(ពោធិ៍សាត់)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញត្រួតពិនិត្យ វាយតម្លៃ និងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានបេតុង ចំនួន ១កន្លែង ប្រវែង ៧៥ម៉ែត្រ និងស្ថាបនាផ្លូវក្រាលបេតុងសងខាងក្បាលស្ពាន ប្រវែង ២២៩ម៉ែត្រ ស្ថិតនៅភូមិស្ពាន ឃុំកណ្តៀង ទៅភូមិព្រៃក្តី ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ការអញ្ជើញចុះពិនិត្យនេះ ក៏មានវត្តមានចូលរួមពី លោក គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងប្រតិភូអមដំណើរជាច្រើនរូបផ្សេងទៀត។
សូមជម្រាបជូនថា ស្ពានខាងលើជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តគម្រោងសាងសង់ដោយកងវិស្វកម្មក្រសួងការពារជាតិ។
ស្ពាននេះដែរ បានរងការខូចខាតដោយគ្រោះទឹកជំនន់កាលពីចុងឆ្នាំ ២០២៣ និងចាប់ផ្តើមធ្វើការស្ថាបនាកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ និងបានបញ្ចប់ជាស្ថាបពរនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចនាយករដ្ឋមន្ត្រី តែងគិតគូរជានិច្ចចំពោះសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង៕