(ភ្នំពេញ)៖ KOICA (ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ) បានសហការជាមួយមន្ទីរពេទ្យកុមារជាតិផ្តល់អាហារូបត្ថម្ភ កន្លែងក្មេងលេង បង្កើតបណ្ណាល័យនិងអប់រំដល់មាតាបិតាកុមារ ឱ្យយល់ដឹងពីរបៀបចិញ្ចឹមបីបាច់កូនឱ្យបានល្អ ដើម្បីចូលរួមលើកកម្ពស់សុខភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរ និងចៀសផុតពីជំងឺផ្សេងៗ ពិសេសជំងឺមិនឆ្លងដែលកំពុងក្លាយជាបញ្ហាសុខភាពដ៏ចម្បងនៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងកម្មវិធីផ្តល់អាហារូបត្ថម្ភដល់កុមារសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ គម្រោងអង្គការ KOICA នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា គម្រោងនេះមានរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ ២០២៥ ដល់ឆ្នាំ២០២៧ខាងមុខ។

លោកវេជ្ជបណ្ឌិតបានបន្ដថា «គម្រោងនេះបានផ្តោតទៅលើសកម្មភាពមួយចំនួនដូចជា ការផ្តល់អាហារូបត្ថម្ភដល់កុមារទូទៅ ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ទៅតាមអាយុ និងសុខភាព ដោយក្នុង១ថ្ងៃ ផ្តល់៣ពេលដោយឥតគិតថ្លៃ ដើម្បីបំប៉នសុខភាពឱ្យបានល្អឆាប់ជាសះស្បើយ។ព្រោះថាអាហារូបត្ថម្ភនេះ មានសារសំខាន់ណាស់សម្រាប់កុមារតូចៗ ដែលត្រូវការលូតលាស់ពិសេសកុមារអាយុក្រោម៥ឆ្នាំ»

លោកវេជ្ជបណ្ឌិតបានបន្តថា ក្រៅពីផ្នែកសំខាន់ៗខាងលនេះ ក៏មានបន្ទប់ប្រឹក្សាយោបល់ សម្រាប់ពិគ្រោះជាមួយមាតាបិតាកុមារ ដើម្បីណែនាំឱ្យពួកគាត់ចេះពីរបៀបចិញ្ចឹមកូនឱ្យមានសុខភាពល្អ ខណៈបច្ចុប្បន្ននេះបញ្ហាជំងឺមិនឆ្លង កំពុងក្លាយជាបញ្ហាសុខភាពសាធារណដ៏ចម្បងសម្រាប់ប្រទេសកម្ពុជា ខណៈពីមុនយកចិត្តទុកដាក់តែទៅលើបញ្ហាកង្វះអាហារូបត្ថម្ភដោយសារក្មេងស្គមស្គាំង ស្លេកស្លាំង ក្រិន មិនគ្រប់គីឡូ ប៉ុន្តែឥឡូវលើសអាហារទៅវិញ ធ្វើឱ្យក្មេងធាត់ពេកក៏ជាបញ្ហាដែរ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ការចិញ្ចឹមបីបាច់កុមារឱ្យបានល្អ ធ្វើឱ្យក្មេងមានសុខភាពល្អមានបញ្ញាឆ្លាតវៃ និងក្លាយជាធនធានមួយដ៏ល្អមួយទៅថ្ងៃអនាគត។ លើសពីនេះទៀតគម្រោងនេះ ក៏បានគិតដល់បញ្ហាផ្លូវចិត្ត និងអារម្មណ៍របស់កុមារផងដែរ ។ក្នុងនោះបានរៀបចំបង្កើតជាកន្លែងលេង បណ្ណាល័យកុមារចល័ត ដែលអាចឱ្យកុមារគូរូប និងមើលសៀវភៅនិទានផ្សេងៗ ដើម្បីឱ្យពួកគេមានអារម្មណ៍ស្រ ស់ស្រាយនិងសប្បាយចិត្ត និងចាត់ទុកមន្ទីរពេទ្យដូចជានៅផ្ទះ ឬនៅសាលារៀនដែរ ព្រោះថាការព្យាបាលជំងឺមិនមែនប្រើតែថ្នាំពេទ្យតែមួយមុខនោះទេ គឺយើងត្រូវផ្តល់អាហារដែលមានជីវជាតិគ្រប់គ្រាន់ និងបញ្ហាផ្លូវចិត្ត និងអារម្មណ៍របស់កុមារផងដែរ៕