(ភ្នំពេញ)៖ ក្រាំងមាសប្រវត្តិសាស្ត្ររបស់ពិភពលោក បានសរសេរកត់ត្រាឈ្មោះវីរបុរសកំពូលៗ មួយចំនួន ដែលគេកោតគោរព ក្នុងការជួយពន្លត់ភ្លើងសង្គ្រាម និងនាំប្រទេសឱ្យមានសន្តិភាព និងការអភិវឌ្ឍសាឡើងវិញដូចជា ចច វ៉ាស៊្ហីនតោន (George Washington) នៃសហរដ្ឋអាមេរិក និងលោកប្រធាន ម៉ៅ សេទុង នៃប្រទេសចិនផងដែរ។

នៅកម្ពុជានេះវិញ ប្រវត្តិសាស្ត្ររបស់ខ្មែរ បានចារិកទុកឈ្មោះ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នូវស្នាដៃដ៏គ្មាន២របស់លោក ក្នុងការពន្លត់ភ្លើងសង្គ្រាមស៊ីវិល, ការឯកភាពទឹកដី, ការអភិវឌ្ឍប្រទេសសាឡើងវិញ និងការនាំកម្ពុជាមានសន្តិភាពដ៏យូរអង្វែងជាងគេថែមទៀត។ Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅមួយ ជុំវិញបញ្ហានេះ៖

ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា បានកត់ត្រានូវជម្លោះផ្ទៃក្នុងជាតិ, អំពើចលាចលនយោបាយ និងជម្លោះបំផ្លិចបំផ្លាញតែរវាងខ្មែរគ្នាឯងដោយសារតែមហិច្ឆតានយោបាយ។ តាំងពីបុរាណកាលដ៏អស្ចារ្យនៃអាណាចក្រខ្មែរ ដែលតំណាងដោយប្រាសាទអង្គរវត្តដ៏អស្ចារ្យ នៃភាពដ៏រុងរឿងរបស់ខ្មែរ បានធ្លាក់ចុះបន្តិចម្តងៗ, ទឹកដីអាណាចក្រខ្មែរកាន់តែរួមតូច និងត្រូវបានពង្រីក ដោយប្រទេសជិតខាង និងអ្វីដែលកាន់តែអាក្រក់បំផុតទៀតនោះ គឺប្រទេសបានដាំក្បាលចុះក្នុងភ្លើងសង្គ្រាម ក្រោយទង្វើរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។

រដ្ឋប្រហារថ្ងៃទី១៨ ខែមីនា មិនត្រឹមតែបានធ្វើឱ្យពលរដ្ឋខ្មែរស្លាប់ក្នុងសង្គ្រាមអស់ជិត មួយលាននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំប្រទេសធ្លាក់ចូលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថាជារបបខ្មែរក្រហមសម្លាប់រង្គាលជិវិតប្រជាជនខ្មែរគ្នាឯង។

ទោះយ៉ាងណាក៏ដោយ ក្នុងពេលដែលប្រវតិ្តសាស្រ្តរងនូវភាពច្របូកច្របល់ស្ទើរតែអស់សង្ឃឹមទៅហើយនោះ ស្រាប់តែមានការលេចឡើងនូវយុវជនមួយរូបឈ្មោះ ហ៊ុន សែន នៃប្រភពវង្សត្រកូលកសិករ ដែលបានលះបង់យុវវ័យរត់ចូលព្រៃធ្វើការតស៊ូជាមួយនឹងយុវជន ដទៃទៀតប្រមាណ៣០០នាក់ចូលក្នុងព្រៃម៉ាគី នាថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧០ តបតាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ និងការរួមគ្នាដើម្បីតស៊ូរំដោះប្រទេសជាតិវិញនោះហើយ បាននាំឱ្យមានការដួលរលំរបបសាធារណរដ្ឋខ្មែរ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ប៉ុន្តែអំពើក្បត់មួយដោយ ប៉ុលពត និងបក្ខពួក បែរជាឆក់ប្លន់យកអំណាចនោះទៅគ្រប់គ្រងវិញ ដោយបានបង្កើតជារបបកម្ពុជាប្រជាធិបតេយ្យ និងពួកគេបានបដិសេធការដឹកនាំរបស់សម្តេចព្រះ នរោត្តម សីហនុ និងពូកគេមិនអនុវត្តតាមព្រះរាជតម្រិះរបស់សម្តេចព្រះ នរោត្តម សីហនុ ឡើយក្រោយការទទួលបានជ័យជម្នះនោះមក។

របបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុលពត, នួនជា, ខៀវ សំផន, និងអៀង សារី បានសម្លាប់រង្គាលប្រជាជនខ្លួនឯង និងបំផ្លាញគ្រឹះនៃហេដ្ឋារចនាសម្ព័ន្ធជាតិលើគ្រប់វិស័យ ដែលសម័យដឹកនាំខ្មែរក្រហមរយៈពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃនោះហើយ ជាសម័យដែលកម្ពុជាតំណាងដោយប្រាសាទអង្គរវត្តដ៏អស្ចារ្យនោះ មានតែរូបនៅលើទង់ជាតិបក់រវិចគ្មានន័យតែប៉ុណ្ណោះ។ យុវជន ហ៊ុន សែន ជាមួយការមើលឃើញនូវទង្វើកាប់សម្លាប់ខ្មែរគ្នាឯង និងអំពើបំផ្លិចបំផ្លាញជាតិរបស់ពួកខ្មែរក្រហមនាពេលនោះ បានសម្រេចរត់ចូលព្រៃ ដើម្បីប្រមែប្រមូលមនុស្សក្នុងការតស៊ូរំដោះប្រទេសសាជាថ្មី។

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន ពេលនោះ គឺជាមេបញ្ជាការកងវរសេនាធំម្នាក់បាននាំយុទ្ធមិត្ត៤នាក់ទៅជាមួយរូបលោកដើម្បីចាកចេញតស៊ូបង្កើតកម្លាំងទ័ពធ្វើការរំដោះជាតិ។ កម្លាំងតស៊ូរបស់សមមិត្ត ហ៊ុន សែន ដែលសហការជាមួយនឹងកម្លាំងតស៊ូខ្មែរដទៃ និងជាមួយកងកម្លាំងស្ម័គ្រចិត្តវៀតណាម បានវាយបណ្តេញរបបខ្មែរក្រហមចេញពីអំណាចនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩, កម្ពុជាក៏នៅតែមិនទាន់បានសន្តិភាពពេញលេញនោះឡើយ ដោយសហគមន៍អន្តរជាតិ បានបន្តធ្វើគនិងថ្លង់ ដោយសារតែជ័យជំនះរបស់កម្ពុជានាពេលនោះ មិនបានបំរើនូវមហិច្ឆតានយោបាយរបស់មហាអំណាចបស្ចឹមប្រទេសឡើយ។ កម្ពុជា ត្រូវបានសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មអស់រយៈពេល១២ឆ្នាំ និងអាសនៈរបស់ខ្មែរនៅ អង្គការសហប្រជាជាតិ ក៏ត្រូវបានគេផ្តល់ឱ្យក្រុមខ្មែរក្រហមកាន់កាប់ថែមទៀត…ប៉ុន្តែកម្ពុជាដែលមានគណបក្សប្រជាជនកម្ពុជា ជាចន្ទល់ដ៏រឹងមាំក្នុងការដឹកនាំជាតិ ជាពិសេសសមមិត្ត ហ៊ុន សែន នៃស្ថាបនិកនយោបាយរបស់ជាតិដ៏មហិមានាពេលនោះ នៅតែបន្តក្រាញននៀលតស៊ូជាមួយនឹងប្រជាជនរបស់ខ្លួន មិនដែលរត់ចោលប្រទេស ឬបដិសេធមិនទទួលខុសត្រូវលើវាសនារបស់ជាតិកម្ពុជារបស់ខ្លួនឡើយ។ កិច្ចប្រឹងប្រែងដ៏ស្វិតស្វាញ ហ៊ានប្រឈមនឹងឧបសគ្គនយោបាយធំៗ ទាំងឡាយរបស់សមមិត្ត ហ៊ុន សែន នោះហើយទីបំផុតបានជួយកែជោគវាសនារបស់ប្រទេសជាតិ ដោយធ្វើឱ្យកម្ពុជារួចផុតពីព្យុះក្រឡាប់ចាក់នៃដំណើរទៅមុខរបស់ប្រវត្តិសាស្ត្ររបស់ខ្លួន។

