(ពោធិ៍សាត់)៖ ស្ពានបេតុងថ្មី មួយកន្លែង ប្រវែង៧៥ម៉ែត្រ និងផ្លូវបេតុងសងខាងក្បាលស្ពាន ប្រវែង២២៩ម៉ែត្រ តភ្ជាប់ពីភូមិព្រៃក្តីកណ្តាល ឃុំកណ្តៀង ទៅភូមិក្បាលរមាស ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តគម្រោងសាងសង់ដោយ កងវិស្វកម្មក្រសួងការពារជាតិ ត្រូវបានលោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់ជូន លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្រុកកណ្តៀងមានស្ពានឆ្លងកាត់ស្ទឹង៧កន្លែង ក្នុងនោះស្ពានបេតុង៣កន្លែង និងស្ពានយោល៤កន្លែង ដែលបាននឹងកំពុងបម្រើផលប្រយោជន៍យ៉ាងច្រើន ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ តែជាអកុសលស្ពានធ្វើពីដែកក្រាលឈើភូមិព្រៃក្តី មានប្រវែង៤៨ម៉ែត្រ និងទទឹង៤ម៉ែត្រ សាងសង់នៅឆ្នាំ២០១២ ដោយឯកឧត្តម ឯក ស៊ុនចាន់ អតីតប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកណ្តៀង បានទទួលរងការខូចខាត ដោយទឹកជំនន់ជាច្រើនលើក នៅឆ្នាំ២០២៣។

ដោយបានការយកចិត្តទុកដាក់ គិតគូរពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ សម្តេចបានផ្តល់ស្ពានបេតុងថ្មី មានប្រវែង៧៥ម៉ែត្រ ទទឹង៨ម៉ែត្រ និងផ្លូវបេតុងសងខាងក្បាលស្ពាន ប្រវែង២២៩ម៉ែត្រ តភ្ជាប់ពីភូមិព្រៃក្តីកណ្តាល ឃុំកណ្តៀង ទៅភូមិក្បាលរមាស ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោកបានឱ្យដឹងទៀតថា ស្ពានបេតុងថ្មីដែលបានប្រគល់ដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននាពេលនេះ បានបម្រើផលប្រយោជន៍ផ្ទាល់ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពិសេសឃុំកណ្តៀង និងឃុំអន្លង់វិល និងភូមិចំនួន១០ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានឆ្លងកាត់ទៅសាលារៀន ក្រៅពីនោះកការដឹកជញ្ជូនកសិផលផ្សេងៗ ទៅកាន់ទីផ្សារបានឆាបរហ័ស។

លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍សំណេះសំណាល ដោយបានបញ្ជាក់ថា ស្ពានបេតុងថ្មីឆ្លងស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិព្រៃក្តី ឃុំកណ្តៀង និងត្រើយម្ខាងស្ថិតក្នុងក្បាលរមាស ឃុំអន្លង់វិល ស្រុកកណ្តៀង ជាចំណងដៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋស្រុកកណ្តៀង ដើម្បីជួយសម្រួលការធ្វើដំណើរប្រចាំថ្ងៃ និងដឹកជញ្ជូនកសិផលផ្សេងៗ។

លោកសូមអរគុណ ជូនចំពោះប្រជាពលរដ្ឋទូទាំងស្រុកកណ្តៀង ដែលជានិច្ចកាលតែងតែគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ និងទទួលបានលេខ១ទូទាំងប្រទេស ក្នុងន័យនេះរាជរដ្ឋាភិបាល ត្រូវតែតបស្នងជូនប្រជាពលរដ្ឋវិញ តាមរយៈការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ ជាក់ស្តែងដូចស្ពានបេតុងថ្មីនេះ ត្រូវប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ជាសក្ខីភាពស្រាប់។

លោករដ្ឋមន្ត្រីក៏សូមថ្លែងអំណរគុណ ដល់កងវិស្វកម្មស្ពានថ្នល់លេខ១៨១ នៃនាយកដ្ឋានវិស័្វកម្មក្រសួងការពារជាតិ ដឹកនាំកសាងដោយ លោកឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ក៏ដូចមន្ត្រីជំនាញបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរមូលដ្ឋាន សហការចូលរួម ទើបធ្វើឱសមិទ្ធផលនេះបានចេញជារូបរៀង និងដាក់ឱ្យប្រាស់បានមុន ពិធីបុណចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមដំបូលនៃម្លប់សន្តិភាព ក្រោមការដឹកនាំប្រកបដោយថាមពលស្វាហាប់វៀងវៃ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