(សៀមរាប)៖ ក្រុមការងារសង្គ្រោះបឋម និងបន្ទាន់នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ បានសហការជាមួយមន្ទីរសុខាភិបាលខេត្តសៀមរាប រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការសង្គ្រោះបឋម ដល់យុវជនស្ម័គ្រចិត្ត និងក្រុមការងារប្រមាណ ៨០នាក់ សម្រាប់ត្រៀមសង្គ្រោះបឋម និងបន្ទាន់ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥។ ពិធីបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោក ហួត សូនី ប្រធានក្រុមការងារសង្គ្រោះបឋម និងបន្ទាន់ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ បានលើកឡើងថា ក្រុមការងារសង្គ្រោះបឋម និងបន្ទាន់ ជាក្រុមការងារមួយស្ថិតក្នុងចង្កោមទី៨ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលដឹកនាំដោយលោក ឌី វិជ្ជា ប្រធានចង្កោម ចំពោះព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ដែលធ្វើឡើងនៅក្នុងខេត្តសៀមរាបនេះ។
លោកបន្តថា ក្រុមការងារបានសហការជាមួយអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តសៀមរាប ដើម្បីរៀបចំផែនការសង្គ្រោះបឋម និងបន្ទាន់ ដោយរៀបចំក្រុមគ្រូពេទ្យប្រចាំការ រថយន្តសង្គ្រោះបន្ទាន់ ឱសថ អុកស៊ីសែន គ្រែពេទ្យ និងសម្ភារបរិក្ខាពេទ្យចាំបាច់ផ្សេងៗទៀត ដែលត្រូវបំពាក់នៅតាមស្តង់ពេទ្យនីមួយៗ ដើម្បីធានាដំណើរការការសង្គ្រោះបឋម និងបន្ទាន់ ជូនដល់ថ្នាក់ដឹកនាំ និងសាធារណៈជន ដែលមកកំសាន្តក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្តនេះ។
លោកបានបន្តថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានធ្វើឡើងនៅ៣តំបន់ធំៗ រួមមាន៖ នៅតំបន់អង្គរវត្ត, តំបន់ក្រុងសៀមរាប និងតំបន់អង្គរឃ្យុងយូ ហើយក្រុមការងារបានរៀបចំស្ដង់ពេទ្យ ចំនួន ៩កន្លែង នៅតំបន់មុខប្រាសាទអង្គរវត្ត មានចំនួន៣កន្លែង, នៅតំបន់មាត់ស្ទឹងក្រុងសៀមរាប និងសួនក្បែព្រះរាជដំណាក់ មានចំនួន៥ស្ដង់ពេទ្យ, នៅបរិវេណតំបន់អង្គរឃ្យូងយូមានមួយស្ដង់ពេទ្យ ដែលត្រូវប្រចាំការចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ ម៉ោងប្រចាំការចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៨យប់ ហើយអាចបត់បែនជាក់ស្តែងតាមទីតាំងកម្មវិធី។
លោកបន្ថែមថា នៅតាមស្ដង់ពេទ្យ មានក្រុមគ្រូពេទ្យប្រចាំការ ចំនួន០៧នាក់ ក្នុងមួយថ្ងៃ ក្នុងនោះវេជ្ជបណ្ឌិតចំនួន០២នាក់ គិលានុបដ្ឋាកចំនួន០៥នាក់ អ្នកបើករថយន្ត០១នាក់ (ក្នុងមួយស្តង់ៗមាន រថយន្តសង្គ្រោះប្រចាំការចំនួន១គ្រឿង) រួមនឹងយុវជនស្ម័គ្រចិត្តជានិស្សិតពេទ្យសាកលវិទ្យាល័យអង្គរចំនួន០៦នាក់ សរុបក្នុងមួយស្តង់មានគ្នាចំនួន១៤នាក់។
លោក ហួត សូនី បញ្ជាក់ថា វគ្គបណ្តុះបណ្តាលសង្គ្រោះបឋម ជូនដល់យុវជនស្ម័គ្រចិត្ត ដើម្បីផ្តល់នូវចំណេះដឹងបន្ថែម ក៏ដូចជារំលឹកដល់ក្រុមការងារ ពីជំនាញជាមូលដ្ឋានដើម្បីជាប្រយោជន៍ ក្នុងសង្គ្រោះបឋម និងការគ្រប់គ្រងស្ថានការណ៍ នៅពេលមានហេតុការណ៍កើតឡើងផងដែរ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប មានប្រសាសន៍ថា អ្នកដែលទទួលបានការបណ្ដុះបណ្ដាលលើការសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់នាពេលនេះ គឺជានិស្សិតដែលកំពុងសិក្សាផ្នែកសុខាភិបាល និងអ្នកសម្របសម្រួល ហើយការរៀនសង្គ្រោះបឋមនេះទៀត មិនមែនតែនិស្សិតរៀនពេទ្យទើបអាចចូលរួមវគ្គបណ្ដុះបណ្ដាលនោះទេ ប្រជាពលរដ្ឋក៏អាចចូលរួមយល់ដឹងពីការសង្គ្រោះបន្ទាន់បានផងដែរ។
លោកក៏សូមឱ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំរៀនសូត្រ និងបំពេញការងារឱ្យមានភាពត្រឹមត្រូវ ដូចជា៖ រក្សាក្រមសីលធម៌ សុជីវធម៌ ព្រោះការជួយសង្គ្រោះបឋមនេះ មានសារៈសំខាន់ណាស់សម្រាប់ជនរងគ្រោះ ដែលមានបញ្ហាសុខភាពមិនប្រក្រតី នៅក្នុងព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ។
ជាមួយនេះដែរ លោកក៏បានណែនាំដល់ក្រុមការងារយុវជនស្ម័គ្រចិត្ដសង្គ្រោះបឋមនេះ កុំឱ្យធ្វើចរិតក្រអើតក្រទម មើលងាយដល់អ្នករងគ្រោះ តែត្រូវធ្វើចរិតឲ្យបានសមរម្យដល់សាធារណៈជន ដែលកំពុងជួបបញ្ហាសុខភាព៕