(កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំរៀបចំពិធីហែអដ្ឋិធាតុ លោកជំទាវ ច្រឹង គឹមហេន ដែលត្រូវជាភរិយារបស់ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ពីវត្តព្រះពុទ្ធអណ្ដែត ហៅក្តីល្វា ស្ថិតនៅភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់វត្តច័ន្ទបុរីវង្ស ស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីដម្កល់ក្នុងចេតីយ៍រួមគ្នាជាមួយឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។

អញ្ជើញអមដំណើរឧបនាយករដ្ឋមន្ដ្រី នេត សាវឿន នាឱកាសនោះរួមមាន អ្នកតំណាងរាស្ដ្រ, ទេសរដ្ឋមន្ដ្រី, រដ្ឋមន្ដ្រី, រដ្ឋលេខាធិការ និងអភិបាលខេត្ត ព្រមទាំងក្រុមគ្រួសារសាច់ញាតិជាច្រើនរូបទៀត។

សូមបញ្ជាក់ថា ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានទទួលអនិច្ចកម្មកាលពីព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ នាវេលាម៉ោង២៖២៧នាទី ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ គឺជាការបាត់បង់ឪពុក ឪពុកក្មេក និងជីតា ដែលជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅនិងពោរពេញដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ គឺជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូបដែលបានបូជាអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ក្នុងពលិកម្មដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ៕