(តាកែវ)៖ អភិបាលខេត្តតាកែវលោក វ៉ី សំណាង រួមជាមួយអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត និងអភិបាលស្រុកត្រាំកក់ នៅថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥ បាននាំយកសម្ភារគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងបច្ច័យមួយចំនួន ប្រគេនព្រះអនុគណស្រុកត្រាំកក់ និងព្រះសង្ឃគង់នៅវត្តពុទ្ធគិរីកម្ពុជា ដែលស្ថិតនៅក្នុងឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

នៅក្នុងឱកាសនោះលោក វ៉ី សំណាង បានសសើរពុទ្ធបរិស័ទ្ធ បងប្អូនប្រជាពលរដ្ឋ អាចារ្យ គណៈកម្មាធិការវត្ត ជាពិសេសព្រះចៅអធិការវត្ត និងព្រះសង្ឈ ដែលបានរួមគ្នាចលនាឲ្យមានកសាងសមិទ្ធផលជាច្រើន នៅក្នុងវត្តឲ្យមានការីកចម្រើនក្រោមម្លប់នៃសុខសន្តិភាពជាពិសេសវត្តពុទ្ធិគីរីនេះ ក៏ជាកន្លែងដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកម្សាន្តផងដែរ។

គួររម្លឹកដែរ វត្តពុទ្ធគិរីកម្ពុជា ស្ថិតក្នុងភូមិអន្លង់ភ្ញៀវ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្ដតាកែវ កកើតក្នុងខែសីហា ឆ្នាំ ២០១៧ ជាមួយព្រះសង្ឃ ៤ អង្គ ផ្ដើមពីការកសាងព្រះពុទ្ធរូបអង្គធំស្ថិត នៅលើកំពូលភ្នំ និងកសាងផ្លូវដោយមានការជួយឧបត្ថម្ភពីឧកញ៉ា និងលោក លោកស្រីក្នុងស្រុក ទីអារាមបណ្ដោះអាសន្ន ពុទ្ធគិរីកម្ពុជា ចាប់បដិសន្ធិ ជាមួយមហិច្ឆតាសាងសង់ព្រះពុទ្ធរូប ៨៤ ០០០អង្គ ជុំវិញកូនភ្នំកម្ពស់ ៣០ម៉ែត្រ៕