ឋមន្ត្រី និងបានបន្តមកដល់រាជរដ្ឋាភិបាលអាណត្តទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បច្ចុប្បន្នគឺបានជំរុញបន្ថែមឲ្យបង្កើតនូវតំបន់ទេសចរណ៍ធម្មជាតិនេះឲ្យបានផុសផុលនៅទូទាំងប្រទេស។
លោកបណ្ឌិត បានបញ្ជាក់ឲ្យដឹងទៀតថា ដោយឡែកខេត្តកំពង់ឆ្នាំង មន្ទីរទេសចរណ៍ខេត្តបានយកចិត្តទុកដាក់ ទាំងការពង្រីក និងកែលម្អបន្ថែមទៅលើវិស័យទេសចរណ៍ និងទីរមណីយដ្ឋាននានាដែលមានស្រាប់ និងបន្តយកចិត្តទុ កដាក់បង្កើតវិស័យទេសចរណ៍បន្ថែមទៀតទៅតាមភូមិសាស្ត្រដែលមានសក្តានុពល។
ដោយឡែកនៅក្នុងឃុំឆ្នុកទ្រូនេះ គឺមានសក្តានុពលផ្នែកទេសចរណ៍ជាច្រើនមានទាំងវត្តអារាម មានព្រៃលិចទឹក ទាំងចំការ ទាំងធនធានធម្មជាតិមួយចំនួនទៀត ដែលជាផ្នែកមួយក្នុងការទាក់ទាញទៅលើវិស័យទេសចរណ៍ ហេតុនេះទើបក្រសួងទេសចរណ៍ បានយកចិត្តទុកដាក់បង្កើត និងជំរុញវិស័យទេសចរណ៍នៅក្នុងភូមិឆ្នុកទ្រូនាពេលនេះ ក្រោមការសហការរវាងក្រសួងទេសចរណ៍មន្ទីរទេសចរណ៍ អាជ្ញា ធរភូមិ-ឃុំ ក៏ដូចជាមានការគាំទ្រ ពីអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) ជាដៃគូសហការផងដែរ។
ក្នុងឱកាសនោះលោក យុក សេងឡុង បានលើកឡើងថា អង្គការនេះគឺបានមកជួយនៅក្នុងឃុំឆ្នុកទ្រូនេះជាយូរ្នាំមកហើយដែរ គឺតាំងពីឆ្នាំ២០០៩មកម្ល៉េះ លោកនឹងមានជំនឿយ៉ាងមុតមាំថា ចំពោះការបង្កើតសហគមន៍អេកូទេ សចរណ៍ឆ្នុកទ្រូក្របខ័ណ្ឌបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប ដោយលោកមានសង្ឃឹមថា ក្រោយពីរៀបចំបង្កើតឱ្យដំណើរការរួចហើយ តំបន់ទេសចរណ៍មួយនេះ នឹងអាចទទួលបានពានរង្វាន់ ដោយមានការទទួលស្គាល់ ពីគណៈកម្មការអាស៊ាន ដែលជាស្តង់ដារអាស៊ាននេះមិនមែនក្របខណ្ឌត្រឹមតែក្រសួងតែប៉ុណ្ណោះទេ គឺជាក្របខណ្ឌអាស៊ានទាំងមូល ដែលទទួលស្គាល់អំពីសេវាកម្មផ្ទះស្នាក់, សេវាកម្មចុងភៅ, សេវាកម្មផ្នែកសន្តិសុខ, និងសេវាកម្មផ្សេងៗទៀតដូចគ្នាទៅនិងតំបន់ទេសចរណ៍ក្នុងឃុំផាត់សណ្ដាយ ខេត្តកំពង់ធំ ដែលនៅជាប់និងឃុំឆ្នុកទ្រូនេះផងដែរ។
លោកនាយកក៏បានឲ្យដឹងទៀតថា ការបង្កើតតំបន់ទេសចរណ៍មួយឲ្យមានដំណើរការទៅបាន លុះត្រាតែមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងក៏ដោ យមានការសហការជាមួយអង្គការជាដៃគូរ។
នៅក្នុងឃុំឆ្នុកទ្រូនេះដែរ គឺផ្ដោតសំខាន់ទៅលើសេវាកម្មទេសចរណ៍ដោយសារតែឃុំនេះមានសក្តានុពលទៅលើវិស័យទេសចរណ៍ដែលមានស្រាប់ ហើយក៏ជាតំបន់ឆ្លងកាត់មួយដ៏សំខាន់ផងដែរសម្រាប់ភ្ញៀវជាតិ និងភ្ញៀវបរទេសដោយមើលឃើញកត្តាទាំងអស់នេះហើយទើបលោកបានបង្កើតគំនិត និងត្រូវរកថវិកាដើម្បីបង្កើតសហគមន៍អេកូទេសចរណ៍នៅទីនេះឲ្យ បានដើម្បីជួយរកចំណូលនិងបង្កើនជីវ ភាពរស់នៅដល់ប្រជាពលរដ្ឋ បានមកពីវិស័យទេសចរណ៍នេះ។ ក្រោយពីមានការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងមានការអនុញ្ញាតពីលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ផងនោះ ទើបឯកភាពគ្នាបង្កើតសហគមន៍អេកូទេសចរណ៍នៅក្នុងឃុំឆ្នុកទ្រូនេះតែម្ដង៕