(ភ្នំពេញ)៖ លោក ហេង សំណាង ប្រធានយុវជនសង្គមស៊ីវិល និងសមាគមយុវជនខ្មែរមហានគរនៃបណ្តុំអង្គការសង្គមស៊ីវិល បានប្រកាសឱ្យសមាជិក សមាជិការបស់ខ្លួន តាមបណ្តាលផែន បណ្តាលក្រុម សាខាខេត្ត គ្រប់លំដាប់ថ្នាក់ ចំពោះក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្តុំអង្គការសង្គមស៊ីវិល ចូលរួមទាំងសកម្មភាព និងគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការរបស់ក្រសួងព័ត៌មាន ស្តីពី និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ (Say No to Fake News) ពិសេសសូមបន្តចលនាយើងរួមគ្នាកម្ចាត់ព័ត៌មានក្លែងក្លាយរបស់ក្រុមជ្រុលនិយមឲ្យអស់ចេញពីកម្ពុជា។

សេចក្តីប្រកាសនេះបន្ទាប់ពីក្រសួងព័ត៌មាន បានដាក់ចេញការណែរនាំនានាក្នុងគោលបំណង «លុបបំបាត់ព័ត៌មានក្លែងក្លាយជ្រុលនិយម ដើម្បីរក្សាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍ។ ដោយក្នុងនោះលោក នេត្រ ភក្រា្ក រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងកន្លងមកថា ក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយនូវព័ត៌មាន ដែលមានផលប្រយោជន៍ដល់សង្គមជាតិ និងចូលរួមទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ នឹងបានអំពាវនាវដល់មហាជនធ្វើយ៉ាងណារួមគ្នាទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ប្រឌិត ដែលបង្កើតឡើងដោយក្រុមប្រឆាំងជ្រុលនិយមហួសហេតុ ញុះញង់ក្នុងន័យទុច្ចរិតធ្វើឱ្យប្រទេសជាតិបែកបាក់ បង្កើតបដិវត្តពណ៌ និងអស្ថិរភាពនៅក្នុងសង្គមជាដើម។

ជាមួយគ្នានេះលោក ហេង សំណាង មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ក៏បានអំពាវនាវដល់សមាជិក សមាជិកា និងសាធារណៈជនត្រូវចេះស្វែងរកព័ត៌មានពិតដោយ ស្វែងរកប្រភពព័ត៌មានដែលមានប្រភពត្រឹមត្រូវច្បាស់លាស់ចេញពីស្ថាប័នផ្លូវការ ហើយយើងធ្វើការវិនិច្ឆ័យ និងកំណត់ប្រភពនោះឱ្យបានច្បាស់លាស់ជាមុនសិន។

ក្នុងន័យនេះដែរលោកបានលើកឡើងថា បើយើងចង់បានព័ត៌មានពិតពីក្រសួងព័ត៌មាន យើងត្រូវចូលទៅស្វែងរកនៅគេហទំព័ររបស់ក្រសួង និងតាមរយៈផេកផ្លូវការរបស់ក្រសួង ដឹកនាំដោយលោក នេត្រ ភក្រ្កា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលលោកតែងតែខិតខំប្រឹងប្រែង និងផ្តល់ព័ត៌មានពិតជូនដល់សាធារណៈជន និងផ្សព្វផ្សាយលើកកម្ពស់ មុខមាត់ប្រទេសកម្ពុជា៕