សមមិត្ត ហ៊ុន សែន នៅក្នុងវ័យ៣២ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រីនៅក្នុងឆ្នាំ១៩៨៥។ ក្រោយការឡើងកាន់តំណែងពេលនោះភ្លាម នាយករដ្ឋមន្ត្រីដ៏មានវ័យក្មេង បានស្វែងរកដំណោះស្រាយនយោបាយ តាមរយៈការចរចាគ្នាដើម្បីស្វែងរកពន្លឺសន្តិភាព។ នាខែតុលា ឆ្នាំ១៩៨៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញសេចក្តីប្រកាស ៥ចំណុច ដើម្បីដោះស្រាយបញ្ហាកម្ពុជា។ ចំណុចទាំងប្រាំនោះរួមមាន៖

១៖ រៀបចំជំនួប សីហនុ-ហ៊ុន សែន។
២៖ ការដកទាំងស្រុងនូវកងទ័ពវៀតណាម ទន្ទឹមការបញ្ឈប់រាល់ជំនួយ និងការគាំទ្រទាំងអស់ដល់កងកម្លាំងនៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ។
៣៖ ការរៀបចំការបោះឆ្នោតដោយមានអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលអនុវត្តនយោបាយអព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធ។
៤៖ ចរចាជាមួយនឹងប្រទេសថៃ ដើម្បីកំណត់ព្រំដែនមួយប្រកបដោយសុវត្ថិភាពនិងសន្តិភាព និងការរៀបចំមាតុភូមិ និវត្តន៍ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួន។
៥៖ រៀបចំសន្និសីទអន្តរជាតិមួយដើម្បីផ្តល់ការធានាដល់កិច្ចព្រមព្រៀង ដែលនឹងសម្រេចបានជាមួយនឹងការចូលរួមពីរដ្ឋាភិបាលទាំងពីរ គឺពេលនោះមានរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ និងសាធារណរដ្ឋប្រជាមានិតកម្ពុជា។ សមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងប្រទេសវៀតណាម, ឥណ្ឌា និងប្រទេសដទៃទៀត បានចូលរួមក្នុងសន្និសីទអន្តរជាតិនោះផងដែរ។

«ជំនួប សីហនុ-ហ៊ុន សែន» លើកដំបូង ត្រូវបានធ្វើនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fère-en-Tardenois ប្រទេសបារាំង ដែលជំនួបនោះបានបើកផ្លូវដល់ដំណើរការចរចាពិតប្រាកដ ឆ្ពោះទៅរកដំណោះស្រាយនយោបាយជាស្ថាពរ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី «ដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ឬ កិច្ចព្រមព្រៀងទីក្រុងប៉ារីស» ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

កិច្ចព្រមព្រៀងក្រុងប៉ារីស បាននាំឱ្យកម្ពុជា មានការបោះឆ្នោតសកលលើកដំបូងក្នុងខែឧសភា ឆ្នាំ១៩៩៣ តាមការរៀបចំរបស់អង្គការសហប្រជាជាតិ បើទោះបីជាពេលនោះមានការធ្វើពហិការបស់ភាគីខ្មែរក្រហមក៏ដោយ។ ក្រោយការបោះឆ្នោតសកល និងការអនុម័តរដ្ឋធម្មនុញ្ញថ្មីឆ្នាំ១៩៩៣ បេសកកម្មអង្គការសហប្រជាជាតិ បានដកចេញពីកម្ពុជា ប៉ុន្តែបានបន្សល់ទុកនូវប្រទេសកម្ពុជាមួយដែលមានការត្រូតត្រា២ គឺម្ខាងរាជរដ្ឋាភិបាលដឹកនាំដោយសហនាយករដ្ឋមន្ត្រី ដែលមានរាជធានីភ្នំពេញ និងម្ខាងទៀត គឺតំបន់ត្រួតត្រារបស់ខ្មែរក្រហមនាតំបន់ជាយដែនភាគខាងលិច និងភាគឧត្តរប្រទេស។

