(មណ្ឌលគិរី)៖ ផ្លូវបេតុងចំនួន២ខ្សែ ជាចំណងដៃជូនប្រជាពលរដ្ឋរស់នៅសង្កាត់សុខដុម និងសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពលោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី។
ពិធីដ៏មានអត្ថន័យនេះ បានទទួលការចូលរួមពីសំណាក់អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការរងកងកម្លាំងទាំងបី ប្រធាន និងអនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង សង្កាត់ នាយក នាយិកា ទីចាត់ការ អង្គភាពចំណុះរដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋ។
ថ្លែងក្នុងឱកាសនោះ លោក ថង សាវុធ បានលើកឡើងថា ការសម្ពោធផ្លូវថ្មីនេះ ជាឆន្ទៈក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងបង្កើនសមត្ថភាពក្នុងការធានា ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល និងបម្រើការងារជាប្រយោជន៍ដល់សហគមន៍បានទូលំទូលាយ។
លោកអភិបាលខេត្តមណ្ឌលគិរី បានរំលឹកដល់ប្រជាពលរដ្ឋដែលមានលំនៅឋានតាមបណ្ដោយផ្លូវ២ខ្សែនេះ ត្រូវរួមគ្នាលើកកម្ពស់អនាម័យឲ្យបានខ្ជាប់ខ្ជួន ពោលទាំងតាមខ្នងផ្ទះ និងតាមទីសាធារណៈពិសេសនៅតាមដងផ្លូវថ្មីនេះតែម្ដង ដើម្បីធ្វើឲ្យក្រុងសែនមនោរម្យ ជាទីក្រុងស្អាត គ្មានសំរាមនៅទីសាធារណៈ និងទាក់ទាញភ្ញៀវទេសចរ។
ទន្ទឹមនឹងនេះ ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការលើកកម្ពស់អនាម័យ និងគុណភាពបរិស្ថាន គឺជាប្រការចាំបាច់ និងជាវិភាគទានដ៏សំខាន់បំផុតដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ សំដៅការរស់នៅប្រកបដោយសុខុមាលភាព និងចីរភាពរបស់ប្រជាជន៕