(មណ្ឌលគិរី)៖ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីសូត្រមន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពលោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពីសំណាក់ សមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក និងមន្រ្តីរាជការនៃរដ្ឋបាលខេត្តជាច្រើនរូបទៀត។
ពិធីសូត្រមន្តនេះដែរ ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះ និងសុំពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុល សុខ បវរមហាប្រសើរជូនដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការក្រោមឱវាទ រដ្ឋបាលខេត្តទាំងអស់ និងសូមឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខ សប្បាយគ្រប់ទីកន្លែង និងឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ។
លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ ដែលបានខិតខំអនុវត្តការងារក្នុងឆ្នាំកន្លងមក ទទួលបានលទ្ធផលល្អប្រសើរ ដែលធ្វើឲ្យខេត្តមណ្ឌលគិរី មានការរីកចម្រើនលើគ្រប់វិស័យ៕