នៅដើមឆ្នាំ១៩៩៦ លោក ហ៊ុន សែន ដែលបានទទួលងារជា «សម្តេច» បានដាក់ចេញនូវយុទ្ធ សាស្ត្រ ឌីហ្វីដ នៃនយោបាយឈ្នះឈ្នះ ដើម្បីស្វែងរកការបញ្ចប់សង្គ្រាមស៊ីវិល។ រយៈពេល ១០៥២យប់និងថ្ងៃ នយោបាយឈ្នះឈ្នះ របស់សម្តេច ហ៊ុន សែន បានទទួលជោគជ័យទាំងស្រុងដោយបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពិតប្រាកដ និងការឯកភាពទឹកដីជាតិជាលើកដំបូង។ អតីតក្រុមតស៊ូខ្មែរក្រហម នៃក្រុមដែលប្រយុទ្ធចុងក្រោយបង្អស់ បានរួមគ្នាសុខចិត្តរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ ក្រោមបាវចនា ជាតិ សាសនា និងព្រះមហាក្សត្រតែមួយអង្គ។ ការចាប់ផ្តើមអភិវឌ្ឍន៍ជាតិក្រោមម្លប់សន្តិភាពដ៏ពេញលេញ បានចាប់ផ្តើមតាំងពីពេលនោះមក ។ សម្តេច ហ៊ុន សែន ក្រោយមកត្រូវបាន ព្រះបរមនាថ នរោត្តម សីហមុនី ដែលឡើងគ្រងរាជ្យនាចុងឆ្នាំ២០០៤ បានប្រោសព្រះរាជទានតម្លើងគោរមងារជា «សម្តេចអគ្គមហាសេនាបតីតេជោ»។

ថ្វីត្បិតតែប្រវត្តិសាស្ត្ររបស់ជាតិ បានចារិកទុកក្នុងក្រាំងមាសនូវមានសមិទ្ធផលដ៏ជោគជ័យ របស់សម្តេចតេជោ ដែលបាននាំប្រទេសចេញរួចពីភាពស្រុតចុះ និងធ្វើឱ្យឡើងខ្ពស់ដ៏ត្រដឹមត្រដែត គួរឱ្យកត់សម្គាល់យ៉ាងនេះក៏ដោយ, ក្រុមប្រឆាំងមួយចំនួនជាពិសេសក្រុមដែលដឹកនាំដោយ សម រង្ស៊ី នៅតែបន្តប៉ុនប៉ងបំផ្លាញកេរ្តិ៍ដំណែលរបស់សម្តេចតេជោ ជាដដែល។ ក្រុមប្រឆាំង សម រង្ស៊ី ដែលបានក្លាយជាក្រុមជ្រុលនិយមហួសហេតុ បានបោះបង់ចោលការប្រកួតប្រជែងគ្នាតាមរយៈការបោះឆ្នោតដោយប្រជាធិបតេយ្យ ដោយពួកគេបែរជាបង្កើតនូវចលនាតស៊ូហិង្សាក្រៅស្រុក ដើម្បីចង់នាំប្រទេសកម្ពុជា វិលត្រឡប់ទៅរកអស្ថិរភាពសាជាថ្មី។ មនុស្សមួយក្តាប់តូច ដែលបន្តជឿលើនយោបាយប្រជាភិថុតិរបស់សម រង្ស៊ី បានឃោសនាបង្កើតព័ត៌មានមិនពិត និងព័ត៌មានញុះញង់ផ្សេងៗ ដើម្បីតែការចង់បំផ្លាញសន្តិភាព ខណៈសហគមន៍អន្តរជាតិ និងពលរដ្ឋកម្ពុជាជាច្រើនលើសលុប បានទទួលស្គាល់ថា ការដឹកនាំរបស់បុរសខ្លាំង «ហ៊ុន សែន» ពិតជាបានផ្តល់ឱ្យប្រទេសជាតិនូវរយៈពេលសន្តិភាពដ៏វែងជាងគេបំផុត និងការអភិវឌ្ឍមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ជាតិ។

សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍មួយថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ទីក្រុងឃ្យូងយូ ខេត្តឃ្យុងសាំងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានចែករំលែកនូវទស្សនវិជ្ជាមួយនៃនយោបាយឈ្នះឈ្នះ របស់លោកតាមរយៈបឋកកថាមួយដែលបញ្ជាក់ថា «សង្គ្រាមងាយឆេះលឿន ប៉ុន្តែការបញ្ឈប់សង្គ្រាម និងការកសាងសន្តិភាព ត្រូវការពេលវេលាយូរណាស់»៖

«សង្គ្រាមគឺពិតជាងាយបញ្ឆេះ ប៉ុន្តែដើម្បីបញ្ចប់សង្គ្រាមកម្ពុជាត្រូវការ រយៈពេលជិត៣០ឆ្នាំ យើងទើបតែមានសន្តិភាពពេញលេញ២៦ឆ្នាំប៉ុណ្ណោះ តែជាសន្តិភាពវែងជាងគេនៅក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំរបស់ខ្លួន ។ប៉ុន្តែជាការគួរឱ្យសោកស្តាយ ដែលយើងទួលរងនូវការរិះគន់ថា យើងនិយាយតែពីសន្តិភាព បំភិតបំភ័យពីសង្រ្គាមទៅវិញ។ ហើយយុវជនមួយចំនួនបានភ្លេចនូវតម្លៃសន្តិភាពជាបណ្តើរៗ ហើយខ្លះថែមទៀត គិតចង់ទាមទាការផ្លាស់ប្តូររដ្ឋាភិបាល តាមបែបមិនប្រជាធិបតេយ្យ។ ទោះបីជាត្រូវបង់ខាតសន្តិភាពក៏ដោយនិន្នាការបែបនេះ គឺជានិន្នាកាដ៏គ្រោះថ្នាក់ ដែលកម្ពុជា ដែលសហគមន៍អន្តរជាតិ ត្រូវចូលរួមបង្ការថ្កោលទោស និងទប់ស្កាត់នូវមនោគមវិជ្ជាជ្រុលនិយម។ យើងត្រូវខិតខំអប់រំពលរដ្ឋអំពីគុណតម្លៃនៃសន្តិភាព ពីព្រោះថាបើគ្មានសន្តិភាព យើងមិនអាចនិយាយដោយពិរោះនូវពាក្យសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនោះទេ»

ស្នាដៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានពន្លត់ភ្លើងសង្គ្រាមស៊ីវិល, ការធ្វើឱ្យទឹកដីឯកភាពទាំងស្រុង, ការអភិវឌ្ឍប្រទេសឈានដល់ភាពរុងរឿង និងការនាំកម្ពុជាមានសន្តិភាព ដ៏យូរអង្វែងថែមទៀតនោះ ត្រូវបានក្រាំងប្រវត្តិសាស្ត្រជាតិចារឹកទុកជាមហាវីរបុរសជាតិ និងស្រដៀងប្រទេសដទៃលើសកលលោកផងដែរ ដូចជានៅក្នុងសហរដ្ឋអាមេរិកគឺលោក George Washington, នៅប្រទេសចិន គឺលោកប្រធាន ម៉ៅ សេទុង, នៅវៀតណាម គឺ លោក ហូ ជី មិញ, នៅតួកគី គឺលោក Kemal Atatürk, និងនៅអាហ្វ្រិកខាងត្បូង លោក Nelson Mandela ជាដើម។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាឥស្សរជនដ៏កំពូលរបស់កម្ពុជាក្នុងប្រវត្តិសាស្ត្ររបស់ខ្មែរនាសម័យទំនើប និងសម្តេចគឺជាមេដឹកនាំខ្មែរដំបូងគេ ដែលធ្វើឱ្យទទួលបានសន្តិភាពដ៏យូរអង្វែង។ គោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ នៅតែជាគំរូសកល នៃការដោះស្រាយជម្លោះ និងការផ្សះផ្សាជាតិ។ សម្តេចតេជោ ហ៊ុន សែន គឺជា «មហាវីរបុរស» គ្មាន២របស់កម្ពុជា៕