(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសព័ត៌មានពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក៖ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ! Say No To Fake News» ដោយបានចាប់ផ្តើមបើកជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ។ យុទ្ធនាការនេះនឹងត្រូវបានអនុវត្តនៅទូទាំងប្រទេស ក្នុងរយៈពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយអ្នកដែលចូលរួមអនុវត្តយុទ្ធនាការគីមន្ទីរព័ត៌មានរាជធានី-ខេត្ត ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកនាំពាក្យនិងមន្ត្រីទទួលបន្ទុកព័ត៌មានក្នុងរដ្ឋបាលរាជធានី-ខេត្តទាំង២៥ យុវជន សមាគមសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកមានឥទ្ធិពលលើបណ្តាញសង្គម សរុបចំនួនប្រមាណ ១ពាន់នាក់។
ថ្លែងក្នុងពិធីបើកយុទ្ធនាការនេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការបញ្ជាបការយល់ដឹង ឱ្យដល់ពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន និងពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ជាកត្តាដ៏សំខាន់មួយ ដើម្បីផ្លាស់ប្តូរឥរិយាបទរបស់ពលរដ្ឋដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ឱ្យមកចូលរួមទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ។ គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយសុទ្ធតែមានឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សាដែលបណ្តាលឱ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ និងនាំឱ្យមានការបែកបាក់សាមគ្គីភាព ក្នុងសង្គម។ ក្នុងឆ្នាំ២០២៤ ក្រុមការងារនៃគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានកត់ត្រាព័ត៌មានក្លែងក្លាយ ចំនួន ៣៦៥១ករណី ដែលនេះជាចំនួនកើនឡើងប្រមាណ ១៤%។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថាមនុស្សម្នាក់គឺជាជនបង្គោលម្នាក់ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ដូច្នេះសូមប្រជាពលរដ្ឋគ្រប់រូបចូលរួមក្នុងយុទ្ធនាការជាមួយក្រសួងព័ត៌មាន និងតួអង្គពាក់ព័ន្ធទាំងក្នុងវិស័យរដ្ឋ និងឯកជន ដើម្បីរួមគ្នាធានាបរិយាកាសសង្គមឌីជីថលមានសុវត្ថិភាព ការទទួលព័ត៌មានប្រកបដោយគុណភាពសម្រាប់បម្រើដល់ប្រយោជន៍សាធារណៈ ការពារស្ថិរភាពសង្គម និងរួមចំណែកដល់ការអភិវឌ្ឍដោយនិរន្តរភាព។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «យុទ្ធនាការនេះលើកកម្ពស់ការយល់ដឹងប្រជាពលរដ្ឋ ក្នុងសហគមន៍ក្នុងការបង្អាក់ការចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយមិនមានការផ្ទៀងផ្ទាត់ជាមុន ជាពិសេសរបៀបក្នុងការកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយ វិធានការទប់ស្កាត់ការរីកសាយភាយនិងបន្សាប ព័ត៌មានក្លែងក្លាយ ព្រមទាំងបំផុសការបង្កើតទម្លាប់ប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ តាមរយៈការអនុវត្តវិធានការសុវត្ថិភាព ការបង្ការហានិភ័យ និងសកម្មភាពនានាចាំបាច់ក្នុងការធានាសុវត្ថិភាពព័ត៌មានក្នុងសង្គម»៕